(កំពង់ធំ)៖ លោក សោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការបក្សខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំសហការី រួមជាមួយគណៈកម្មាធិការបក្សស្រុកស្ទោង ឃុំបន្ទាយស្ទោង អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ សមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ចំនួន៣៣៨នាក់ និងបានពិសារនុំបញ្ចុកសាមគ្គីភាពសន្តិភាពរួមគ្នាផងដែរ។
ចំពោះសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជាមួយចំនួន គឺអញ្ជើញមកពីកន្លែងផ្សេងៗ និងមានមកពីអតីតគណបក្ស CNRP ដែលត្រូវបានតុលាការកំពូលរំលាយចោលកាលពី៣ឆ្នាំមុនផងដែរ។ នៅក្នុងកិច្ចសំណេះសំណាលនេះ ក៏មានបំពាក់កន្សែងអនុស្សាវរីយ រួមទាំងពិសារនុំបញ្ចុកសាមគ្គីភាព សន្តិភាព ផ្សាភ្ជាប់មនោសញ្ចេតនាជាគ្រួសារតែមួយរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងបរិវេណវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
ជាមួយគ្នានេះ លោក សោម ស៊ុន បានផ្សព្វផ្សាយអំពីគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះអាយុជីវិតប្រជាជនកម្ពុជា ឲ្យរស់រៀនមានជីវិតជាថ្មីពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានដឹកនាំប្រទេសពីបាតដៃទទេតាំងពីមានសង្គ្រាមស៊ីវិលនៅទូទាំងប្រទេស ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនស្មើមុខ ស្មើមាត់ដូចប្រទេសនានានៅក្នុងតំបន់ និងនៅលើពិភពលោក។
លោក សោម ស៊ុន សំណូមពរដល់សមាជិកគណបក្សប្រជាជនកម្ពុជា ទើបបញ្ចូលថ្មីទាំងអស់ត្រូវអនុវត្តន៍តួរនាទីភារកិច្ច និងសិទ្ធរបស់សមាជិកគណបក្សប្រជាជនកម្ពុជា និងបានអំពាវនាវឲ្យ ប្រជាពលរដ្ឋ និងសមាជិកគណបក្សប្រជាជនកម្ពុជា ទើបបញ្ចូលថ្មីទាំងអស់ត្រូវទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត និងទៅចុះឈ្មោះបោះឆ្នោតថ្មី ដែលអ្នកមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត៕