(បន្ទាយមានជ័យ)៖ នៅយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ មានព្រះសង្ឈ១អង្គ និងមនុស្ស២នាក់ទៀត ត្រូវបានពស់ចឹកនៅកន្លែងផ្សេងៗគ្នា ប៉ុន្តែសំណាងល្អមិនមានការប៉ះពាល់ដល់អាយុជីវិតឡើយ ដោយសារជនរងគ្រោះត្រូវបាននាំទៅកាន់មន្ទីរពេទ្យស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំង ៣អង្គ/នាក់នោះ រួមមាន៖
* ព្រះតេជគុណព្រះនាម ចាន់ មករា ព្រះជន្ម១៨ វស្សា គង់នៅវត្តជប់វារី។ ព្រះអង្គ ចូលដល់មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ នៅម៉ោង ១៨៖១៣នាទី ដោយព្រះតេជគុណត្រូវពស់ចឹកនៅត្រង់មេជើង និងម្រាមជើងស្តាំ នៅពេលនិមន្តចុះពីកុដិ តែមិនស្គាល់ប្រភេទពស់ចឹកទេ។
តាមការពិនិត្យ និងតាមធ្វើការសន្និដ្ឋានរបស់គ្រូពេទ្យ ពស់នោះប្រហែលគ្មានពិសទេ ខណៈសុខភាពព្រះសង្ឃ មានភាពធូរស្បើយជាធម្មតា។
* ឈ្មោះ មាឌ សុវត្ថិ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិ ជប់វ៉ារី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ។ លោកចូលមកដល់មន្ទីរពេទ្យព្រះនេត្រព្រះ នៅម៉ោង ១៨៖៤៥នាទី ដោយលោកត្រូវពស់ចឹកត្រង់ជើងឆ្វេង នៅពេលទៅចាប់សត្វកណ្តូប នៅវាលស្រែចំណុចពាមស្រមោច ហើយសាម៉ីខ្លួនមិនស្គាល់ប្រភេទពស់ចឹកទេ។
តាមការពិនិត្យ ឃើញមានសញ្ញាដូចជាហើម នៅកន្លែងខាំ និងឈឺកន្លែងខាំ មិនមានហូរឈាមកន្លែងខាំ និងវិបត្តិប្រពន្ធ័ប្រសាទទេ។ ការធ្វើតេស្ត ឈាមកក ឃើញថា ឈាមមិនកកទេ ហើយជាការសន្និដ្ឋាន របស់ក្រុមគ្រូពេទ្យតាមរោគសញ្ញាជាពស់ជាប្រភេទ ពស់មានពិសដូចជា ពស់ស្រកាចាស់ ឬខៀវជាដើម។ ជនរងគ្រោះរូបនេះ ត្រូវបានប្រើប្រាស់ Vaccin ពួក Hematopolly valentines ចាក់អស់ ០៤ដប ហើយចំពោស្ថានភាពគាត់ គឺមានសភាពធូរស្រាលជាធម្មតា។
* ឈ្មោះ សំ លីង ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិសលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ។ លោកចូលមកដល់មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ នៅម៉ោង ២០៖០០នាទី ដោយត្រូវពស់ចឹកចំជើងខាងឆ្វេង នៅពេលបញ្ចូលទឹកក្នុងវាលស្រែ។ លោកមិនស្គាល់ប្រភេទពស់ចឹកទេ ហើយតាមការពិនិត្យនៅពេលចូលមកពេទ្យ ឃើញមានរោគសញ្ញា សំខាន់ៗគឺពិបាកដកដង្ហើម ងងុយដេក ទន់ត្របកភ្នែក ទន់ដៃជើង ឈឺពោះ ហើម និងជាំកន្លែងខាំ។
ជាការសន្និដ្ឋាន របស់ក្រុមគ្រូពេទ្យជាករណីពស់មានពិសដូចជាពស់ពស់វែក ឬពស់វែកស្រង៉ែ ឬពស់វែកក្របីជាដើម ដោយត្រូវប្រើប្រាស់ Vaccin Neuro-pollyvallent អស់១០ដប និងបន្ទាប់ពីមានភាពធូរស្រាលខ្លះ បានបញ្ជូនមកធ្វើការសង្គ្រោះ និងតាមដានបន្ត នៅមន្ទីរពេទ្យខេត្ត មិត្តភាព-ជប៉ុនមង្គលបូរី។ ចំពោះស្ថានភាព បានធូរស្រាល និងអាចហូបបបរបាន និងកំពុងបន្តការតាមដាន។
លោក ឡេច័ន្ទ សង្វាត បានធ្វើការអំពាវនាវ និងសំណូមពរ ចំពោះប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្ន ក្នុងការដើរពេលយប់ពិសេសមុខរបរចាប់កណ្តូប ចង្រិត នៅពេលយប់ ក្នុងព្រៃ ឬមានស្មៅស៊ុបទ្រុប ត្រូវប្រុងប្រយត្ន័ខ្ពស់ និងករណីមានពស់ចឹក ត្រូវប្រញាប់បញ្ជូនមកកាន់មន្ទីរពេទ្យ ដែលនៅជិតផ្ទះឲ្យបានលឿនជាទីបំផុតដើម្បីសង្រ្គោះ។ លោកថា មានតែមន្ទីរពេទ្យរដ្ឋទេ ទើបមានគ្រូពេទ្យដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ ពិសេសមានវ៉ាក់សាំងពស់ចឹក ដើម្បីផ្តល់ការព្យាបាល និងសង្រ្គោះបាន៕