(ភ្នំពេញ)៖ នៅក្នុងពិធីសម្ពោធ «ប៉ុស្តិ៍សុខភាព សម្ដេចព្រះមហាសង្ឃរាជ បូរ គ្រី - ព្រះករុណាព្រះមហាក្សត្រ សីហមុនី» ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ព្រះប្រទានឥស្សរិយយស មេដាយសហមេត្រី អោយអ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិន Zhang Yanping។
(Zhang Yanping ទទួលគ្រឿងឥស្សរិយយស)
កញ្ញា Zhang Yanping បានបញ្ចប់ការសិក្សាជំនាញភាសាខ្មែរនៅសាលាជនជាតិជ័ងក្វាងស៊ី ប្រទេសចិននៅឆ្នាំ២០០៤ ហើយបានទទួលតំណែងជាអ្នកសារព័ត៌មាន នៃវិទ្យុមិត្តភាពកម្ពុជាចិន ពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន។ កញ្ញា Zhang Yanping ស្រឡាញ់ចូលចិត្តការងារវិទ្យុផ្សាយសម្លេងជាភាសាខ្មែរជាខ្លាំង។ កម្មវិធីដែលគាត់បានចូលរួមផលិត និងធ្វើជាពិធីការិនីទទួលបានការពេញនិយមចូលចិត្តពីសំណាក់ប្រិយមិត្តខ្មែរនៅគ្រប់មជ្ឈដ្ឋាន។
(Zhang Yanping (ជួរក្រោយទីបីរាប់ពីស្ដាំ) ថតរូបជុំគ្នាជាមួយភ្ញៀវកិត្តិយសកម្មវិធីវិទ្យុ)
ក្នុងអំឡុងពេលស្នាក់នៅជាអចិន្ត្រៃយ៍នៅកម្ពុជា កញ្ញា Zhang Yanping បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការងារសម្ភាស៍ និងផ្សព្វផ្សាយកម្មវិធី ស្ដីពីព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗនៅក្នុងប្រទេសកម្ពុជា និងព័ត៌មានពាក់ព័ន្ធរវាងប្រទេសកម្ពុជានិងចិន និងបានចូលរួមយ៉ាងសស្រាក់សស្រាំផងដែរ នៅក្នុងគ្រប់សកម្មភាពទាំងអស់ដែលរៀបចំដោយវិទ្យុមិត្តភាពកម្ពុជាចិន ដូចជា «កម្មវិធីចុះផ្ដល់សេវាសុខភាពតាមសហគមន៍» «ដំណើរភាពយន្តចល័តចិន-កម្ពុជា» ជាដើម។
(Zhang Yanping កំពុងសម្ភាសសម្ដេចរាជបុត្រ ព្រះរៀម នរោត្ដម បុប្ផាទេវី មុនពេលព្រះអង្គយាងសោយទិវង្គត)
(Zhang Yanping (កណ្ដាល) ធ្វើជាពិធីការិនីក្នុងពិធីសម្ពោធ «ដំណើរភាពយន្តចល័តចិន-កម្ពុជា»)
នៅចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ក្នុងអំឡុងពេលត្រូវបានផ្លាស់ប្ដូរទៅធ្វើការនៅស្ថានទូតចិនប្រចាំនៅកម្ពុជាជាបណ្ដោះអាសន្ន កញ្ញា Zhang Yanping ធ្លាប់បានកាន់តំណែងជាលេខា និងជាអ្នកបកប្រែរបស់អគ្គរដ្ឋទូតចិនពីរអាណត្តិ គឺក្នុងអាណត្តិលោកស្រីអគ្គរដ្ឋទូត Bu Jianguo និងលោកអគ្គរដ្ឋទូត Xiong Bo។
សមត្ថភាពបកប្រែភាសាខ្មែររបស់គាត់មិនត្រឹមតែទទួលបានការទទួលស្គាល់ពីថ្នាក់ដឹកនាំនៃស្ថានទូតចិនប្រចាំនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងទទួលបានការស្ងើចសរសើរ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
(Zhang Yanping កំពុងធ្វើជាអ្នកប្រែជូនសម្ដេចតេជោ ហ៊ុន សែន និងលោកស្រីអគ្គរដ្ឋទូតចិន Bu Jianguo)
(Zhang Yanping កំពុងធ្វើជាអ្នកបកប្រែជូនសម្ដេចតេជោ ហ៊ុន សែន និងលោកអគ្គរដ្ឋទូតចិន Xiong Bo)
ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន។ ហេតុនេះបានធ្វើឱ្យសម្ដេចតេជោ ហ៊ុន សែន ក្លាយជាថ្នាក់ដឹកនាំកំពូលបរទេសដំបូងគេ ដែលធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនក្រោយពីការផ្ទុះជំងឺកូវីត១៩។ នេះបានបង្ហាញចេញពីមនោសញ្ចេតនាមិត្តភាពស៊ីជម្រៅ ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក រវាងប្រទេសទាំងពីរកម្ពុជា និងចិន។
ក្រោយពីសម្ដេចតេជោត្រលប់មកដល់ប្រទេសកម្ពុជាវិញ សម្ដេចបានធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២៥ ខែកុម្ភៈ។ ក្នុងខណៈពេលនោះកញ្ញា Zhang Yanping បានសួរសំណួរទៅសម្ដេចតេជោ និងបានរៀបរាប់ពីស្ថានភាពដែលអ្នកប្រើប្រាស់បណ្ដាញអិនធីណែតនៅប្រទេសចិន បានហៅសម្ដេចតេជោ ហ៊ុន សែន នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនលើកនេះថាជា «បុរសសង្ហារធ្វើដំណើរបញ្ច្រាសទិស»។
កិច្ចសម្ភាសលើកនេះបានទទួលការវាយតម្លៃខ្ពស់ពីសម្ដេចតេជោ។ វីដេអូសម្ភាសន៍ មានអ្នកចុចទស្សនារហូតដល់ជាង២លាននាក់ ធ្វើឲ្យអ្នកសារព័ត៌មានចិនកញ្ញា Zhang Yanping ក្លាយជា «តារាល្បី» នៅប្រទេសកម្ពុជា និងទទួលបានការស្រឡាញ់ចូលចិត្តពីសំណាក់អ្នកប្រើប្រាស់បណ្ដាញអិនធឺណែតជាច្រើននៅកម្ពុជា។
(រូបScreenshot វីដេអូ Zhang Yanping សម្ភាសសម្ដេចតេជោ ហ៊ុន សែន)
មិនត្រឹមតែប៉ុណ្ណោះកញ្ញា Zhang Yanping បានចូលរួមក្នុងកិច្ចការសង្គម និងវប្បធម៌កម្ពុជាជាច្រើន និងទទួលបានការទទួលស្គាល់ពីព្រះបរមរាជវាំងផងដែរ។ គាត់បានជំរុញឱ្យសហគ្រាសចិននៅកម្ពុជាជាច្រើន ចូលរួមក្នុងគ្រប់សកម្មភាពមនុស្សធម៌របស់ព្រះបរមរាជវាំង ដែលមានដូចជាការកសាងអាគារសាលារៀន និងវត្តអារាម ការផ្ដល់ជំនួយជូនក្រុមរបាំព្រះរាជទ្រព្យ និងបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការផ្ដល់ឱកាសអាហារូបករណ៍ជូនយុវជនខ្មែរទៅរៀននៅប្រទេសចិនផងដែរ។
(សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ រាជានុញ្ញាត ប្រោសព្រះរាជទានឱ្យ Zhang Yanping (ឆ្វេង) ចូលក្រាបថ្វាយបង្គំគាល់)
គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជាចែកចេញជា៤ប្រភេទរួមមាន គ្រឿងឥស្សរិយយសប្រភេទមាតុប្រទេស គ្រឿងឥស្សរិយយសប្រភេទរាជបល្ល័ង្ក គ្រឿងឥស្សរិយយសប្រភេទការពារជាតិ និងគ្រឿងឥស្សរិយយសប្រភេទចម្រុះ។ គ្រឿងឥស្សរិយយស «សហមេត្រី» ជាគ្រឿងឥស្សរិយយសប្រភេទចម្រុះ គឺជាគ្រឿងឥស្សរិយយសប្រើសម្រាប់ប្រគល់ជូនអង្គទូតបរទេស រឺជនបរទេសណាដែលបានចូលរួមក្នុងកិច្ចការមិត្តភាពរវាងប្រទេសកម្ពុជានិងបរទេស៕