(ត្បូងឃ្មុំ)៖ លោក នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បន្តគាំទ្រជំរុញប្រជាកសិករលើការងារដាំដុះ ការងារផលិតកម្មនិងបសុព្យាបាល ការងារព្រៃឈើ ការងារជលផល ការងារសហគមន៍ និងការចិញ្ចឹមសត្វ ដើម្បីសម្រួលជីវភាពពលរដ្ឋ នាសម័យកូវីដ១៩នេះ។
លោកលើកឡើងបែបនេះ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសចុះសំណេះសំណាលលើការងារដឹកនាំគ្រប់គ្រងមន្ត្រីរាជការមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។
លោក នុត ច័ន្ទសុខា បានបន្តថា ពិធីសំណេះសំណាលនាថ្ងៃនេះ បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំក្រសួង ក្នុងការពង្រឹងការងារដឹកនាំគ្រប់គ្រង សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យកាន់តែប្រសើរឡើង ដើម្បីរួមចំណែករក្សាកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើនប្រាក់ចំណូលរបស់គ្រួសារប្រជាកសិករ ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងប្រែក្លាយកម្ពុជា គឺជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានារបស់មន្ទីរ ដែលសម្រេចបាននាពេលកន្លងមក និងបច្ចុប្បន្ន ទោះបីមានបញ្ហាប្រឈមខ្លះកើតមានឡើងក៏ដោយ និងបានណែនាំឲ្យមន្ទីរ បន្តខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តសេចក្តីណែនាំ សារាចរណែនាំដែលក្រសួងបានដាក់ចេញកន្លងមក។
ជាពិសេសការឆ្លើយតបនឹងបញ្ហាប្រឈមនានារបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នឹងបន្តអនុវត្ត តាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកៀងគរការចូលរួមពីគ្រប់ភាគី ក្នុងការពន្លឿនសន្ទុះនៃការអភិវឌ្ឍ រក្សាបានកំណើនសេដ្ឋកិច្ចជាតិនិងចំណូលគ្រួសារកសិករ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានធ្វើរាយការណ៍រសង្ខេប ពីស្ថានភាពមន្ត្រីរាជការ ការគ្រប់គ្រងមន្រ្តីរាជការ និងការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងខេត្ត។ លោកបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដែលតែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីតាមមូលដ្ឋាន ជាពិសេសមានវត្តមាននាពេលនេះផងដែរ។
សូមបញ្ជាក់ថា កម្មវិធីនេះក៏មានការចូលរួមពីលោក ណី លន់ រដ្ឋលេខាធិការ លោក គង់ វ៉ាញ អគ្គាធិការនៃអគ្គាធិការដ្ឋាន លោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ នាយ នាយរង ខណ្ឌរដ្ឋបាលព្រៃឈើ ជលផល និងប្រធានការិយាល័យជំនាញ៕