(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងប្រាប់ លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មានFresh News ថាចំពោះមេរោគដ៏កាចសាហាវកូវីដ-១៩ ដែលបានឆ្លងរាលដាលដល់ប្រជាពលរដ្ឋអាមេរិកំាងចំនួនជាង៧លាននាក់ និងស្លាប់ជាង២០ម៉ឺននាក់ជាការសោកស្ដាយបំផុត។
ហើយទន្ទឹមនឹងនេះ កាលពីថ្ងៃសុក្រ ទី៩ ខែតុលា កន្លងមក កូវីដ-១៩ ដែលបានឆ្លងដល់បុរសកំពូលរបស់ពិភពលោក គឺប្រធានាធិបតី ដូណាល់ ត្រំា របស់ពួកគេតែម្ដងនេះ! ពុំមែនជារឿងប្រឌិតទេ ពិសេស លោក ត្រំា ផ្ទាល់តែម្ដង ដែលការឆ្លងមេរោគដ៏កាចសាហាវនេះ គឺចំកៀកពេលនឹងកាលបរិច្ឆេទបោះឆ្នោតប្រធានាធិបតី នាថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ ដែលនៅសល់មិនលើសពី១ខែផងនោះ។
លោក រត្ន័ សណ្ដាប់ បន្ដថាក្នុងករណីនេះ បើយើងងាកមកធ្វើការកត់សម្គាល់ចំពោះការឆ្លងមេរោគកូវីដ-១៩ របស់លោកប្រធានាធិបតីនឹងមានឥទ្ធិពលអវិជ្ជមាននោះគឺ៖
ទី១៖ លោកប្រធានាធិបតីអាមេរិកាំងត្រូវគេបញ្ជូនទៅដល់ពេទ្យយោធា ដែលត្រូវបាននៅថែទំាយ៉ាងយកចិត្ដទុកដាក់។ មន្ទីរពេទ្យកំពុងយកចិត្ដទុកដាក់២៤ម៉ោង។ វេជ្ជបណ្ឌិតឯកទេសនឹងមិនអនុញ្ញាតឲ្យលោក ត្រំា ចេញជាសាធារណៈក្នុងពេលដ៏ខ្លីខាងមុខនេះទេ! ។
គ្រាន់តែតម្រូវត្រូវឋិតនៅក្នុងចត្តាទ្បីស័កនោះត្រូវមានរយៈពេល១៤ថ្ងៃទៅហើយ! គឺពុំអាចដើរចេញក្រៅរហេតរហូតធ្វើយុទ្ធនាការបោះឆ្នោតនោះទេ? ម្យ៉ាងវិញទៀត អ្នកបំរើការការងារឃោសនាបោះឆ្នោត អ្នកជំនួយការកំពូលៗ របស់លោក ដូណាល់ ត្រំា មួយចំនួន ក៏ទទួលការឆ្លងកូវីដ-១៩ ដែរ។
ទី២៖ ខាងលើនេះ ជាផលវិជ្ជមានមួយ បើនិយាយសាមញ្ញជាអំណោយផលមិនបាច់ខំប្រឹង ដែលបានផ្តល់ដល់ខាងបេក្ខជន លោក ចូ បៃដិន (Joe Biden) ខាងគណបក្សប្រជាធិបតេយ្យរួចស្រេចទៅហើយ ដែលពេលនេះអាចថាគាត់នឹងជិះសេះលែងដៃ គ្មានគូរប្រគួត ចង់ហោះហើរទៅឃោសនាទីណា រដ្ឋណាក៏ដោយ។
ទន្ទឹមនឹងនេះ វិសាលភាពនៃទឹកចិត្ដនៃការគំាទ្រពីសំណាក់នៃអ្នកបោះឆ្នោត ពិតជាចុះថមថយ ក្រោយពេលដែល លោក ត្រំា បានចូលរួមក្នុងវេទិកាដេញដោលជាមួយលោក ចូ បៃ ដិន កាលពីចុងខែកញ្ញា ដែលលោក ត្រំា បានបញ្ចោញកាយវិកាយយ៉ាងក្រអើតក្រទម ដោយមិនស្ដាប់អាជ្ញាកណ្ដាល មិនគ្រាន់តែមិនពាក់ម៉ាសប៉ុណ្ណោះទេ បានទំាងចំអកឲ្យបេក្ខជនប្រឆំាង ថាកំសាក ពាក់ម៉ាសដូចជាខ្លាចពេក ដែលជាលទ្ធផលទាន់ហន់ជាក់ស្ដែង គាត់ត្រូវឆ្លងមេរោគ! នេះបានបង្ហាញភាពអវិជ្ជមានយ៉ាងខ្លំាង ចំពោះអ្នកមើលទូរទស្សន៍រាប់សិបលាននាក់ ឲ្យគេវាយតម្លៃបន្ទាបនូវឫកពាររបស់គាត់។
ទី៣៖ ទាក់ទងនឹងរឿងកូវីដ-១៩ នេះដែរ លោក ត្រំា មិនបានយកចិត្ដទុកដាក់នឹងយោបល់របស់មន្រ្ដីជាន់ខ្ពស់របស់គាត់ ដែលជាប្រធានទទួលបន្ទុកកិច្ចការមេរោគឆ្លងកូវីដ-១៩ នោះទេក្នុងរឿងនេះ មតិសាធារណៈគេនំាគ្នាចោទ គឺដោយសារគាត់មកពីគណបក្សប្រជាធិបតេយ្យ។
គេចោទទៀត ថាអីចឹងហើយបានជានយោបាយនិងវិធាការណ៍គ្រប់គ្រងសភាពការណ៍ទប់ទល់នឹងកូវីដ-១៩ ពុំមានប្រសិទ្ធិភាព ឬក៏ទទួលបានប្រសិទ្ធិភាពកម្រិតទាប។ បញ្ហាចម្រូងចម្រាសដូចបានរៀបរាប់ខាងលើ គេអាចសន្និដា្ឋនបានថា ប្រជាប្រិយភាពលោក ត្រំា នឹងស្រុតចុះនៅចំពោះមុខគូរបក្ខដិបក្ខ គឺ លោក ចូ បៃដិន។
លោក រត្ន័ សណ្ដាប់ បានគូសបញ្ជាក់ថា ទន្ទឹមនឹងការឆ្លងមេរោគកូវីដ-១៩ របស់លោក ត្រំា មានមតិជាច្រើនគេចោទសួរថា ចុះបើលោក ត្រំា ងើបមិនរួចទៅវិញ ឬត្រូវការព្យាបាលពិសេស រហូតដល់លែងដឹងខ្លួន តើអាមេរិកមានច្បាប់ត្រៀមទេ?
ក្នុងបរិបទនេះ ច្បាប់រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក បានចែងច្បាស់ណាស់គឺ លោក ត្រំា មានភារកិច្ចផ្ទេរតំណែងប្រធានាធិបតី ជូនទៅអនុប្រធានាធិបតីភ្លាមៗ ស្បថកាន់តំណែងភ្លាមៗ ទោះបីជាមានរយៈពេលខ្លី ២ឬ៣ម៉ោងក៏ដោយ។
ដូច្នេះចំពោះសភាពការណ៍បច្ចុប្បន្នរបស់លោក ត្រំា ប្រសិនបើគាត់ត្រូវការចូលបន្ទប់វះកាត់ លេងដឹងខ្លួន គឺត្រូវចំាបាច់ធ្វើពិធីផ្ទេរតំណេងជូនលោកអនុប្រធានាធិបតី ម៉ៃឃ៍ ផេនស៍(Mike Pence ) ជាបន្ទាន់ដើម្បីគាត់ដឹកនំាប្រទេស។
ឧទាហរណ៍ថែមទៀត ប្រសិនបើលោក ម៉ៃឃ៍ ផេនស៍ ដោយប្រការណាមួយអសមត្ថភាពនឹងការដឹកនំាក្នុងតំណែងប្រធានាធិបតី តំណែងប្រថានាធិបតីនេះត្រូវផ្ទេរជូនប្រធានសភាតំណាងរាស្រ្ដ ដែលបច្ចុប្បន្នគឺ លោកស្រី ណាន់ស៊ី ប៉េទ្បូស៊ី (Nancy Pelosi) ខាងគណបក្សប្រជាធិបតេយ្យ។
ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ បញ្ជាក់ទៀតថាចំពោះសហរដ្ឋអាមេរិកបើនិយាយពីមេដឹកនំានយោបាយ កំពុងធ្លាក់ក្នុងស្ថានភាពវឹកវរដូចបច្ចុប្បន្ននេះ គឺពុំធ្លាប់ជួបប្រទះទេក្នុងប្រវត្ដិសាស្រ្ដបោះឆ្នោតសហរដ្ឋអាមេរិក។
បើដូច្នេះត្រង់ចំណុចនេះ យើងអាចធ្វើការសន្និដ្ឋានបាន២ ចំណុច៖
១៖ ពិភពលោកបច្ចុប្បន្ន ពិសេសសហរដ្ឋអាមេរិក កំពុងជួបប្រទះនឹងការឆ្លងមេរោគ កូវីដ-១៩ យ៉ាងសាហាវបំផុត ដែលមិនអាចធ្វេសប្រហែសបាន ទោះជាអ្នកមានអំណាចផុតលេខ ឋានៈផុតលេខក៏ដោយ តែធ្វេសប្រហែសគឺត្រូវឆ្លង ដែលចំាបាច់ត្រូវមានវិធានការការពារ នឹងព្យាបាលប្រកបដោយប្រសិទ្ធិភាព។
២៖ យើងអាចនិយាយបានថា ដំណើរការបោះឆ្នោតនៅសហរដ្ឋអាមេរិកបច្ចុប្បន្ន បាន បណ្ដោយឲ្យគូរបដិបក្ខនៃគណបក្សប្រជាធិបតេយ្យជិះសេះលែងដៃតែម្ដង ត្រង់ថាតើប្រជាពលរដ្ឋបោះឆ្នោត ឲ្យអ្នកណាកាន់តំណែងជាប្រធានាធិបតីបន្ដអាណត្ដិ ចាប់ពីដើមឆ្នំា២០២១នោះ គឺត្រូវរងចំាលទ្ធផលក្រោយការបោះឆ្នោតនាពេលរាត្រីថ្ងៃទី៣វិច្ឆិកាសិន៕