(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា មានព្រះបន្ទូលថា ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាមាគ៌ាដ៏សំខាន់ចាំបាច់សម្រាប់ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការប្រើប្រាស់ជាឧត្តមប្រយោជន៍។

តាមរយៈព្រះរាជសារមួយច្បាប់ ដែលព្រះអង្គបានប្រទានសម្រាប់ការបើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់មានបន្ទូលយ៉ាងដូច្នេះថា «ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាមាគ៌ាដ៏សំខាន់ចាំបាច់សម្រាប់ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការប្រើប្រាស់ជាឧត្តមប្រយោជន៍ក្នុងសកម្មភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលស្របទៅតាមសភាពជាក់ស្តែង និងសកលភាវូបនីយកម្ម»

បើតាមព្រះរាជសារ, ព្រះរាជាមានបន្ទូលទៀតថា ក្រៅពីការតាក់តែងច្បាប់ ថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការជំនាញទី១០ នៃរដ្ឋសភា ព្រមទាំងសមាជិកសមាជិការដ្ឋសភា បានបំពេញនូវភារកិច្ចស្នូលរបស់ខ្លួនតាមមណ្ឌលដែលខ្លួនទទួលខុសត្រូវ ដើម្បីពិនិត្យតាមដាននូវប្រសិទ្ធភាពក្នុងការប្រតិបត្តិតួនាទីរបស់រាជរដ្ឋាភិបាល។ ក្នុងនោះដែរ សកម្មភាពសហការគ្នាយ៉ាងស្អិតរមួតរវាងរដ្ឋសភា និងរាជរដ្ឋាភិបាលលើកិច្ចគាំពារសុខភាពសង្គម កំពុងត្រូវបានលើកស្ទួយយ៉ាងសកម្មគួរឲ្យកត់សម្គាល់ ដោយបានបង្កើតឲ្យមានកម្មវិធីជំនួយសង្គមជាច្រើន សំដៅផ្ដល់ជូនប្រជាពលរដ្ឋនូវអត្ថប្រយោជន៍ប្រកបដោយសមធម៌ និងប្រសិទ្ធភាព។

ព្រះមហាក្សត្រថែមទាំងបានកោតសរសើរ និងអរគុណដល់ជ្រាលជ្រៅចំពោះសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងអនុប្រធានទី១រដ្ឋសភា អនុប្រធានទី២ រដ្ឋសភាប្រធានគណៈកម្មការ និងសមាជិកសមាជិកានៃរដ្ឋសភាទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់នានា ដែលច្បាប់ទាំងនេះបានគ្របដណ្ដប់លើវិស័យសំខាន់ៗដែលដឹកនាំដោយរាជរដ្ឋាភិបាល ក៏ដូចជាការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងអន្តរជាតិ។

បន្ថែមលើនេះ ព្រះមហាក្សត្របានកោតសរសើរយ៉ាងក្រៃលែងចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាមគ្គទេសក៍ដឹកនាំប្រទេសប្រកបដោយភាពឈ្លាសវៃ ប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិដ៏ត្រឹមត្រូវ ទប់ស្កាត់បាននូវអតិផរណាដែលជាខឿនសេដ្ឋកិច្ចដ៏រឹងមាំ ធានាបានស្ថិរភាពឯករាជ្យ និងអធិបតេយ្យភាពជាតិ ដោយទទួលបានសមិទ្ធផលល្អៗជាច្រើនជូនដល់ប្រជាពលរដ្ឋបានរស់នៅប្រកបដោយសេចក្តីសុខ សន្តិភាព និងសុខដុមរមនា៕