(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តាំផ្ញើដល់និស្សិតខ្មែរទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្ត្រាលី និងណូវែលហ្សេឡង់ ឲ្យខិតខំរៀនសូត្រ និងត្រូវយកចំណេះដឹងទាំងអស់មកអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត។
លោក វង សូត បន្ថែមថា ការបានទៅសិក្សានៅក្រៅប្រទេស គឺជារឿងសំខាន់ណាស់ សម្រាប់និស្សិតគ្រប់រូប ហើយនេះ ក៏ជាឱកាសកម្ររកបានផងដែរ ដូចនេះ និស្សិតខ្មែរទាំងអស់ ត្រូវក្របយកចំណេះដឹង ប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនឯង ហើយត្រូវតែយកភាពជោគជ័យ មកកាន់មាតុភូមិ។
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក៏បានលើកឡើងថា ប្អូនៗនិស្សិតខ្មែរទាំងអស់ ក៏ត្រូវតែបង្ហាញពីកិត្យានុភាពនៃប្រទេសកម្ពុជា ឲ្យបណ្តាប្រទេសផ្សេងៗទៀតបានដឹងផងដែរ នៅអំឡុងពេលសិក្សានៅទីនោះ។ អ្វីដែលពិសេស គឺសូមឲ្យប្អូនៗនិស្សិតខ្មែរទាំងអស់ ថែរក្សាសុខភាពឲ្យបានល្អ ក្នុងអំឡុងពេលនៃការីករាលដាលនៃជំងឺកូវីដ១៩នេះផងដែរ។
ការលើកឡើងរបស់លោក វង សូត បានធ្វើឡើងខណៈលោកអនុញ្ញាតឲ្យ ប្អូនៗនិស្សិតខ្មែររទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្ត្រាលី និង ណូវែលហ្សេឡង់ ចូលជួប និងសម្តែងការគួរសម នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នាទីស្តីការក្រសួងសង្គមកិច្ច។
លើកឡើងនៅក្នុងជំនួបសម្តែងការគួរសមនោះ, តំណាងនិស្សិតខ្មែររទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្ត្រាលី និង ណូវែលហ្សេឡង់ ក៏បានថ្លែងអរគុណ ដល់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានអនុញ្ញាតឲ្យនិស្សិតខ្មែរ បានជួបសម្តែងការគួរសមនាពេលនេះ។
ក្នុងនាមតំណាងនិស្សិតកម្ពុជា ក៏បានប្តេជ្ញាថា នឹងយកចំណេះដឹងដែលខ្លួនមាន និងទទួលបានពីការសិក្សារៀនសូត្រ មកអភិវឌ្ឍខ្លួនឯង និងប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។
គួរបញ្ជាក់ថា និស្សិតខ្មែររទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្ត្រាលី និង ណូវែលហ្សេឡង់សរុបមានចំនួន ២៧នាក់ ក្នុងនោះមានស្រ្តី១១នាក់ ដែលបានប្រឡងជាប់អាហារូបករណ៍ទៅអូស្ត្រាលីចំនួន១៨នាក់ និងណូវែលហ្សេឡង់ ចំនួន០៩នាក់ ដែលនឹងត្រូវចាក់ចេញដំណើរទៅបន្តការសិក្សានៅខែមករា ឆ្នាំ២០២១ខាងមុខនេះ។ ក្នុងនោះមានមន្រ្តីរាជការតាមក្រសួង ស្ថាប័ន ចំនួន១៦នាក់ និងបុគ្គលិកក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាលចំនួន១១នាក់។
អាហារូបករណ៍នេះចាប់ផ្តើមផ្តល់ជូនដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩៤ មក ដែលជា ផ្នែកមួយនៃកម្មវិធីជំនួយអភិវឌ្ឍរបស់រដ្ឋាភិបាលអូស្ត្រាលី និងមានគោលបំណងក្នុងការគាំទ្រដល់ ការលូតលាស់ផ្នែកសេដ្ឋកិច្ច ដែលកំពុងរីកចម្រើនឡើងរបស់ប្រទេសកម្ពុជា ខណៈជំរុញការភ្ជាប់ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរបស់ប្រទេសទាំងពីរ
បើគិតមកដល់ពេលសព្វថ្ងៃនេះ មាននិស្សិតកម្ពុជាជាង ៨០០នាក់ ហើយដែលបានទទួលអាហារូបករណ៍នេះ ដើម្បីបន្តការសិក្សាថ្នាក់ ក្រោយឧត្តមសិក្សាក្នុងប្រទេសអូស្រ្តលីលើជំនាញផ្សេងៗ ដើម្បីយកចំណេះដឹងទាំងនេះត្រឡប់មក អភិវឌ្ឍប្រទេសកម្ពុជាវិញ និងរក្សាទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងអូស្ត្រាលី។
ស្រដៀងគ្នានឹងអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីដែរ អាហាររូបករណ៍របស់រដ្ឋាភិបាលណូវែលហ្សេឡង់ មានគោលបំណង ជំរុញឲ្យមានការអភិវឌ្ឍ ប្រកបដោយចីរភាពតាមរយៈការផ្តល់ឱកាសការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា នៅប្រទេសណូវែលសេឡង់ លើជំនាញផ្សេងៗដល់ និស្សិតកម្ពុជា ដើម្បីយកចំណេះដឹងទាំងនេះមកចូលរួមអភិវឌ្ឍប្រទេសវិញក្រោយការបញ្ចប់ការ សិក្សា។
រដ្ឋាភិបាលណូវែលហ្សេឡង់បានផ្តល់ឱកាសអាហារូបករណ៍នេះដល់និស្សិតកម្ពុជាចាប់ តាំងពីឆ្នាំ២០០៥មក ដែលក្នុង១ឆ្នាំៗ មាននិស្សិតប្រមាណ ៣៥នាក់បានជាប់អាហារូបករណ៍នេះ ដើម្បីបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅសាកលវិទ្យាល័យនានានៅប្រទេសណូវែលហ្សេឡ ង់។
និស្សិតដែលទទួលអាហារូបករណ៍នេះ ត្រូវតែត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីបញ្ចប់ការសិក្សាភ្លាមៗហើយត្រូវតែសន្យាប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងយកចំណេះដឹងខ្លួនមកអភិវឌ្ឍខ្លួនឯង និងប្រទេសជាតិ ហើយមិនត្រូវអនុញ្ញាតឲ្យចាកចេញពីប្រទេសកម្ពុជាដោយទៅរស់នៅ ឬបន្តការសិក្សាក្រៅប្រទេសដាច់ខាតក្នុងអំឡុងពេល២ឆ្នាំ៕