(បន្ទាយមានជ័យ)៖ ផ្ទះប្រជាពលរដ្ឋខ្មែរជាច្រើនខ្នងនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរងនៅការលិចលង់ដោយទឹកជំនន់ធ្លាក់មកពីប្រទេសថៃ និងទឹកភ្លៀង គិតត្រឹមល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០។
ប្រឈមនឹងគ្រោះធម្មជាតិមួយនេះ កម្លាំងយោធារបស់អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះជួយសង្គ្រោះភ្លាមៗនៅក្នុងភូមិវត្តចាស់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដោយបានសង្គ្រោះដឹកជញ្ជូនទាំងសម្ភារ និងជម្លៀសពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពទាន់ពេលវេលាចំនួន២៨គ្រួសារ។
លោកវរសេនីយ៍ត្រី ប្លង់ ហឿប មេបញ្ជាការស្តីទីវរសេនាតូចថ្មើរជើងលេខ៥១៣ របស់កងពលតូចថ្មើរជើងលេខ៥១ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ថា នៅភូមិវត្តចាស់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ មានប្រជាពលរដ្ឋជាច្រើនគ្រួសារ រងគ្រោះដោយទឹកធ្លាក់មកពីប្រទេសថៃ និងទឹកភ្លៀងបណ្តាលឲ្យជន់លិច ផ្ទះរបស់ពួកគាត់។
ភ្លាមៗលោកបានដឹកនាំកម្លាំងចំនួន៣៥នាក់ មានរថយន្តតូច ២គ្រឿង សហការជាមួយកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន ចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ។
លោកបានបញ្ជាក់ទៀតថា កម្លាំងប្រដាប់អាវុធទាំង៣ រួមមាន នគរបាល អាវុធហត្ថ និងយោធា មានភារកិច្ចបន្ថែមពីការងារស្នូល គឺជួយដល់ការងារសង្គម ដូចជាចុះជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ មានជំនន់ទឹកភ្លៀងជាដើម។
លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពេលមានទឹកជំនន់ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះជាដើមផងដែរ៕