(ភ្នំពេញ)៖ ប្រតិភូស្រ្តីចំនួន ១២រូប តំណាងឲ្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើទស្សនកិច្ចទៅកាន់ «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។ ទស្សនកិច្ចនេះគឺជាកិច្ចផ្តួចផ្តើមរបស់សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមការងារ បានទទួលស្វាគមន៍ប្រតិភូកិត្តិយសយ៉ាងកក់ក្តៅ។ ដំណើរទស្សនកិច្ច ចាប់ផ្តើមដោយការរៀបរាប់យ៉ាងពិស្តារ អំពីពិព័រណ៍នៃព្រះឆាយាលក្ខណ៍របស់សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ, សម្តេចព្រះវររាជមាតាជាតិខ្មែរ និងរាជវង្សានុវង្ស ផ្តល់ដោយលោកឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ អេ. ជែលដ្រេស អតីតអ្នកសរសេរព្រះជីវប្រវត្តិរបស់សម្តេចព្រះបរមរតនកោដ្ឋ អមជាមួយនឹងភ្លេងដែលជាព្រះរាជនិពន្ធរបស់សម្តេចព្រះបរមរតនកោដ្ឋ។
លោក ឆាំង យុ បានបង្ហាញដល់ប្រតិភូនូវបណ្ណាល័យ ដែលផ្ទុកឯកសារជាសៀវភៅរាប់ពាន់ក្បាល និងឯកសាររាប់សែនសន្លឹក, ឯកសារសំណៅដើម, បណ្ណសារជារូបថតនិងវីដេអូ, បណ្ណសារសោតទស្សន៍ និងបរិក្ខារផ្ទុកឯកសារជាទម្រង់ឌីជីថលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាទាំងអស់។ លោក ឆាំង យុ ថែមទាំងបានរៀបរាប់យ៉ាងលម្អិត អំពីសាវតានិងអត្ថន័យនៃប្លង់រចនារបស់អគារវិទ្យាស្ថានស្លឹករឹត។
លោកស្រី សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្ហាញអំពីទីតាំង «បណ្ណាល័យនិងមជ្ឈមណ្ឌលស្រាវជ្រាវឯកសារខ្មែរក្រហម» ទាំង៦នៅតាមបណ្តាខេត្ត រួមជាមួយនឹងសៀវភៅអំពីស្ត្រីជនជាតិចាមមូស្លីម ដែលជាស្នាដៃនិពន្ធរបស់លោកស្រី។
នៅចុងបញ្ចប់នៃទស្សនកិច្ច ប្រតិភូកិត្តិយស និងក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា បានរួមពិភាក្សាអំពីបញ្ហានានាជុំវិញការអភិរក្ស និងចងក្រងឯកសារ សោកនាដកម្មនានាដែលស្ត្រីប្រឈមនៅក្នុងរបបខ្មែរក្រហម និងផលវិបាកនៃរបបនេះ ព្រមទាំងតួនាទីរបស់ស្រ្តីនៅក្នុងការអភិវឌ្ឍ។ ក្រោយពីការដួលរលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ របបខ្មែរក្រហមបានបន្សល់នូវអ្នករស់រានមានជីវិតភាគច្រើនជាស្ត្រី និងកុមារ ដែលមានចំនួនរហូតដល់ទៅ៦៥% នៃប្រជាជនសរុបនាពេលនោះ ដែលមានប្រមាណ ៥លាននាក់។
ស្ត្រីក៏បានក្លាយជាកម្លាំងស្នូលក្នុងការស្តារ និងកសាងប្រទេសជាតិឡើងវិញបន្ទាប់ពីវត្តមាននៃអំពើប្រល័យពូជសាសន៍ ការសម្លាប់រង្គាល និងជម្លោះរ៉ាំរ៉ៃជាច្រើនទសវត្សរ៍។ ដោយមានការជំរុញ និងយកចិត្តទុកដាក់ក្នុងការបង្កើន និងពង្រឹងសមភាពយេនឌ័រពីសំណាក់រាជរដ្ឋាភិបាល ស្ត្រីកម្ពុជា ជាច្រើនបានវិវត្តចេញពីតួនាទីបែបប្រពៃណីដែលកំណត់ថា ស្ត្រីគួរតែនៅមើលថែផ្ទះសម្បែង ចូលរួមនៅក្នុងមុខតំណែងសំខាន់ៗក្នុងជួររដ្ឋាភិបាល ជំនួញ ការអប់រំ និងវិស័យដទៃទៀតជាច្រើន។
លោកស្រី ស្រួ ណារីយា បានចែករំលែកចំណាប់អារម្មណ៍ ដោយយល់ថា ការរៀបចំរបស់បណ្ណាល័យនេះល្អខ្លាំងណាស់ ព្រោះអាគារ គឺជាអាគារបុរាណ ប៉ុន្តែការតាំងរបស់អាគារ គឺមានគំនិតច្នៃប្រឌិតខ្ពស់ ជាពិសេសកន្លែងតាំងពិព័រណ៍រូបថត ដែលមានលក្ខណៈសហសម័យ (រួមបញ្ចូលទាំងបុរាណ និងទំនើប)។ មួយទៀតទាក់ទងជាមួយនឹងការរៀបឯកសារ ថ្វីត្បិតតែកន្លែងមិនសូវទូលាយ ប៉ុន្តែការរៀបចំប្រកបទៅដោយសិល្បៈ។
លោកស្រីបន្តថា «អ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេគឺ លោក ឆាំង យុ បានលើកឡើងថា ការរៀបចំទាំងអស់គឺកើតចេញពីបេះដូង។ ហើយខ្ញុំសង្ឃឹមថា អគារស្លឹករឹតនឹងលេចចេញជារូបរាងនៅពេលឆាប់ៗ។ ហើយនឹងកាន់តែល្អខ្លាំងនៅពេលដែលខ្មែរទាំងអស់ មកឃើញអគារនេះ ដោយវានឹងធ្វើអ្នកទស្សនាមានអារម្មណ៍ថា ស្រឡាញ់ជាតិជាងមុន»។
បណ្ណាល័យសម្ដេចម៉ែ គឺមិនមែនគ្រាន់តែជាទីតាំងសម្រាប់សិក្សា អំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា តែប៉ុណ្ណោះនោះទេ។ មជ្ឈមណ្ឌលឯកសារកម្ពុជា មានមោទកភាពក្នុងការថ្វាយ និងជូនបណ្ណាល័យនេះ ជាកេរដំណែលរបស់សម្តេចម៉ែ និងស្ត្រីកម្ពុជាគ្រប់រូប។ ស្ត្រីកម្ពុជាបានខិតខំប្រឹងប្រែង ដោយមិនរួញរាក្នុងការស្ដារ លើកស្ទួយ និងកសាងប្រទេសជាតិសាជាថ្មី តាមរយៈការចិញ្ចឹមបីបាច់គ្រួសារ ក្តាប់យកនិងពង្រីកឱកាសសេដ្ឋកិច្ច អភិរក្ស ការពារ និងពង្រឹងសហគមន៍ វប្បធម៌ និងប្រទេសជាតិរបស់ខ្លួន ក្រោយពេលដែលរបបខ្មែរក្រហមបានដួលរលំទៅនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
នេះសបញ្ជាក់ឲ្យឃើញថា ស្ត្រីកម្ពុជា គឺជានិមិត្តរូប នៃដួងព្រលឹងជាតិកម្ពុជា។ បណ្ណាល័យសម្ដេចម៉ែ បង្កើតឡើងដើម្បីឧទ្ទិសដល់ស្ត្រីកម្ពុជា ទាំងនៅក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល៕