(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង២ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរធនធានទឹក កាយប្រឡាយអមវិថីឈ្នះឈ្នះ ចំនួន៣៧ទីតាំង ដែលរងការរំលោភបំពានចាក់ដីលប់ និងដាក់លូតូចៗ ដែលបណ្តាលឲ្យស្ទះទឹក ពេលភ្លៀងធ្លាក់យ៉ាងគំហុក និងហូរចាក់បន្ថែមមកពីស្រុកអង្គស្នូល ខេត្តកណ្តាល និងកំពង់ស្ពឺ ហើយមួយចំណែកទៀត ធ្វើឲ្យកើតមានជំនន់ទឹកភ្លៀងលិចភូមិដ្ឋានប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌពោធិសែនជ័យ រួមទាំងមួយចំណែកនៃផ្លូវជាតិលេខ៤ផងដែរ។
បញ្ជានេះបានធ្វើឡើងក្នុងឱកាសចុះទៅពិនិត្យស្ថានភាពជាក់ស្តែងជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យ និងខណ្ឌកំបូល បែកខាងលិចរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០។
កាលពីយប់ថ្ងៃទី០២ ខែតុលា លោក ឃួង ស្រេង ក៏បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីពាក់ពន្ធ័ ចុះទៅពិនិត្យជាក់ស្តែងនៅទីតាំង ដែលទទួលរងការលិចខ្លាំងដោយជំនន់ទឹកភ្លៀង ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ដោយណែនាំអោយយកគ្រឿងចក្រកាយបើកមុខទឹក ២កន្លែង អមផ្លូវរថភ្លើង ដើម្បីនាំទឹកទៅប្រឡាយត្រពាំងក្រសាំងធ្លាក់ទៅស្ថានីយ៍បូមទឹកទួលសំពៅ។
ជាវិធានការដោះស្រាយរំដោះជំនន់ទឹកភ្លៀងនេះដែរ លោកអភិបាលបានប្រាប់ទៅអាជ្ញាធរដែនដីពាក់ព័ន្ធ ត្រូវពិនិត្យមើលការរំលោភចំណីប្រឡាយនៅផ្លូវឆេកូ ក្នុងខណ្ឌពោធិសែនជ័យ ដែលមានទទឹង៥០ម៉ែត្រនោះ ត្រូវឲ្យប្រជាពលរដ្ឋរុះរើសំណង់ដែលរំលោភនោះចេញឲ្យអស់ ដើម្បីរក្សាស្ថានភាពប្រឡាយដូចដើមវិញ។ អាជ្ញាធរត្រូវតាមដានពីស្ថានភាពនេះជាប់ជាប្រចាំ ធ្វើយ៉ាងណាចាត់វិធានការឲ្យបានទាន់ពេលវេលា ហើយក៏សូមឲ្យប្រជាពលរដ្ឋ មានការយោគយល់ទៅលើផលប៉ះពាល់ ដោយសារតែការជន់លិចដោយជំនន់ទឹកភ្លៀងនេះដែរ។
គួរបញ្ជាក់ថា មានកត្តា៣សំខាន់ៗ ដែលធ្វើឲ្យភូមិសាស្ត្ររាជធានីភ្នំពេញប៉ែកខាងលិចទទួលរងការលិចលង់ខ្លាំងដោយសារជំនន់ទឹកភ្លៀង គឺបរិមាណទឹកភ្លៀងធ្លាក់ខ្លាំងរហូតដល់ ១០៥mm ក្នុងមួយវិនាទី, ផ្ទៃរងទឹកភ្លៀងដែលធ្លាប់តែ ទទួលចែករំលែកទឹកទៅតាមអូរ ប្រឡាយ ឬវាលស្រែនានា ត្រូវបានអភិវឌ្ឍន៍ទៅជាសំណង់លំនៅដ្ឋាន និងមួយចំណែកទៀត មានការចាក់ដីរំលោភប្រឡាយពីប្រជាពលរដ្ឋមួយចំនួន បណ្តាលឲ្យទឹកខ្វះប្រភពដែលត្រូវហូរទៅធ្វើឲ្យចាល់ទឹក មិនអាចហូរទៅណាបានក៏បណ្តាលលិចភូមិសាស្ត្រខាងលើនេះតែម្តង៕