(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយធ្វើការបកស្រាយបំភ្លឺ ករណីផ្សព្វផ្សាយបន្លំបោកប្រាស់ក្នុងបណ្ដាញសង្គម អំពីឧបករណ៍សន្សំសំចៃថាមពលអគ្គិសនី Energy Saving Box ឬ Electricity Saving Box ។

អគ្គិសនីកម្ពុជាបានបញ្ជាក់ថា នាពេលថ្មីៗនេះ មានទំព័របណ្ដាញសង្គម Facebook ឈ្មោះ Cambodia Green Energy និងទំព័របណ្ដាញសង្គម Facebook មួយចំនួនទៀត បានផ្សព្វផ្សាយអំពីឧបករណ៍អគ្គិសនីមួយ ដែលទំព័របណ្ដាញសង្គម Facebook ទាំងនោះហៅថា Energy Saving Box ឬ Electricity Saving Box និងបានធ្វើការផ្សព្វផ្សាយបោកប្រាស់ថា ឧបករណ៍នោះអាចសន្សំសំចៃថាមពល អគ្គិសនីបានដល់ទៅ ៤០% ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់អគ្គិសនីបង់ថវិកាតិចជាងមុន។

អគ្គិសនីកម្ពុជា បានបញ្ជា់ថា តាមការគាស់ពិនិត្យ ខាងក្នុងឧបករណ៍នេះ ឃើញមានតែបរិក្ខារអគ្គិសនីមួយប្រភេទ ដែលភាសាបច្ចេកទេសអគ្គិសនីគេហៅថា កុងដង់ សាទ័រ មួយគ្រាប់តូចប៉ុណ្ណោះ ដែលអាចទិញបាននៅទីផ្សារក្នុងតម្លៃប្រហែល២ដុល្លារប៉ុណ្ណោះ។ កុងដង់សាទ័រ គឺជាឧបករណ៍សម្រាប់ភ្ជាប់បន្ថយថាមពលអសកម្ម (Reactive Power) និងបន្ថយការធ្លាក់តង់ស្យុង ដែលកើតឡើងដោយសារការប្រើប្រាស់អគ្គិសនីច្រើន ប៉ុន្តែការយកកុងដង់សាទ័រមួយគ្រាប់តូចមកថា ជាការសន្សំសំចៃដូច្នេះ គឺជាការបោកប្រាស់ទាំងស្រុង។

អគ្គសនីកម្ពុជា ពន្យល់ថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចំពោះអ្នកប្រើប្រាស់អគ្គិសនីលំនៅដ្ឋានធុនតូច និងមធ្យម ការគិតថ្លៃអគ្គិសនី គឺយកតែលើថាមពលសកម្ម (Active Power) ប៉ុណ្ណោះ មិនយកថ្លៃលើថាមពល អសកម្មឡើយ ដូច្នេះកុងដង់សាទ័រមួយគ្រាប់តូច ក្នុងឧបករណ៍ផ្សព្វផ្សាយបោកប្រាស់ខាងលើ មិនមានប្រយោជន៍ ក្នុងការប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់អគ្គិសនីធុនតូច និងមធ្យមឡើយ។

ចំពោះអ្នកប្រើប្រាស់ធុនធំ និងដុំ ដែលប្រើប្រាស់អគ្គិសនីច្រើន ហើយត្រូវបង់ថ្លៃប្រើប្រាស់ថាមពលអសកម្មចំនួន ១០០រៀល ក្នុង១គីឡូវ៉ារម៉ោង (kVarh) ប្រសិនបើប្រើលើសពីការកំណត់ គេអាចដាក់កុងដង់សាទ័រ ដើម្បីបន្ថយថាមពលអសកម្ម ដែលគេប្រើក៏គេត្រូវដាក់កុងដង់សាទ័រនេះ ជាប្រភេទទូធំៗ ដែលមានកុងដង់សាទ័រធំៗដែរ មិនមែនមួយគ្រាប់តូចដូចកុងដង់សាទ័រ គេដាក់នៅក្នុងទូរទស្សន៍ ឬក្នុងម៉ាស៊ីនត្រជាក់ដូច្នេះទេ។

អគ្គិសនីកម្ពុជាពន្យល់ថា «ជារួមឧបករណ៍ដែលបានផ្សព្វផ្សាយខាងលើនេះ ពុំអាចជួយអ្វីបានទាំងអស់ដល់អ្នកប្រើប្រាស់អគ្គិសនី នៅកម្ពុជា ការផ្សព្វផ្សាយខាងលើគ្រាន់តែមានចេតនាបន្លំ និងបោកប្រាស់ កេងយកចំណេញពីការលក់ផលិតផល នេះនៅកម្ពុជាប៉ុណ្ណោះ»