(ព្រៃវែង)៖ លោក ហ៊ឺ បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រះស្ដេច បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងក្រុមប្រឹក្សាឃុំទាំង ១១ឃុំ រួមជាមួយនឹងនាយកសាលា ទាំង៧១សាលា នៅក្នុងស្រុកព្រះស្ដេច នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០។
លោក ហ៊ឺ បាវី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងក្រុមប្រឹក្សាឃុំទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើការងារអស់ កម្លាំងកាយចិត្ត ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកព្រះស្ដេចនេះ បានយ៉ាងល្អប្រសើរ។
ជាពិសេសនៅក្នុងបរិបទនៃជំងឺកូវីដ១៩ ឃើញថាអាជ្ញាធរឃុំ ស្រុក ទាំងអស់បានខិតខំប្រឹងប្រែងក្នុងការចុះផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមក្នុងការទប់ស្កាត់កុំឲ្យមានការរីករាលដាលឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់ខ្លួន និងបានចុះផ្តល់ជាអំណោយសម្ភារមួយចំនួន ដល់ប្រជាពលរដ្ឋណាដែលគាត់មានជីវភាពខ្វះខាត នៅក្នុងបរិបទនៃជំងឺនេះ។
លោកបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងក្រុមប្រឹក្សាឃុំទាំង ១១ឃុំ ត្រូវបន្តខិតខំពួតដៃគ្នាធ្វើការងារទាំងអស់នេះជាបន្តទៀត ដើម្បីពង្រឹងគុណភាព និងជួយអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ជាលំដាប់។
លោក ហឺ បាវី បាននាំអំណោយមួយចំនួន ចែកជូនដល់រដ្ឋបាលស្រុកព្រះស្តេចផងដែរ រួមមាន៖ ក្រុមប្រឹក្សាស្រុកចំនួន ២៣នាក់ និងក្រុមប្រឹក្សាឃុំចំនួន ៩៥នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ៦កំប៉ុង, អំបិល ១គីឡូ, ទឹកស៊ីអ៊ីវ ២ដប និងថវិកា ៣ម៉ឺនរៀល និងនាយកសាលាទាំង ៧១សាលា ទទួលបានសម្ភារការពារជំងឺកូវីដ១៩ សម្រាប់ប្រើប្រាស់ក្នុងសាលា និងគ្រូបង្រៀនម្នាក់ៗថវិកា ៣ម៉ឺនរៀល។
សូមបញ្ជាក់ផងដែរថា នៅក្នុងឱកាសនៃការចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំទាំង ១១ឃុំនោះ លោកក៏បានចុះពិនិត្យស្ថានភាពការសិក្សារបស់សិស្ស នៅសាលាបឋមសិក្សា ព្រះជីរ៍ធំ ឃុំកំពង់សឹង, សាលាឋមសិក្សាសម្តេចឪ សម្តេចម៉ែ ឃុំល្វា, វិទ្យាល័យហ៊ុន សែន តាគោក និងវិទ្យាល័យប្រមូលព្រហ្ម ហើយក៏បានឧបត្ថម្ភដល់សាលាទាំង ៤សាលាដោយ ១សាលា ចំនួន ៥០ម៉ឺនរៀល សម្រាប់ប្រើប្រាស់ក្នុងសាលានោះផងដែរ៕