(ភ្នំពេញ)៖ អភិបាលរងខណ្ឌឫស្សីកែវ លោក ប្រាជ្ញ សីហា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ បានចាត់ឲ្យមន្ត្រីដឹកនាំកម្លាំងបន្តចុះបង្ក្រាបល្បែងស៉ីសង (ប្រភេទហ្គេមបាញ់ត្រី) មួយកន្លែង ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ក្រោយពីគណៈបញ្ជាការឯកភាពខណ្ឌ បើកការស្រាវជ្រាវមួយរយៈពេលកន្លងមក ដើម្បីអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។
បើតាមការបញ្ជាក់ដោយលោកអភិបាលរងខណ្ឌឫស្សីកែវ ប្រាជ្ញ សីហា ដែលស្ថិតក្រោមការដឹកនាំរបស់លោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការស៉ើបអង្កេតរហូតឈានដល់បើកការបង្ក្រាបល្បែងស៉ីសងមួយកន្លែងខាងលើនេះ គឺដឹកនាំផ្ទាល់ដោយការិយាល័យសាធារណការ ដឹកជញ្ជូន បរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់សាធារណៈខណ្ឌ ដោយក្នុងប្រតិបត្តិការនេះ ដកហូតបាន (ទូរហ្គេមបាញ់ត្រី) មួយគ្រឿង ខណៈអ្នកលេងមួយចំនួនទៀត ហាក់បីដូចជាដឹងខ្លួនមុន ហើយនាំគ្នារត់បាតជើងសព្រាតគ្មានសល់៕