(មណ្ឌលគិរី)៖ «ដែនជម្រកសត្វព្រៃកែវសីមាមិនត្រឹមតែជាដែនជម្រកសត្វព្រៃដែលមានព្រៃស្រោងនិងអាចលក់ឥណទានកាបូននោះទេ តែជាតំបន់ការពារធម្មជាតិមានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វព្រៃ និងជីវៈចម្រុះជាច្រើនទៀត»។
នេះគឺជាការឱ្យដឹង របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានធ្វើឡើងនៅក្នុងអំលុងពេលដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នក សារព័ត៌មានជិត ២០ស្ថាប័ន ចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការអនុវត្តគម្រោងរេដបូកលក់ឥណទាន កាបូននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី រយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។
ពាក់ព័ន្ធនឹងចំណ្ចពិសេសនេះដែរ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងបរិស្ថាន បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមសហការគ្នា ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃដែលមាន នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។
លោក នេត្រ ភក្ត្រា បានថ្លែងថា ជាមួយប្រភេទសត្វ រុក្ខជាតិ និងបុចផសិត (fungi species) ចំនួន ៩៥៩ប្រភេទ ដែលជារបកគំឃើញនៃការសិក្សាស្រាវជ្រាវនិងបានកត់ត្រាដោយក្រុមសិក្សាស្រាវជ្រាវរបស់អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) និងមន្ត្រីគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមានាពេលថ្មីៗនេះ បានធ្វើឱ្យដែនជម្រកសត្វព្រៃកែវសីមា ក្លាយជាតំបន់ការពារធម្មជាតិមួយដែលមានធនធានជីវៈចម្រុះសម្បូណ៌បែបជាង គេក្នុងចំណោមតំបន់ការពារធម្មជាតិផ្សេងទៀត ក្នុងប្រទេសកម្ពុជា។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានឱ្យដឹងថា ដែនជម្រកសត្វព្រៃកែវសីមា មានសារៈសំខាន់កម្រិតអន្តរជាតិ ក្នុងការអភិរក្សសត្វដំរីអាស៊ី សត្វពានរ រួមមាន ទោចថ្ពាល់លឿង ស្វាកន្ទុយស ប្រភេទមាំសាសី និងប្រភេទសត្វស្លាបជាច្រើនប្រភេទដែលប្រភេទសត្វ និងរុក្ខជាតិ ៧៥ប្រភេទ ជាប្រភេទរងការគំរាមកំហែងស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។
នៅក្នុងកំលុងពេលធ្វើទស្សនកិច្ចនៅក្នុងសហគមន៍អណ្តូងក្រឡឹង ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលជាតំបន់ជម្រកសត្វស្វាកន្ទុយស និងទោចថ្ពាល់លឿង ប្រតិភូក្រសួងបរិស្ថាន និងអ្នកសារព័ត៌មានបានឃើញវត្តមានសត្វស្វាកន្ទុយសជាច្រើននៅក្នុងតំបន់ព្រៃស្រោង។
លោក នេត្រ ភក្ត្រា បានបង្ហាញពីមោទនភាពដែលកម្ពុជាសម្បូណ៌ដោយជីវៈចម្រុះគ្រប់ប្រភេទដែលក្នុងនោះប្រភេទសត្វកម្រមួយចំនួនដែលបាន និងកំពុងជិតផុតពូជ និងប្រភេទសត្វងាយរងគ្រោះបំផុតរបស់ពិភពលោកត្រូវបានរកឃើញថាមានវត្តមាន នៅក្នុងតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានឱ្យដឹងថា យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវដោយអង្គការសមាគមអភិរក្សសត្វព្រៃ ប្រចាំកម្ពុជា ស្ថិតិសត្វស្វាកន្ទុយស ដែលមាន វត្តមាននៅក្នុងប្រទេសកម្ពុជា មានចំនួនប្រមាណជាង ២០,០០០ក្បាល ហើយភាគច្រើនមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយសត្វទោចថ្ពាល់លឿង មានចំនួនប្រមាណ ១២០០ក្បាល។
«សត្វព្រៃទាំងនេះ គឺជាសម្បត្តិធម្មជាតិដែលមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសកម្ពុជា និងមានតម្លៃបំផុតសម្រាប់ការអភិរក្សជីវៈចម្រុះរបស់ពិភពលោក»។ នេះគឺជាការគូសបញ្ជាក់បន្ថែមរបស់រដ្ឋលេខា ធិការក្រសួងបរិស្ថាន។
បន្ថែមពីនេះក្រសួងបរិស្ថាន ក៏បានជំរុញឱ្យកម្លាំងសមត្ថកិច្ចពាក់ព័ន្ធរួមមានមន្ត្រីឧទ្យានុរក្ស អង្គការដៃគូ និងអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សា និងការពារអភិរក្សសត្វព្រៃកម្រទាំងអស់នេះឱ្យបាន ជាពិសេសទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់បំផ្លិចបំផ្លាញព្រៃឈើ និងបង្ក្រាបការទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ដែលសកម្មភាពទាំងនេះបានបំផ្លិចបំផ្លាញជម្រកដ៏សុខសាន្តរបស់សត្វព្រៃ និងជីវៈចម្រុះ ផ្សេងទៀត។
លោក នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងដូច្នេះថាថា៖ «ការការពារបានព្រៃឈើ មិនត្រឹមការពារបានប្រព័ន្ធអេកូឡូស៊ីទេ តែយើងអាចលក់ឥណទានកាបូន ដើម្បីបានថវិកាមកពង្រឹងការងារអភិរក្ស និងអភិរក្សសហគមន៍មូលដ្ឋាន ហើយការថែរក្សាបាននូវសត្វព្រៃគ្រប់ប្រភេទនឹងផ្តល់ចំណូលតាមរយៈទេសចរណ៍ធម្មជាតិ»។
ទន្ទឹមនឹងនេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជានិងលោករដ្ឋមន្ត្រី សាយ សំអាល់ លោកបានអរគុណដល់អង្គការដៃគូដែលបានចូលរួមសហការ និងផ្តល់បច្ចេកទេសក្នុងការពង្រឹងកិច្ចការអភិរក្សនេះឱ្យបានជោគជ័យ។ បច្ចុប្បន្ននេះ តំបន់ជម្រកសត្វស្វាកន្ទុយស និងទោចថ្ពាល់លឿង ក្នុងសហគមន៍អណ្តូងក្រឡឹង ក្នុងភូមិសាស្ត្រឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរ ជាទេសចរបរទេសឱ្យមកទស្សនាកម្សាន្ត។
តាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា កាលពីឆ្នាំ២០១៩ កន្លងទៅ Jahoo Gibbon Camps ដែលជាគម្រោងសហគមន៍អេកូទេសចរណ៍បានទទួលភ្ញៀវទេសចរចំនួនប្រមាណ ៤៥០នាក់ និងបានទទួលចំណូលប្រមាណ ១៧,០០០ដុល្លារសហរដ្ឋអាមេរិកជូនដល់សហគមន៍៕