(ភ្នំពេញ)៖ ថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានរំលឹកនូវអ្វីដែលជាឆន្ទៈ និងភាពចាស់ទុំ នៃការដឹកនាំរបស់គណបក្សប្រជាជន បានបញ្ជាក់ថា «ខណៈដែលជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រងការប៉ះពាល់មិនមានគណបក្សណាផ្សេង ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋនោះទេ»។
ការលើកឡើងនេះ បានឆ្លុះបង្ហាញពីការយកចិត្តទុកដាក់ និងភាពទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងផលប៉ះពាល់ នៃវិបត្តិកូវីដ-១៩ ទាំងលើផ្នែកសុខភាពសាធារណៈ ទាំងផ្នែកសេដ្ឋកិច្ច ជាពិសេសលើការរៀបចំកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល សម្រាប់ជួយដល់ប្រជាពលរដ្ឋ (បុគ្គលិក ផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច កម្មករ កម្មការិនី) ដែលបានបាត់បងចំណូល ប្រចាំខែរបស់ខ្លួន ដោយសារវិបត្តិកូវីដ-១៩ និងការផ្តល់សាច់ប្រាក់ឧបត្ថម្ភ ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលគិតមកដល់ពេលនេះបានជាង៦៣១,០០១គ្រួសារ។
ទន្ទឹមនេះ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ភាពជោគជ័យមកដល់ថ្ងៃនេះ អាចកើតមានឡើងដោយសាររាជរដ្ឋាភិបាល មានការចូលរួមគាំទ្រពីគ្រប់ភាគីទាំងអស់។ ឆ្លៀតក្នុងឱកាសនេះ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់មន្ត្រីរាជការទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានខិតខំពុះពារអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនេះ ក្នុងនោះ៖
*ទី១៖ ក្រសួងសុខាភិបាល លោកគ្រូ អ្នកគ្រូពេទ្យ ដែលជាអ្នកឈរនៅបន្ទាត់ទី១ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
*ទី២៖ លោកគ្រូ អ្នកគ្រូ ដែលបានចូលរួមអនុវត្តដោយឆន្ទៈ តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងការបន្តអប់រំ បណ្តុះបណ្តាលធនធានរបស់កម្ពុជា
*ទី៣៖ អាជ្ញាធរដែនដីគ្រប់ទី ទាំងដែលបានគ្រប់គ្រងសណ្តាប់ធ្នាប់ និងសម្របសម្រួលចរាចរណ៍ ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរប្រកបដោយសុខ សុវត្ថិភាព និងរីករាយក្នុងក្រុមគ្រួសារ នាឱកាសថ្ងៃសម្រាកសងចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ
*ទី៤៖ កងកម្លាំងប្រដាប់អាវុធគ្រប់ទិសទី ក្នុងនោះកងកម្លាំង ដែលនៅតាមបន្ទាត់ព្រំដែន
*ទី៥៖ ប្រជាពលរដ្ឋដែលបន្តជឿជាក់ និងចូលរួមសហការគាំទ្រ អនុវត្តស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។
ជាចុងក្រោយ លោក ហ៊ុន ម៉ានី បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តជឿជាក់លើ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដោយក្នុងនោះលោកបានសង្កត់ធ្ងន់ថា «មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានភាពចាស់ទុំ មានភាពទទួលខុសត្រូវខ្ពស់ មានបទពិសោធន៍ មានចក្ខុវិស័យវែងឆ្ងាយ មានគោលនយោបាយច្បាស់លាស់ ដោយដាក់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនជាចម្បង និងមានធនធានគ្រប់គ្រាន់ ក្នុងការអនុវត្តការងារ ហើយតែងតែនៅជាប់ជាមួយប្រជាជនគ្រប់កាលៈទេសៈទាំងអស់ និងបន្តរួមដំណើរទៅមុខជាមួយគ្នា នាំកម្ពុជាឆ្ពោះទៅវិបុលភាព ក្នុងនាមប្រជាជាតិតែមួយ»៕