(ស្វាយរៀង)៖ បុរសម្នាក់ដោយសារជិះម៉ូតូលឿនពេកចាប់ហ្វ្រាំងមិនជាប់ បានធ្លាក់ចូលក្នុងការដ្ឋានសាងសង់ស្ពាន បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ នៅលើផ្លូវប្រឡាយមេ១ខ្សែ ត្រង់ចំណុចភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល។

សមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សូ វ៉េត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអណ្ដូងក្រសាំង ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង (ស្លាប់) ជិះម៉ូតូម៉ាកហុងដា១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០០៧ ស្លាកលេខកំពង់ឆ្នាំង 1A 4026 បានជិះម៉ូតូធ្លាក់ចូលក្នុងការដ្ឋានសាងសង់ស្ពាន។

សមត្ថកិច្ចបានបញ្ជាក់ថា បុរសដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្ដាលមកពីបើកបរលឿនពេកចាប់ហ្វ្រាំងមិនជាប់ ក៏ធ្លាក់ចូលក្នុងការដ្ឋានបណ្ដាលឱ្យស្លាប់តែម្ដង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូក្រុមគ្រួសារ សំណូមពរ យកទៅជួសជុលដើម្បីប្រើប្រាស់វិញ៕