(ខេត្តប៉ៃលិន)៖ រហូតមកដល់ដើម ខែតុលា ឆ្នាំ២០២០ កសិករមួយគ្រួសាររស់នៅក្នុងក្រុងប៉ៃលិន ដែលប្រកបរបរដាំបន្លែល្ពៅចំនួន១៥ហិកតា នៅលើដីចម្ការរបស់ខ្លួន ស្ថិតនៅក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបង្ហាញការព្រួយបារម្ភពីជីវភាពយ៉ាងខ្លាំង ខណៈដល់ពេលល្ពៅប្រមូលផលហើយ បែរជាតម្លៃល្ពៅនៅលើទីផ្សារ មានការធ្លាក់ចុះខ្លាំងជាងឆ្នាំមុនទៅវិញ។
លោក ហែម ហឿន ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិខាងលើ និងជាមេការនៅក្នុងចម្ការខាងលើ បានរៀបរាប់ឱ្យដឹងថា ម្ចាស់ចម្ការរបស់ខ្លួន បានដាំបន្លែល្ពៅចំនួន១៥ហិកតា ហើយល្ពៅចាប់ផ្តើមទុំហើយ ដោយក្នុង១ហិកតា ប្រមូលផលបានចំនួន២៥តោន និងបានជួលកម្មករឱ្យប្រមូលផល បេះលក់ឱ្យឈ្មួញ ក្នុងតម្លៃទាបជាងឆ្នាំមុន ដោយល្ពៅលេខ១ ទម្ងន់ចាប់៥-១២គីឡូក្រាម ឈ្មួញទិញ១គីឡូក្រាម ត្រឹមតែ៧០០រៀល។
រីឯល្ពៅលេខ២ ដែលមានទម្ងន់ ចាប់ពី៤គីឡូក្រាមចុះក្រោម ឈ្មួញទិញត្រឹមតែ១គីឡូក្រាម៣៥០រៀលប៉ុណ្ណោះ ដែលខុសពីឆ្នាំមុន ល្ពៅលេខ១ ឈ្មួញទិញ១គីឡូក្រាម ក្នុងតម្លៃ២០០០ទៅ ២៥០០រៀលឯណោះ។
លោកបន្តទៀតថា ដំណាំល្ពៅក្នុងចម្ការខាងលើ បេះបានចំនួន៥ទៅ៦សារមកហើយ តែការប្រមូលផលនៅពេលនេះដោយសារតែភ្លៀងខ្លាំងពេក នាំឱ្យមានការលំបាក ដឹកចេញពីក្នុងចម្ការ គាត់បន្ថែមទៀតថា ការដាំល្ពៅនេះមិនមានការលំបាកប៉ុន្មាននោះទេ ដោយគ្រាន់តែប្រើជី និងបាញ់ថ្នាំកំចាត់សត្វល្អិត ហើយជួលកម្មករ បេះក្នុង១តោន អស់៥ម៉ឺនរៀល ចំណែកការលីសែងដាក់រថយន្ត គឺឈ្មួញជាអ្នកចេញថ្លៃឈ្នួលវិញ។
ចំណែកឈ្មួញម្នាក់ ឈ្មោះ ម៉ាន លីន ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅក្នុងក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា រហូតមកដល់ពេលនេះតម្លៃទីផ្សារដំណាំបន្លែល្ពៅ មានការ ធ្លាក់ចុះជាងឆ្នាំមុនខ្លាំង ដោយគាត់ទិញពីម្ចាស់ចម្ការ ដឹកតាមរថយន្តយកទៅលក់បន្តនៅប្រទេសវៀតណាម រីឯខាងប្រទេសថៃ អត់ទទួលទិញបន្លែផ្លែល្ពៅទាំងនេះទេ។
ប្រភពបន្តទៀតថា ទោះបីជាយ៉ាងណាក៏ខាងគាត់នៅតែដើរទិញបន្លែនេះ ដឹកយកទៅលក់បន្តទៀត គឺឱ្យតែមាននឹងទិញយកទាំងអស់តែម្តង ដោយគិតតាមតម្លៃទីផ្សារ និងប្រភេទល្ពៅល្អ ឬមិនសូវល្អប៉ុណ្ណោះ៕