(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានអំពាវនាវឱ្យកម្មករប្រមូលសំរាមចូលធ្វើការងារជាធម្មតាវិញ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់ប្រាក់អតីត ភាពការងារ ទៅតាមដំណាក់កាល ហើយកម្មករនៅតែទទួលបានឱកាសការងារថ្មីនៅពេលក្រុមហ៊ុនចំនួន៣ បើកប្រតិបត្តិការប្រមូលសំរាម។
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារទីចាត់ការសាលាបឋមសិក្សាសន្ឋរម៉ុក នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង បានលើកឡើងថា នៅប៉ុន្មានថ្ងៃនេះ មានការកកស្ទះសំរាម ដោយសារកម្មករក្រុមហ៊ុន ស៉ីទ្រី បានធ្វើកូដកម្មទាមទារប្រាក់អតីតភាព ដែលចំណុចនេះក្រសួងការងារ បានជម្រាបជូនថា ប្រាក់អតីតភាពក្រសួងនឹងផ្តល់ជូនតាមដំណាក់កាល ខណៈដែលកម្មករទាំងអស់នោះ សុំបើកប្រាក់នោះផ្តាច់តែម្តងហើយឈប់ធ្វើការ។
លោកបន្តថា ការទាមទារបែបនេះ ដោយសារពួកគាត់យល់ថា នៅថ្ងៃអនាគតដ៏ខ្លីនេះរដ្ឋបាលរាធានីភ្នំពេញ នឹងធ្វើការដេញថ្លៃយកក្រុមហ៊ុនចំនួន៣ មកប្រតិបត្តិការប្រមូលសំរាម ហើយគាត់គិតថា គាត់មិនបានចូលធ្វើការងារបន្ត។
ក្នុងករណីនេះ លោកអភិបាលបានផ្ញើសារជូនកម្មករកម្មការិនីទាំងអស់ថា ការបង្កើតឱ្យមានក្រុមហ៊ុនប្រមូលសំរាមចំនួន ៣តំបន់នេះ គឺដើម្បីធ្វើយ៉ាងណាឱ្យការសំរាមក្នុងរាជធានីភ្នំពេញ មានភាពលឿនរហ័សបញ្ចៀសការកកស្ទះ ខណៈដែលក្រុមហ៊ុនទាំងអស់នោះ នឹងយកកម្មកររបស់ក្រុមហ៊ុនស៉ីទ្រី ដែលមានការជួយពីរដ្ឋបាលរាជធានីភ្នំពេញមកបំរើការងារដ៏ដែរ។
លោក ឃួង ស្រេង បញ្ជាក់ថា «ខ្ញុំសូមផ្ញើសារជូនកម្មករកម្មការិនី អ្នកប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញថា មិនដូចការគិតរបស់គាត់ទេ កិច្ចការងារយកសំរាម ក្រុមហ៊ុនថ្មីមកក៏ត្រូវការកម្មករ ហើយកម្មករនឹងបន្តអតីតភាព ដោះស្រាយនៅដដែល។ ឧទាហរណ៍ក្រុមហ៊ុន ស៉ីទ្រី ដេញបានតំបន់ណាមួយនោះ ក្រុមហ៊ុនប្រតិបត្តិនៅតំបន់នោះ បើកម្មករលើសអាចដាក់ពាក្យទៅក្រុមហ៊ុន ថ្មីមួយទៀត ដែលមានការជួយជ្រោមជ្រែងពីរដ្ឋបាលរាជធានីភ្នំពេញ ហើយប្រាក់អតីតភាព គឺមិនឱ្យគាត់មានការបាត់បង់ទេ សូមឱ្យគាត់ចូលធ្វើការវិញ»។
លោកអភិបាលបានបញ្ជាក់ ដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះ អាជ្ញាធររាជធានីភ្នំពេញ បានបញ្ចេញរថយន្តប្រមូលសំរាម ដែលទើបនឹងទិញថ្មីចំនួន ៧០គ្រឿង រួមជាមួយកំលាំងសន្តិសុខ និងប្រជាការពារ រាប់សិបនាក់ ដើម្បីចេញប្រតិបត្តការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ។
លោកក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋទាំងអស់ វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសការកកស្ទះសំរាម សំណល់រឹង ខណៈដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងតែឱ្យអាជ្ញាធរខណ្ឌទាំង១៤ ប្រមូលតាមខណ្ឌរៀងៗខ្លួន។
សូមបញ្ជាក់ថា ចាប់តាំងពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៉ីទ្រី បាននឹងកំពុងធ្វើកូដកម្ម ដោយមិនចេញប្រមូលសំរាម ដែលធ្វើឱ្យមានសំរាមកកស្ទះនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ៕