(ភ្នំពេញ)៖ លោក ណយ ស្រូន សមាជិកព្រឹទ្ធសភាភូមិភាគ៨ បានសុំអភ័យទោសចំពោះកំហុសរបស់លោកដែលកន្លងទៅមានការពាក់ព័ន្ធទៅដឹងដីធ្លី នៅតំបន់ការពារធម្មជាតិមួយចំនួនក្នុងខេត្តមណ្ឌលគិរី។ នេះបើតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យព្រឹទ្ធសភា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីបំភ្លឺរបស់ព្រឹទ្ធសភា បានធ្វើឡើងបន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើលិខិតមួយជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីអប់រំណែនាំដល់លោក ណូយ ស្រូន សមាជិកព្រឹទ្ធសភាភូមិភាគ៨ ចំពោះការពាក់ព័ន្ធនឹងការទន្ទ្រានយកដីព្រៃនៅតំបន់ការពារធម្មជាតិមួយចំនួន នៅក្នុងខេត្តមណ្ឌលគិរី ហើយដែលត្រូវបានចុះផ្សាយនៅលើបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ។

សេចក្ដីបំភ្លឺរបស់អ្នកនាំពាកព្រឹទ្ធសភា បានបញ្ជាក់ថាអនុវត្តតាមចំណាររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅលើលិខិតលេខ ១៦៥៣ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ដីពីការពាក់ព័ន្ធជាមួយ លោក ណយ ស្រូន ក្នុងការរៀបចំឯកសារកាន់កាប់ដីទំហំ ៥៣១ហិកតា ក្នុងភូមពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា និង លោកកិត្តិសង្គហបណ្ឌិត ទេព ងន ប្រធានទី២ព្រឹទ្ធសភា បានជួបប្រជុំជាមួយ លោក ណយ ស្រូន នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

ព្រឹទ្ធសភាបានបញ្ជាក់ថា ក្រោមមតិណែនាំរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា លោក ណូយ ស្រូន បានសុំខន្តីអភ័យទោសនូវរាល់កំហុសខុសឆ្គង ទោះចេតនាក្ដី ឬអចេតនាក្ដីពីថ្នាក់ដឹកនាំ និងដែលបានធ្វើឱ្យថ្នាក់ដឹកនាំមានការលំបាក ដោយសារខ្លួន។ ព្រមជាមួយនេះ ក៏បានគោរពទទួលយកការអប់រំណែនាំទាំងអស់របស់ សម្ដេចប្រធានព្រឹទ្ធសភា និងអនុប្រធានទាំងពីរនៃព្រឹទ្ធសភា ដោយបានធ្វើលិខិតបញ្ជាក់ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឈប់ពាក់ព័ន្ធជាមួយដីទំហំ ៥៣១ហិកតានេះទៀតហើយ៕

ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់ព្រឹទ្ធសភា៖