(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមនលោក ថេង សុថុល បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌចំការមន មានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះជំងឺ Covid-19 ដែលកំពុងតែរាតត្បាត និងជាទីព្រួយបារម្មណ៍ ហើយជំងឺនេះមិនទាន់ផុតរលត់ពីលើពិភពលោកនៅឡើយទេ ដូច្នេះបងប្អូនត្រូវបន្តអនុវត្តនូវវិធានការអនាម័យ រស់នៅស្អាត សំអាតដៃឲ្យបានជាប់ជាប្រចាំ ដោយសាប៊ូ អាកុល ឬជែល និងពាក់ម៉ាស់ ការពាររាល់ពេលចេញក្រៅ និងមានការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះខ្លួនយើង និងមនុស្សជាទីស្រលាញ់របស់យើង។

ការអំពាវនាវបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីចែកអំណោយ ជាគ្រឿងឧបភោគ បរិភោគ ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ រស់នៅក្នុងភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០នេះ។

ជាមួយគ្នានោះ លោក ថេង សុថុល រួមទាំងថ្នាក់ដឹកនាំខណ្ឌចំការមន និងរដ្ឋបាលសង្កាត់ទន្លេបាសាក់ បាននាំយកនូវអំណោយមនុស្សធម៌របស់កាកបាទក្រហមសាខាខណ្ឌ ក៏ដូចជាអំណោយមួយចំនួនរបស់បងប្អូនសប្បុរសជន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយបញ្ហាផ្សេងៗ និងមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌចំការមននេះ។

លោកបានលើកឡើងថា ទោះបីជាអំណោយទាំងនេះ មានចំនួនតិចតួចក្តី ប៉ុន្តែវាជាទឹកចិត្តមនុស្សធម៌ ក្នុងការជួយដល់បងប្អូនដែលមានជីវភាពខ្វះខាតអាចដោះស្រាយបានមួយគ្រាដែរ។

លោកអភិបាលខណ្ឌចំការមន បានបន្តទៀតថា ក្រោមម្លប់សន្តិភាព យើងមានឱកាសធ្វើកិច្ចការជាច្រើន ដើម្បីរួមគ្នាកសាងអភិវឌ្ឍន៍ប្រទេស ជាពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់ បងប្អូនប្រជាពលរដ្ឋ ទោះក្នុងកម្រិតណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលតែងតែ បានយកចិត្តទុកដាក់គិតគូជាប់ជានិច្ច លើបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋ មិនថារស់នៅទីក្រុង ឬទីជនបទដាច់ស្រយាលនោះឡើយ។ សន្តិភាពមួយនេះត្រូវតែរួមគ្នាការពារឱ្យស្ថិតនៅគង់វង្សជានិច្ចតទៅ ដើម្បីឲ្យកម្ពុជាក្លាយទៅជាប្រទេសអភិវឌ្ឍន៍នាពេលខាងមុខតាមផែនការ។

បន្ថែមពីនេះ លោកអភិបាលខណ្ឌចំការមន ក៏បានអំពាវនាវជាថ្មីម្ដងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យមានការយកចិត្តទុកដាក់ វេចខ្ចប់សំរាម និងយកសំរាមទៅទុកដាក់ឲ្យបានត្រឹមត្រូវ ព្រោះប៉ុន្មានថ្ងៃមកនេះ ដោយសារមានបញ្ហាដែលត្រូវដោះស្រាយជាមួយបងប្អូនកម្មកររបស់ក្រុមហ៊ុន ស៊ីនទ្រី ធ្វើឲ្យមានសំរាមកកស្ទះជាអន្លើនៅកន្លែងមួយចំនួន ហើយរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងប្រឹងប្រែងយកចិត្តទុកដាក់រួមគ្នា ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ប្រើប្រាស់គ្រប់លទ្ធភាព ដើម្បីប្រមូលសំរាម។

ប៉ុន្តែយ៉ាងណាក៏នៅមានកន្លែងមួយចំនួន មិនទាន់បានប្រមូលដែរ ដោយសារខ្វះខាតឧបករណ៍ ក្នុងការប្រមូលសំរាមទាំងនោះ ដូច្នេះមានតែបងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នាវេចខ្ចប់ ទុកដាក់ឲ្យបានត្រឹមត្រូវ សម្រាប់ឲ្យក្រុមអ្នកប្រមូល មកយកទៅដាក់នៅគំនរសំរាម បើសិនណាជាបងប្អូនបោះចោលសំរាមពាសវាលពាសកាល វានឹងបណ្ដាលឲ្យហូរចូលទៅស្ទះលូទឹក និងបង្កឲ្យប៉ះពាល់ដល់បរិស្ថាន អនាម័យ និងធ្វើឲ្យប៉ះពាល់សុខភាពក្នុងការរស់នៅ ជាពិសេស គឺសោភ័ណភាព រាជធានីភ្នំពេញទាំងមូលផងដែរ៕