(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យតាំងតាំងលោក ឌឹម នី ជាអភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ជំនួសលោក ស៉ិន វណ្ណវុឌ្ឍ ដែលត្រូវផ្ទេរភារកិច្ច។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។
មន្ដ្រីជាន់ខ្ពស់សាលាខេត្តមណ្ឌលគិរី បានឲ្យដឹងថា ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ របស់លោក ឌឹម នី នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ខាងមុខ ក្រោមអធិបតីភាព លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូបទៀតផងដែរ។
សូមរំលឹកថា ការដកតំណែងលោក ស៉ិន វណ្ណវុឌ្ឍ ពីអភិបាលស្រុកកោះញែក បានធ្វើឡើងបន្ទាប់ពីក្រុមការងារអន្តរក្រសួងចុះសិក្សាស្រាវជ្រាវលើករណី ការកាន់កាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី បានរកឃើញថា ខ្វះការទទួលខុសត្រូវក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន និងពុំបានចូលរួមថែរក្សាការពារផលតប្រយោជន៍សាធារណៈ ក៏ដូចជាដីព្រៃតាំងពីរូបលោកកាន់មុខតំណែងជាអភិបាលស្រុកកែវសីមាមកម្ល៉េះ។
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ការសម្រេចដកអភិបាលស្រុក និងដាក់ពិន័យទៅលើមន្រ្តី ពាក់ព័ន្ធការធ្វេសប្រហែសក្នុងការបំពេញតួនាទីរបស់ខ្លួន ឱ្យបានត្រឹមត្រូវ និងពុំបានចូលរួមការពារផលប្រយោជន៍សាធារណៈ និងកេងផលប្រយោជន៍ពីតួនាទីរបស់ខ្លួន បង្កឱ្យមានភាពអនាធិបតេយ្យ និងរំលោភទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋនៅខេត្តមណ្ឌលគីរី ជាការបង្ហាញពីការអនុវត្ត អភិក្រមរបស់សម្តេចនាយករដ្ឋមន្ត្រី «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្បែល ព្យាបាល និងវះកាត់» និងក៏បង្ហាញឱ្យឃើញពីវិធានការដ៏ម៉ឺងមាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តទោសទណ្ឌទៅតាមច្បាប់ចំពោះមន្ត្រីទាំងឡាយ ដែលប្រព្រឹត្តខុសនឹងច្បាប់របស់រដ្ឋ។
នេះគឺជាមេរៀនសម្រាប់មន្ត្រីមួយចំនួនតូច ដែលមិនបម្រើផលប្រយោជន៍ពលរដ្ឋ ដោយស្មោះត្រង់ និងមិនបំពេញតួនាទីភារកិច្ចឱ្យបានត្រឹមត្រូវ នឹងត្រូវប្រឈមមុខដូចគ្នានេះដែរ។ វិធានការនេះក៏ទទួលបាននូវការសាទរពីប្រជាពលរដ្ឋផងដែរ៕
លោក ឌឹម នី អភិបាលស្រុកកោះញែកថ្មី