(កណ្តាល)៖ ដោយមានសទ្ធាជ្រះថ្លា ចំពោះព្រះពុទ្ធសាសនា និងតាមសំណូមពររបស់ព្រះគ្រូចៅអធិការ គណៈកម្មការ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទចំណុះជើងវត្ត នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០នេះ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋាន ស្រុកមុខកំពូល និងលោកជំទាវ រួមជាមួយសហការី មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃស្រុកមុខកំពូល និងបងប្អូនប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទ ចំណុះជើងវត្ត បានដង្ហែអង្គកឋិនទាន ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅក្នុងពុទ្ធសីមាវត្តរតនៈបុប្ផារាម ហៅវត្តព្រែកអញ្ចាញ ស្ថិតនៅក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
អង្គកឋិនទានសាមគ្គីនេះ ប្រមូលបច្ច័យបានប្រមាណជិត ១៧០លានរៀល សម្រាប់ប្រើប្រាស់ក្នុងការកសាងសមិទ្ធផលផ្សេងៗ នៅក្នុងវត្តទៅតាមពុទ្ធានុញ្ញាត ពិសេសសម្រាប់ប្រើប្រាស់ ក្នុងការអភិវឌ្ឍដីរបស់វត្តមួយកន្លែង ស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ ដើម្បីចាក់ដីរៀបចំទីធ្លា របង សួនច្បារ និងសាងសង់សំណង់មួយចំនួនទៀត ប្រែក្លាយដីនេះឱ្យក្លាយទៅកន្លែង សម្រាប់លំហែកំសាន្ត សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋទូទៅ ពិសេសដើម្បីបងប្អូនមានកន្លែងសមរម្យ សម្រាប់ប្រារព្វពិធីបុណ្យទានផ្សេងៗ។
គួរបញ្ជាក់ដែរថា កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមក តាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយ មានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណា ក៏បានតាមចិត្តចង់នោះឡើយ។ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ ១ខែគត់ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក៕