(កណ្តាល)៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ប្រធានក្រុមការងារចលនាយុវជនរបស់គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងជាប្រធានក្រុមការងារចលនាកសិករ និងទីផ្សារកសិផល នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ បានចូលរួមបិទវគ្គបណ្តុះបណ្តាល ស្តីពីសហគ្រិនភាពក្នុងវិស័យកសិកម្មសម្រាប់យុវជន។
ពិធីនេះត្រូវបានប្រព្រឹត្តទៅ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានការ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល អនុប្រធានក្រុមការងារចលនាយុវជន របស់គណៈពង្រឹងមូលដ្ឋានស្រុកគ្រូបង្គោល កសិករគំរូ និងក្រុមការងារយុវជនស្រុក ឃុំ ភូមិសរុបចំនួន២២០នាក់។
វគ្គបណ្តុះបណ្តាល ស្តីពីសហគ្រិនភាពក្នុងវិស័យកសិកម្មសម្រាប់យុវជន បានរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល និងយុវជនស្រុកខ្សាច់កណ្តាល ក្នុងគោលបំណងផ្តល់ចំណេះដឹង និងជំនាញបច្ចេកទេសកសិកម្មដល់យុវជន សំដៅបង្កើនការចូលរួមរបស់យុវជន ក្នុងវិស័យកសិកម្មឱ្យកាន់តែច្រើនឡើង ព្រមទាំងបណ្តុះគំនិតជាសហគ្រិនភាព ដល់យុវជនគណបក្ស ដោយបានធ្វើការបណ្តុះបណ្តាលចំនួន៥វគ្គ លើប្រធានបទ រួមមាន បច្ចេកទេសក្នុងការចិញ្ចឹមមាន់ស្រែយកសាច់, បច្ចេកទេសចិញ្ចឹមមាន់យកស៊ុត, បច្ចេកទេសចិញ្ចឹមកង្កែប ក្នុងអាងស៊ីម៉ង់ត៍ និងក្នុងតង់ប្លាស្ទីក, បច្ចេកទេសចិញ្ចឹមត្រីអណ្តែងក្នុងអាងស៊ីម៉ង់ត៍ និងក្នុងតង់ប្លាស្ទីក, បច្ចេកទេសចិញ្ចឹមបង្កង, បច្ចេកទេសចិញ្ចឹមគោបំប៉នយកសាច់, បច្ចេកទេសក្នុងការដាំដំណាំត្រសក់ ដំណាំត្រប់ ដំណាំសាលាដ និងការដាំដំណាំខាត់ណា។
វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកញ្ញាដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ ដោយទទួលបានការចាប់អារម្មណ៍ពីសំណាក់យុវជន ដែលមានរបរកសិកម្មដោយផ្ទាល់ និងយុវជនដែលមានគ្រួសារជាកសិករ ហើយយុវជនដែលបានសិក្សាជំនាញបច្ចេកទេសនេះមានចំនួន៩៥នាក់ មកពីឃុំចំនួន១៣ ក្នុងស្រុកខ្សាច់កណ្តាល។
ការបណ្តុះបណ្តាលបានដំណើរការដោយរលូន និងបានផ្តល់ឱកាសដល់យុវជន ក្នុងការស្រូបយកចំណេះដឹងពីគ្រូជំនាញកសិកម្ម និងបទពិសោធន៍ពីកសិករគំរូ ហើយជាមួយគ្នានោះ យុវជនយើងក៏ផុលផុសលើកជាសំណួរពាក់ព័ន្ធនឹងបច្ចេកទេសចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងការដាំបន្លែព្រមទាំងបានចុះពិនិត្យសិក្សា ដល់ទីកន្លែងអនុវត្តផ្ទាល់ដូចជាការចិញ្ចឹមត្រី និងកង្កែបក្នុងកៅស៊ូប្លាស្ទីក និងការដាំបន្លែ ។ សកម្មភាពទាំងអស់នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ របស់យុវជនក្នុងការចង់ចេះ ចង់ដឹង និងស្វែងយល់ដ៏ពិតប្រាកដអំពីប្រធានបទនីមួយៗ។
ចំណេះដឹងជំនាញ និងបទពិសោធន៍ដែលយុវជន ទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ពិតជាអាចជួយដល់ផលិតភាពការងាររបស់បងប្អូនឱ្យកាន់តែរីកចម្រើន លើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរ រួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ ជាងនេះទៅទៀត តាមរយៈនៃវគ្គបណ្តុះបណ្តាលនេះ ក្រៅពីទទួលបានជំនាញបច្ចេកទេស និងបទពិសោធន៍ បងប្អូនក៏ទទួលបាននូវព័ត៌មានទីផ្សារពីលោក កយ បូរិន ដែលជាកសិករគំរូ និងជាប្រធានក្រុម ផលិតបន្លែសុវត្ថិភាពនៃសហគមន៍ស្វាយប្រទាល នៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដែលអនុវត្តដោយជោគជ័យទាំងលើការដាំដុះបន្លែ និងការទទួលបានទីផ្សារ ហើយលោកនឹងទទួលទិញបន្លែត្រសក់រាល់ថ្ងៃពីបងប្អូន ប្រសិនបងប្អូនផលិតបាន ដើម្បីយកទៅលក់បន្តឱ្យផ្សារទំនើប ដោយបច្ចុប្បន្នលោកមានអតិថិជនជាផ្សារទំនើបចំនួន១០។
តាមរយៈនៃការស្ទង់មតិលើយុវជន ដែលបានចូលរួមការបណ្តុះបណ្តាលនេះ គឺភាគច្រើនមានការចាប់អារម្មណ៍លើរបរចិញ្ចឹមមាន់យកសាច់ បន្ទាប់មកគឺការចិញ្ចឹមគោបំប៉នយកសាច់ ការដាំដំណាំត្រសក់ ការចិញ្ចឹមកង្កែប និងចិញ្ចឹមត្រី ព្រោះសមស្របទៅនឹងទីតាំង និងធនធានរបស់ខ្លួន ព្រមទាំងអាចទទួលបានប្រាក់ចំណូលសមរម្យ ក្នុងនោះដែរយុវជនក៏បានសំណូមពរសុំឱ្យមានវគ្គបណ្តុះបណ្តាលរបៀបនេះបន្តទៀត ដោយផ្តោតលើការចិញ្ចឹមជ្រូក ការធ្វើជីកំប៉ុស ការបណ្តុះផ្សិតចំប៉ើង និងដំណាំផ្កាខាត់ណា និងសុំឱ្យមានរយៈពេលវែងជាងនេះ ដើម្បីបង្កើនការយល់ដឹងឱ្យបានច្រើន។
ក្នុងឱកាសនោះ លោក កៅ ថាច បានជំរុញ និងលើកទឹកចិត្តដល់យុវជនឱ្យចាប់យកមុខរបរអាជីវកម្ម ក្នុងវិស័យកសិកម្ម ដូចជាការដាំដុះបន្លែសុវត្ថិភាព ការចិញ្ចឹមាន់ ចិញ្ចឹមត្រី ចិញ្ចឹមកង្កែប និងចិញ្ចឹមគោបំប៉នយកសាច់ ឱ្យបានកាន់តែច្រើនឡើងថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការហូបចុកក្នុងស្រុក ជំនួសការនាំចូល និងអាចនាំចេញផងដែរ ព្រោះថាបច្ចុប្បន្នក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩នេះ គឺមានបញ្ហាលើការផ្គត់ផ្គង់បន្លែត្រីសាច់ ដែលបន្លែត្រីសាច់នេះ គឺមានតម្រូវការចាំបាច់ក្នុងការហូបចុកប្រចាំថ្ងៃ ហើយមានតម្រូវការច្រើន។
លោក កៅ ថាច ក៏បានចែករំលែកនូវបទពិសោធន៍ល្អៗ លើផ្នែកកសិកម្មដាំដំដុះដំណាំ ចិញ្ចឹមមាន់ ចិញ្ចឹមត្រី ដើម្បីឱ្យយុវជនមានមូលដ្ឋាន ក្នុងការគិតគូរពិចារណាសម្រាប់ការងារអាជីវកម្ម ឱ្យទទួលបានជោគជ័យ។
លោកក៏បានបំផុសស្មារតីឱ្យយុវជនឱ្យមានក្តីសុបិន និងមានចំណង់ក្នុងការងារអាជីវកម្មលើវិស័យកសិកម្ម ហើយដើម្បីឱ្យក្តីសុបិនសម្រេចដល់គោលដៅ និងទទួលបានជោគជ័យលើមុខរបរ គឺត្រូវតែរៀបចំផែនការអាជីវកម្មឱ្យបានច្បាស់លាស់ រៀបចំចងក្រងបណ្តុំផលិត ដោយកុំពឹងផ្អែកលើធម្មជាតិទៀត ត្រូវផលិតតាមបច្ចេកវិទ្យាទំនើប ដូចជាដាំដុះក្នុងផ្ទះសំណាញ់ បំពាក់ប្រព័ន្ធទ្រីប ព្រមទាំងអនុវត្តការងារដាំដុះតាមគោលការស្តង់ដារ នៃការអនុវត្តកសិកម្មល្អ (GAP) ជាដើម។ ដើម្បីផ្គត់ផ្គង់ចូលទីផ្សារឱ្យមាននិរន្តរភាព និងធានាបាននូវសុវត្ថិភាពដល់ប្រជាពលរដ្ឋយើង៕