(ភ្នំពេញ)៖ កម្មករក្រុមហ៊ុន ស៉ិនទ្រី បានធ្វើកូដកម្មឈប់ប្រមូលសំរាមនៅរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យក្រុមហ៊ុន បំពេញតាមលក្ខខណ្ឌរបស់ខ្លួនដែលបានតវ៉ា។ ក្រោយផ្អាកការប្រមូលសំរាម រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ បានបញ្ចេញកម្លាំងមន្រ្តី និងប្រជាការពារតាមមូលដ្ឋាន ដើម្បីដើរប្រមូលសំរាមជាបណ្ដោះអាសន្ន។
ក្នុងអន្ដរកាលនេះ សកម្មភាពប្រមូលសំរាមមិនទាន់ ជាមួយការបញ្ចេញសំរាមរបស់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញនោះទេ ដូច្នេះធ្វើឲ្យសំរាមនៅបន្ដមានច្រើនតាមដងផ្លូវមួយចំនួន។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ បានអះអាងថា រដ្ឋបាលរាចធានីភ្នំពេញ មិនអាចបន្តអនុញ្ញាតឲ្យ អ្នកយកសំរាម ធ្វើជាចំណាប់ខ្មាំងដើម្បីតថ្លៃលើការទាមទារផ្ទុយពីច្បាប់ឡើយ។ រដ្ឋបាលរាជធានី បានព្យាយាមសម្របសម្រួល ពន្យល់ណែនាំគ្រប់ទិដ្ឋភាព រួមទាំងទិដ្ឋភាពច្បាប់ការងារ ដល់បងប្អូនកម្មករប្រមូលសម្រាមដែលកំពុងទាមទារលក្ខខណ្ឌមិនសមស្របមួយចំនួន។
លោក ម៉េត មាសភក្ដី បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអំពាវនាវដល់បងប្អូនកម្មករប្រមូលសំរាមដែលកំពុងធ្វើកូដកម្ម សូមភ្ញាក់រលឹក និងបញ្ឈប់សកម្មភាព ទាមទារខុសច្បាប់ការងារ។ ជឿជាក់ថា បងប្អូននឹងវិលត្រឡប់មកធ្វើការបំពេញតួនាទីរៀងៗ ខ្លួនឡើងវិញ ដើម្បីទីក្រុងយើងទាំងអស់គ្នាស្អាត» ហើយសូមបញ្ឈប់ការយកសំរាម ជាចំណាប់ខ្មាំងទៀតទៅ»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានលើកឡើងទៀតថា ទោះឈរលើស្មារតីយោគយល់ចំពោះអាកប្បកិរិយារឹងរូសទាំងនេះក៏ដោយ ក៏ស្ថានភាពមិនអំណោយផលដល់ការបន្តរង់ចាំ ហើយជម្រើស នៃការប្រើកម្លាំងពលកម្មថ្មី ត្រូវតែបង្ខំចិត្តអនុវត្ត ដើម្បីកែប្រែស្ថានការណ៍ នៃការសំអាតទីក្រុងឡើងវិញ។ ហេតុដូច្នេះបានជា សាលារាជធានីភ្នំពេញ ប្រកាសជ្រើសរើសកម្មករដើម្បីប្រមូលសំរាមក្នុងរយៈកាលនេះ។
លោកបន្ថែមថា ការប្រមូលសំរាម ពិតជាត្រូវបន្ថែមបន្ទុកដល់ប្រជាការពារ និងអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ គ្រប់ជាន់ថ្នាក់ដែលកំពុងដុតដៃដុតជើងប្រមូលកើប ក្នុងអន្តរកាលមួយនេះ និងសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែង។ លោកក៏អរគុណដល់ការយោគយល់ពីសំណាក់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក្នុងស្ថានភាពដែលកំពុងដោះស្រាយនេះ៕
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ