(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹក នៅទំនប់អាងទឹក ៧ មករា និងតាមសណ្តរស្ទឹង ដែលអាចប្រឈមដោយការយាយីពីជំនន់ស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។
ស្ថានភាពកម្ពស់ទឹកនៅទ្វារទឹកទំនប់ ៧ មករា នាវេលាម៉ោង ៥រសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ទឹកមានកម្ពស់ ៧,៤ ម៉ែត្រ បើធៀបនឹងកម្ពស់ទឹកពេលព្រឹក គឺបានហក់ឡើង ០,៣ ម៉ែត្រ លើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ននៅកម្រិត ៧,០០ម៉ែត្រ។ ពេលនេះក្រុមការងារបានបើកទ្វារទឹកទាំង ០៤ទ្វារ ដើម្បីរំដោះទឹកជន់ចេញតាមផ្លូវទឹកចំនួន ០២គឺ ផ្លូវនាំទឹកទី១ តាមព្រែកកំពឹស (ប្រឡាយតាហោ) និងព្រែកហូរ ទម្លាក់ទឹកហូរទៅបឹងជើងលោង និងផ្លូវនាំទឹកទី២ តាមរយៈព្រែកជ្រៅ បង្ហូរទឹកទម្លាក់ចូលទៅទន្លេបាសាក់។
មកដល់បច្ចុប្បន្ននេះ ស្ថានភាពទឹក ស្ថិតនៅក្នុងការប្រុងប្រយ័ត្ននៅឡើយទេ។ ក្រសួងធនធានទឹក និងឧតុនិយម បានត្រៀមគ្រឿងចក្រធុនធ្ងន់ចំនួន ១៤ គ្រឿង, បាវខ្សាច់ធំចំនួន ១.០០០ បាវ, បាវខ្សាច់តូចចំនួន ២០.០០០បាវ, សំណាញ់ថ្ម និងកម្លាំងក្រុមការងារប្រចាំការ ២៤ម៉ោង ឲ្យនៅបន្តត្រៀមអន្តរាគមន៍ នៅតាមទំនប់សណ្តរស្ទឹង ដើម្បីការពារហានិភ័យជំនន់ទឹកភ្លៀង ដែលអាចបង្កការលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្តប្រឈម។
ក្រសួងធនធានទឹក នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ សង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប បានបន្តលាតសន្ធឹងឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយនៅលើសមុទ្រចិនខាងត្បូង។
ក្រសួងបន្តថា ដោយឡែកនៅលើសមុទ្រចិនខាងត្បូង នឹងអាចកើតមានជាវិសម្ពាធទាប (Tropical Depression) ឬជាព្យុះ (Tropical Storm) ដើរសំដៅឆ្ពោះចូលដល់លើភាគខាងត្បូង ប្រទេសវៀតណាម នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២០។ ស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើឱ្យបណ្ដាខេត្តស្ទើរទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២០ នឹងអាចមានភ្លៀង និងខ្យល់កើនឡើង។
ចំពោះបណ្ដារាជធានី ខេត្តនៅភាគខាងត្បូង ខេត្តខាងកើតជាប់ប្រទេសវៀតណាម និងបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ដែលធ្វើឱ្យទីទំនាបក្បែរផ្លូវទឹក តំបន់ភ្នំ និងតំបន់ជួរភ្នំក្រវាញ នៅក្នុងភូមិសាស្ត្រនៃបណ្ដាខេត្តទាំងនោះ ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ជាមួយគ្នានោះ នៅតំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
ជាមួយគ្នានេះក្រសួងធនធានទឹក បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋដែលរស់នៅក្នុងទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹក និងបងប្អូនប្រជានេសាទ និងអ្នកធ្វើ ដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវ គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕