(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ (គ.ជ.ស.ស) នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍មួយ បំភ្លឺបន្ថែមទៀតចំពោះការផ្លាស់ប្តូរទីតាំងទីបញ្ជាការជួរមុខរបស់ខ្លួន នៅមូលដ្ឋានសមុទ្ររាម នៃកងទ័ពជើងទឹក ដែលជាទីតាំងបណ្ដោះអាសន្ន។ សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីមានការបកស្រាយដោយភាន់ច្រឡំតាមបណ្ដាញព័ត៌មានខ្លះ អំពីការផ្លាស់ប្តូរទីតាំងទីបញ្ជាការជួរមុខរបស់ គ.ជ.ស.ស។
តាមរយៈសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News បានទទួលបានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១០ ទីបញ្ជាការជួរមុខដែលជាអង្គភាពប្រតិបត្តិការអនុវត្តច្បាប់ចម្រុះស្ថាប័ន បានរៀបចំទីបញ្ជាការរបស់ខ្លួន ដោយស្នើសុំផ្នែកតូចមួយរបស់មូលដ្ឋានសមុទ្ររាម នៃកងទ័ពជើងទឹក ជាទីតាំងបណ្ដោះអាសន្ន។ ស្ថិតក្រោមកម្មវិធីនៃកិច្ចសហប្រតិបត្តិការយោធាជាមួយ ប្រទេសជាដៃគូមួយចំនួន សហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី បានផ្តល់ការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងការហ្វឹកហ្វឺនដល់ទីបញ្ជាការជួរមុខ។ តែទោះជាដូច្នេះក្ដីដំណើរការនៃកិច្ចប្រតិបត្តិការរបស់ទីបញ្ជាការជួរមុខ បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលចម្រុះ គឺជោគជ័យ និងការលំបាក ដែលតម្រូវឱ្យមានការគិតគួរអំពីការផ្លាស់ប្តូរទីតាំង។
គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបន្តថា ផ្អែកលើទស្សនៈនេះ អគ្គលេខាធិការដ្ឋាន ត ជ ស ស បានធ្វើការសិក្សាអំពីគម្រោងនៃការ ផ្លាស់ប្តូរទីតាំងនេះយ៉ាងល្អិតល្អន់ ចាប់តាំងពីចុងឆ្នាំ២០១៧ តរៀងមក។ អនុលោមតាមភាពចាំបាច់ និងស្មារតីសហប្រតិបត្តិការ អគ្គលេខាធិការដ្ឋានក៏បានធ្វើការជូនដំណឹង និងពន្យល់អំពីហេតុផលដល់ប្រទេសជាដៃគូ ជាពិសេសសហរដ្ឋអាមេរិក អំពីផែនការផ្លាស់ប្តូរទីតាំងនេះ ហើយក៏ពុំបានទទួលនូវការជំទាស់ជាផ្លូវការណាមួយ ចំពោះការផ្លាស់ប្តូរនេះដែរ។ ការផ្លាស់ប្តូរទីតាំងទីបញ្ជាការជួរមុខនេះ អនុលោមទៅតាមហេតុផលសំខាន់ៗមួយចំនួន ដូចតទៅ៖
* ទីតាំងទីបញ្ជាការជួរមុខបច្ចុប្បន្ន ស្នាក់អាស្រ័យក្នុងបរិវេណមូលដ្ឋានកងទ័ពជើងទឹក មានទំហំតូច ធ្វើឱ្យប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការចម្រុះស្ថាប័ន មានកម្រិត និងជួប ការលំបាក។ ឧទាហរណ៍ជាក់ស្តែងគឺទីតាំងនេះ ពុំមានតែសម្រាប់ចតនាវាពុំអាចពង្រីករចនាសម្ព័ន្ធតទៅទៀតបាន និងមានការលំបាកសម្រាប់បុគ្គលិកមកពីស្ថាប័ន ស៊ីវិលនានា ក្នុងការចេញចូលក្នុងទីតាំងយោធា ដែលតម្រូវឱ្យមានការរឹតដ្បិតផ្នែកសន្តិសុខ។
* ទីបញ្ជាការជួរមុខ ត្រូវការចាំបាច់នូវទីតាំងសមស្របមួយដែលប្រកបដោយភាពឯករាជ្យ ក្នុងឋានៈជាស្ថាប័នជាតិ ងាយស្រួលក្នុងការចេញប្រតិបត្តិការ ការធ្វើអន្តរាគមន៍ និងការជួយសង្គ្រោះ។ លើសពីនេះទីបញ្ជាការជួរមុខ ត្រូវការពង្រីកនិងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ទាំងក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការ ដែលកិច្ចការនេះ ពុំអាចធ្វើបានសម្រាប់ទីតាំងដែលនៅក្នុងមូលដ្ឋានសមុទ្ររាម។
* ដូច្នេះនៅលើកោះព្រាបដែលជាទីតាំងថ្មី មានអំណោយផលសម្រាប់ដោះស្រាយការលំបាកដូចបានពោលខាងដើម។ អគ្គលេខាធិការដ្ឋាន គ ជ ស ស កំពុង ដំណើរការសាងសង់ទីបញ្ជាការជួរមុខ នៅលើកោះព្រាប មានទំហំធំ និងចំនួន អាគារច្រើនជាងមុន តែខិតខំចៀសវាងមិនឱ្យមានការបាត់បង់នូវសមិទ្ធិផល ដែលប្រទេសជាដៃគូ បានផ្តល់ឱ្យផងដែរ។ ទីតាំងថ្មីរបស់ទីបញ្ជាការជួរមុខ នឹងជួយសម្រួល និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ដោយមានការសាងសង់ផែសម្រាប់ចត នាវាផ្តល់ភាពងាយស្រួលនៅក្នុងទំនាក់ទំនងរវាងស្ថាប័នជាតិនានា ដែលពាក់ព័ន្ធព្រមទាំងឯករាជ្យភាពសម្រាប់ការពង្រីក ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអន្តរជាតិ តទៅថ្ងៃអនាគត។
គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របានប្រកាសដែរថា ខ្លួននៅតែប្រកាន់ជំហយ៉ាងម៉ឺងម៉ាត់ នៅក្នុងស្មារតីនៃការរក្សា និងលើកស្ទួយកិច្ចសហប្រតិបត្តិការជិតស្និត ជាមួយបណ្ដាប្រទេសជាដៃគូទាំងអស់ ប្រកបដោយតម្លាភាព និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅតែស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះការចូលរួមពីសំណាក់ដៃគូអន្តរជាតិនានា ដើម្បីបង្កើនសមត្ថភាពផ្នែកប្រតិបត្តិការរបស់ទីបញ្ជាការជួរមុខតទៅថ្ងៃអនាគត។
គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ សង្ឃឹមថា ជនរួមជាតិក៏ដូចជាមជ្ឈដ្ឋានជាតិ និង អន្តរជាតិយល់អំពីហេតុផលពិតប្រាកដនៃដំណើរការនៃការផ្លាស់ប្តូរទីតាំងនេះ។ គោលដៅចម្បង របស់យើងគឺបង្កើនប្រសិទ្ធភាពរបស់ គ ជ ស ស នៅក្នុងការបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅក្នុងវិស័យគ្រប់គ្រងសន្តិសុខលម្ហសមុទ្ររបស់កម្ពុជា និងការបន្តលើកស្ទួយកិច្ចសហ ប្រតិបត្តិការជាមួយអន្តរជាតិ ប្រកបដោយតម្លាភាព និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ៖