(កណ្ដាល)៖ វត្តស្អាងភ្នំ ទទួលបានបច្ច័យប្រមាណជាង ៣៥,០០០ដុល្លារ ជាមួយនឹងការទទួលអង្គកឋិនពីលោក ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ និងលោកស្រី ហ៊ុន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងការបរទេស ព្រមទាំងលោក យុន ប៊ុនលី និងលោកស្រី ហៀវ លន់។
វត្តស្អាងភ្នំ ជាវត្តដ៏ល្បីឈ្មោះមួយដែលមានទីតាំងស្ថិតនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
លោក ស៊ាង ប៊ុនលាង បានផ្ដាំផ្ញើដល់ប្រជាពុទ្ធបរិស័ទជិត ២ពាន់នាក់ ដែលចូលរួមអង្គកឋិនទាននេះថា «អរគុណសន្តិភាព» អរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនឡើងទៅមុខជាលំដាប់តាំងពីបាតដៃទទេ។
លោកក៏អំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ សូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជន ព្រោះទីណាមានទុក្ខលំបាក ទីនោះតែងតែមានមន្ត្រីគណបក្សប្រជាជនចុះជួយដល់ទីលំនៅដ្ឋានភ្លាមៗតែម្ដង ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
លោកក៏បានប្រាប់ពលរដ្ឋទាំងអស់ផងដែរអំពីការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ដ្បិតរាជរដ្ឋាបាលកម្ពុជាបានការពារបានល្អមែន ប៉ុន្តែពលរដ្ឋទាំងអស់ក៏សូមមានការប្រុង ប្រយ័ត្នខ្ពស់ចំពោះជំងឺនេះ ហើយសូមចូលរួមអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា ។
ស្ថិតនៅក្នុងឱកាសនេះដែរ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សសាលា និងពុទ្ធបរិស័ទទាំងអស់ទាំងជាង ២ពាន់នាក់ ទទួលបានប្រាក់ឧបត្ថម្ភសម្លៀកបំពាក់ និងសារុងគ្រប់គ្រប់គ្នាផងដែរ៕