(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានជំរុញលើកទឹកចិត្តដល់កម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ឲ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ជាពិសេសត្រូវអនុវត្តន៍ផែនការយុទ្ធសាស្ត្រលុបបំបាត់ជំងឺគ្រុនចាញ់នៅតាមបណ្តាខេត្ត ដែលនៅមានករណីគ្រុនចាញ់នៅឡើយ។
លោកស្រីថ្លែងបន្ដថា នាជំហានចុងក្រោយនេះ ដោយត្រូវមានភាពច្បាស់លាស់ទាំងបច្ចេកទេស កម្រិតហានិភ័យ បញ្ហាដែលនឹងអាចជួបប្រទះនាពេលខាងមុខ និងធនធានថវិកា ដែលលោកស្រី «អាចនឹងស្វែងរកកៀរគរជំនួយថវិកាបន្ថែមទៀត ប្រសិនបើអាចកំណត់បានច្បាស់នូវសកម្មភាពចាំបាច់ៗដែលត្រូវធ្វើក្នុងរយៈពេលត្រីមាសទី៤ នៃឆ្នាំ២០២០ ដើម្បីសម្រេចបាននូវគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទសន្ធំនាដំណាច់ឆ្នាំ២០២០នេះ»។
ការថ្លែងបែបនេះរបស់លោកស្រីវេជ្ជបណ្ឌិត លី អាយលែន ក្នុងឱកាសអញ្ជើញជាអធិបតីភាពជាមួយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល, មន្ត្រីបច្ចេកទេស និងថ្នាក់ដឹកនាំ ម.គ.ច, ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់ និងមន្ត្រីជំនាញរបស់ WHO ក្នុងកិច្ចប្រជុំ ពិភាក្សាការងារលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា សម្រាប់ជំហានចុងក្រោយនៃការសម្រេចគោលដៅឆ្នាំ២០២០នេះ។
កិច្ចពិភាក្សានេះ បាន ប្រព្រឹត្ដទៅនារសៀលថ្ងៃទី០៦ ខែតុលានេះ នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺ គ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ (ម.គ.ច) ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធភាព និងសកម្មភាពសំខាន់សំដៅកំណត់បានជាយុទ្ធសាស្ត្របន្ថែម លើកិច្ចការការលុបបំបាត់ជំងឺគ្រុនចាញ់បច្ចុប្បន្ន នៅក្នុងខេត្តមួយចំនួន ដែលនៅមានអត្រាឈឺនៅឡើយ។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធាន ម.គ.ច បានលើកឡើងអំពីស្ថានភាពជំងឺគ្រុនចាញ់ និងលទ្ធផលសម្រេចបាន លើការងារលុបបំបាត់គ្រុនចាញ់ គិតត្រឹមខែសីហាឆ្នាំ២០២០ និងជំហ៊ានបន្ទាប់ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឆ្នាំ២០២៥ ដោយមានការពន្យល់បន្ថែម ពីមន្ត្រីជំនាញអង្គការសុខភាពពិភពលោក ផ្នែកជំងឺគ្រុនចាញ់នេះ។
ទន្ទឹមនឹងនោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានសំដែងនូវការកោតសរសើរលើលទ្ធផលនៃការងារលុបបំបាត់ជំងឺគ្រុនចាញ់កន្លងមក របស់ ម.គ.ច។លោកស្រីថ្លែងទៀតថា «ទោះបីជាជំងឺគ្រុនចាញ់ថយចុះយ៉ាងគំហុកក៏ដោយ ក៏យើងមិនត្រូវស្កប់ស្កល់នឹងជោគជ័យនេះទេ យើងត្រូវតែធ្វើការងារឲ្យបានខ្លាំងក្លាថែមទៀត នៅក្នុងជំហានចុងក្រោយនៃឆ្នាំ២០២០នេះ»។
លោកស្រីបន្ថែមថា ក្នុងនោះសំដៅលុបបំបាត់ជំងឺគ្រុនចាញ់ តាមគោលដៅដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១៦-២០២៥ ដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ផែនការយុទ្ធសាស្ត្រនេះ ជូនរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង សម្រាប់មកអនុវត្តន៍។
លោកស្រីរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា «យើងត្រូវពិនិត្យ ពិភាក្សា និងកំណត់នូវយុទ្ធសាស្ត្រថ្មីដែលមានប្រសិទ្ធិភាពបន្ថែមទៀត ដោយត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយទាំងបច្ចេកទេស និងការងារអនុវត្តន៍ជាក់ស្តែង ដើម្បីចៀសវាងមានបញ្ហា និងការយល់ច្រឡំដែលអាចកើតមានឡើងក្នុងចំណោមមតិសាធារណៈ»។
លោកស្រី ក៏បានជំរុញឲ្យមានការពិចារណាដោយលក្ខណៈបច្ចេកទេសត្រឹមត្រូវ ក្នុងការប្រើវិធីសាស្ត្រលេចថ្នាំការពារ និងព្យាបាលប៉ាស៉ាស៊ីតគ្រុនចាញ់ជាមុន បន្ថែមលើការប្រើប្រាស់មុង និងថ្នាំលាបការពារមូស មុននឹងបុគ្គលធ្វើដំណើរចូលទៅកាន់កន្លែងដែលមានហានិភ័យឆ្លងជំងឺគ្រុនចាញ់ខ្ពស់ ដូចជាភ្នំ ឬកន្លែងដែលមានព្រៃច្រើនជាដើម។
ក្រោយពីបានពិនិត្យ និងពិភាក្សាគ្នាយ៉ាងផុលផុសពីគ្រប់ភាគីទាំងអស់ ការប្រជុំនេះបានកំណត់នូវចំនូចសំខាន់ៗ សម្រាប់ដាក់ជូនរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិនិត្យ និងសម្រេច ដែលមានដូចខាងក្រោម៖
១៖ មន្ត្រីជំនាញទាំង ម.គ.ច និង WHO ត្រូវកំណត់ចំនួនខេត្តដែលនៅមានជំងឺគ្រុនចាញ់ ដើម្បីជម្រុញអនុវត្តន៍ការងារលុបបំបាត់ជំងឺគ្រុនចាញ់ នៅជំហានចុងក្រោយនៃឆ្នាំ២០២០នេះ
២៖ ផ្តល់ជំនួយបច្ចេកទេសបន្ថែមពីអង្គការសុខភាពពិភពលោក និងការរៀបចំលម្អិតលើជំហានចុងក្រោយសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ នៅដំណាច់ ឆ្នាំ២០២០ និងឈានទៅគ្មានជំងឺគ្រុនចាញ់ប្រភេទគ្រុនសន្ធំនៅឆ្នាំ២០២៣ (Last Mile Malaria Elimination Efforts By 2020 for P.F elimination and maintain zero by 2023)
៣៖ ត្រូវធានាឲ្យមានលក្ខណៈបច្ចេកទេសសមស្រប និងធានាឲ្យការអនុវត្តន៍ការលេបថ្នាំការពារជាមុននេះ អាចធ្វើទៅបានដោយរួមបន្ថែមជាមួយកិច្ចការកំពុងតែធ្វើស្រាប់ ដើម្បីជំរុញឲ្យមានលទ្ធផលល្អប្រសើរសម្រាប់សម្រេចគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់នេះ
៤៖ ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ និងការគាំទ្រពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងបន្ថែម និងការជួយស្វែងរកធនធានបន្ថែមសម្រាប់បំពេញកង្វះខាត នៅក្នុងការអនុវត្តន៍សកម្មភាពជាចាំបាច់សម្រាប់ជំហានលុបបពពាត់ជំងឺគ្រុនចាញ់ចុងក្រោយនេះ
៥៖ ត្រូវកែសម្រួលការប្រើប្រាស់ពាក្យសំខាន់ៗ សម្រាប់គោលដៅចំណុច ដូចជាពាក្យ អ្នកចូលព្រៃ (Forest-Goer) គួរផ្តូរ ទៅជា អ្នកចូលទៅតំបន់ប្រឈមជំងឺគ្រុនចាញ់ (Travelers to malaria risk area) ដែលមានន័យរួមបញ្ចូលទាំងអ្នកប្រកបរបរអនុផលនៅក្នុងព្រៃភ្នំ អ្នកទៅបោះជុំរុំនៅតាមព្រៃ ឬអ្នកដើរកម្សាន្តក្នុងព្រៃ ជាដើម ដែលពួកគាត់មានហានិភ័យនៃការឆ្លងជំងឺគ្រុនចាញ់។
៦៖ ត្រូវប្រើយុទ្ធសាស្ត្រចម្រុះ ក្នុងការគ្រប់គ្រងភ្នាក់ងារចម្លងជំងឺគ្រុនចាញ់ ដោយដាក់បញ្ចូលថ្នាំលាបការពារមូសខាំផងដែរ ការប្រើប្រាស់មុងផង និងការលេបថ្នាំការពារជាមុនផង ដោយរួមបញ្ចូលការពន្យល់ពីរបៀបប្រើប្រាស់ និងការអប់រំសុខភាព។
៧៖ ត្រូវធ្វើតេស្តរកមេរោគគ្រុនចាញ់ និងលេបថ្នាំការពារជំងឺគ្រុនចាញ់ មុនចូលទៅតំបន់ប្រឈមជំងឺគ្រុនចាញ់ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន (ភូមិ ឃុំ ខេត្ត) ដើម្បីកំណត់មុខសញ្ញាបុគ្គល ដែលនឹងទៅកាន់តំបន់ប្រឈមជំងឺគ្រុនចាញ់នៅតាមភូមិ ដែលនៅមានជំងឺគ្រុនចាញ់ប្រមាណជា៦០ភូមិ នៅទូទាំងប្រទេស។
៨៖ ត្រូបញ្ជាក់ និងបែងចែកតួនាទី និងភារកិច្ច អ្នកដែលចូលរួមក្នុងការអនុវត្តសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់នៅថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងចំនួនកម្លាំងដែលត្រូវចូលរួមការងារនេះ
៩៖ សកម្មភាពការងារ សម្រាប់ក្រុមដែលចូលទៅកាន់កន្លែងប្រឈមនឹងជំងឺគ្រុនចាញ់ រួមមាន ការផ្តល់មុងរយៈពេលវែង ការផ្តល់ថ្នាំលាបការពារមូសខាំ ការធ្វើតេស្តរកមេរោគគ្រុនចាញ់នៅតាមផ្ទះរាល់សប្តាហ៍ ការអប់រំសុខភាព/បំផុសសហគមន៍/ចលនាសហគមន៍ ផ្តល់ថ្នាំការពារ ការអង្កេតតាមដាន ការតាមដានផលប៉ះពាល់ដែលអាចនឹងកើតមាន និងការព្យាបាល ជាដើម។
១០៖ ត្រូវពង្រឹងការងារតាមដានជំងឺ តាមដានសកម្មភាពការងារ តាមដានផលប៉ះពាល់ផ្សេងៗ និងការត្រៀមឆ្លើយតបក្នុងករណីមានបញ្ហាជាយថាហេតុ។
១១៖ ជំរុង និងគាំទ្រអ្នកស្ម័គ្រចិត្តតាមភូមិ ដែលជួយលើការងារលុបបំបាត់ជំងឺគ្រុនចាញ់ ដោយធ្វើឲ្យមានជំនឿលើការងារអ្នកស្ម័គ្រ ដែលមានកំណត់ច្បាស់លាស់ សុវត្ថិភាពនៃការធ្វើដំណើរ និងអំពើរំលោភបំពាននានាជាដើម។
១២៖ ត្រូវរៀបចំឯកសារលម្អិត ស្របតាមខ្លឹមសារនៃកិច្ចពិភាក្សាគ្នា ដោយកំណត់ឲ្យបានច្បាស់លាស់នូវយុទ្ធសាស្ត្រ ដែលត្រូវបន្ថែមលើយុទ្ធសាស្ត្រដែលមានស្រាប់ សំដៅលុបបំបាត់ជំងឺគ្រុនចាញ់នាជំហានចុងក្រោយនេះ ដើម្បីដាក់ជូនឯរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិនិត្យ និងសម្រេចជាចុងក្រោយ មុននឹងយកទៅអនុវត្តន៍នៅតាមមូលដ្ឋានដែលនឹងត្រូវកំណត់៕