(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងនាយឧត្ដមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងាររបស់អាជ្ញាធរមីន ប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ ដែលកិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តីបានណែនាំឲ្យថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីនទាំងអស់ ត្រូវប្រកាន់យកគោលការណ៍ ៥ ចំណុច ដើម្បីពង្រឹងប្រសិទ្ធភាពការងារ នៅក្នុងស្ថាប័ន៖
* យកចិត្តទុកដាក់ខ្ពស់ ពោរពេញដោយក្តីគោរពស្រឡាញ់
* ផ្តល់ភាពជឿទុកចិត្តបាន
* មានការប្តេជ្ញាចិត្តខ្ពស់ ចំពោះគុណតម្លៃ គោលដៅ និងស្តង់ដាររបស់យើង
* ធ្វើការជាប្រចាំ
* ឲ្យមានភាពក្លាហាន ចំពោះអ្វីដែលបានធ្វើ ផែនការរបស់យើង និងជម្នះនូវអ្វីដែលយើងមិនចង់ធ្វើ។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ ថែមទាំងបានជំរុញឲ្យថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីនទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ និងលើកកម្ពស់ប្រសិទ្ធភាពការងារ ដោយត្រូវកំណត់ឲ្យបានច្បាស់នូវការងារណាជាការងារអាទិភាព និងជាស្នូលរបស់នាយកដ្ឋាននីមួយៗ។ លោកបានបន្តជំរុញឲ្យមានការលើកកម្ពស់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងថ្នាក់ជាតិ ក្រោមជាតិ ដៃគូ ប្រតិបត្តិករជាតិ-អន្តរជាតិ និងស្ថាប័នជាតិ-អន្តរជាតិ ផងដែរ។
លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានរាយការណ៍អំពីវឌ្ឍនភាពការងាររបស់អាជ្ញាធរមីនប្រចាំត្រីមាសទី៣ រួមទាំងការអនុវត្តគម្រោងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ដូចជា៖ គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល, NPA-DFID, UNICEF, Peaceland Foundation, និង HDR& D។
នាយឧត្ដមសេនីយ៍ សែម សុវណ្ណនី បានកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិក អាជ្ញាធរមីន ចំពោះលទ្ធផលការងារដែលបានសម្រេច នាពេលកន្លងមក។
នាយឧត្ដមសេនីយ៍ បានណែនាំឲ្យថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក អាជ្ញាធរមីន ដូចខាងក្រោម៖
* បន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ការពារសុខសន្តិភាព និងការពារ សម្តេចតេជោ ដែលជាស្ថាបនិក និងជាបិតាសន្តិភាព
* រួមគ្នាតម្កល់ផលប្រយោជន៍ជាតិជាធំ និងធ្វើឲ្យស្ថាប័នអាជ្ញាធរមីន មានទំនើបនីយកម្ម
* ធ្វើការដោយអនុវត្តន៍តាមតួអង្គ ចំនួន ៥ រួមមាន៖ រាជរដ្ឋាភិបាល អាជ្ញាធរមីន អគ្គលេខាធិការ នាយកដ្ឋាន និងមន្ត្រី បុគ្គលិក
* ប្រមូលផ្ដុំគ្នា ដើម្បីបញ្ចប់ការងារដែលនៅសេសសល់ នៅឆ្នាំ២០២០
* ត្រៀមរៀបចំរបាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ ៥ ឆ្នាំ
* បន្តយកចិត្តទុកដាក់ លើមន្រ្តី បុគ្គលិកចាស់ជារៀមច្បង
* ធ្វើការកែលម្អការងារមួយចំនួន៕