(ភ្នំពេញ)៖ បើនិយាយពីកសិកម្ម យើងនឹងនឹកដល់ដីដែលមានជីវជាតិ អាកាសធាតុអំណោចផល និងទឹកសម្រាប់ស្រោចស្រពជាក់ជាមិនខាន។ នៅក្នុងចំណោម៣ចំណុចខាងលើកម្ពុជាយើងមានស្ទើគ្រប់ចំណុច។ តែអ្វីដែលរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធកំពុងតែស្វែងរកវិធីដោះស្រាយនោះ គឺការបង្កើត និងរក្សា ប្រព័ន្ធបង្ហូរទឹក និងអាងស្តុកទឹក ដែលមានគុណភាព។ ព្រោះនៅកម្ពុជាសម្បូរទៅដោយដី និងអាកាសធាតុ ដែលជាផ្នែកដ៏សំខាន់នៅក្នុងការអភិវឌ្ឍវិស័យកសិកម្ម។ ហើយប្រសិនជាមានទឹកគ្រប់គ្រាន់ទៀតនោះ ច្បាស់ជាអាចធ្វើឲ្យកសិករ កាន់តែងាយស្រួលនៅក្នុងការធ្វើកសិកម្មខួបប្រាំងខួបវស្សា។
ដោយមើលឃើញពីភាពចាំបាច់នូវតម្រូវការផ្គត់ផ្គង់ និងរក្សាទឹកទុករបស់កសិករកម្ពុជា ទើបប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានបង្កើតទំនាក់ទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្តនៅលើពិភពលោក ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាមិត្តទាំងអស់ អាចជួយដល់ការភិវឌ្ឍបន្ថែមនៅកម្ពុជា។
ជាលទ្ធផលប្រទេសដែលបានជួយជ្រោមជ្រែងក្នុងការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តនៅកម្ពុជារួមមាន ប្រទេសចិន ឥណ្ឌា ជប៉ុន អូស្រា្តលី កូរ៉េខាងត្បូង អ៉ីតាលី បារាំង និង បណ្ដាអង្គការអន្តរជាតិជាច្រើនទៀត។ នៅក្នុងបណ្ដាប្រទេសនិងអង្គការអន្តរជាតិដែលជួយដល់ការអភិវឌ្ឍធនធានទឹកនៅកម្ពុជា គឺប្រទេសចិន ជាប្រទេសដែលបានជួយក្នុងការជួយលើការកសាងប្រព័ន្ធធារាសាស្រ្ត និងអាងស្តុកទឹកច្រើនជាងគេ។ ដោយគិតពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ រដ្ឋាភិបាលចិនបានផ្ដល់ឥទានការប្រាក់ទាប ក្នុងការកសាង ស្ដារ ប្រឡាយមេធំ ប្រឡាយមេ ប្រឡាយរំដោះទឹកមេ ប្រឡាយរំដោះទឹករង ប្រឡាយនាំទឹក និងអាងស្ដុកទឹកជាដើម ដែលគិតជាទឹកប្រាក់ប្រមាណ៩០០លានដុល្លារអាមេរិក។
ទឹកប្រាក់ជាង៩០០លានដុល្លារនេះ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម យកមកប្រើប្រាស់លើគម្រោងចំនួន១៣ និងគម្រោងខ្លះធ្វើឡើងចំនួន២ជំហាន។ គម្រោងទាំង១៣រួមាន៖
១៖ គម្រោងអភិវឌ្ឍន៍ស្រោចស្រពកង្ហតខេត្តបាត់ដំបង ដែលបានចាប់ផ្ដើមនៅឆ្នាំ២០០៩ និងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០១៥។
២៖ គម្រោងការពារទឹកជំនន់ទន្លេកំពង់ត្របែក នៅខេត្តព្រៃវែង ដែលបានចាប់ផ្ដើមកសាងនៅឆ្នាំ២០០៩ និងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០១៥។
៣៖ គម្រោងអភិវឌ្ឍន៍ធនធានទឹកព្រែកស្ទឺងកែវ ខេត្តកំពត ដែលបានចាប់ផ្ដើមកសាងនៅឆ្នាំ២០០៩ និងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០១៥។
៤៖ គម្រោងអភិវឌ្ឍន៍ស្ទឹងពោធិ៍សាត់ទំនប់លេខ៣ និងលេខ៥ ខេត្តពោធិ៍សាត់ ផ្ដើមកសាងនៅឆ្នាំ២០១០ និងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០១៦។
៥៖ គម្រោងអភិវឌ្ឍន៍ស្រោចស្រពកង្ហតជំហាន២ នៅខេត្តបាត់ដំបង ផ្ដើមកសាងនៅឆ្នាំ២០១១ និងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០១៦។
៦៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តវ៉ៃកូជំហាន១ នៅខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង ផ្ដើមកសាងនៅឆ្នាំ២០១១ និងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០១៧។
៧៖ គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្រែង ខេត្តសៀមរាប បន្ទាយមានជ័យ និងឧត្តរមានជ័យ ផ្ដើមកសាងនៅឆ្នាំ២០១០ និងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០១៥។
៨៖ គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្ទោង ខេត្តកំពង់ធំ ផ្ដើមកសាងនៅឆ្នាំ២០១២ និងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០១៨។
៩៖ គម្រោងអភិវឌ្ឍន៍ពហុបំណងបាត់ដំបង នៅខេត្តបាត់ដំបង ផ្ដើមកសាងនៅឆ្នាំ២០១២ និងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០១៨។
១០៖ គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងជីក្រែង ជំហាន១ ខេត្តសៀមរាប ផ្ដើមកសាងនៅឆ្នាំ២០១៣ និងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០១៨។
១១៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពអាចាង ខេត្តកំពង់ឆ្នាំង ផ្ដើមកសាងនៅឆ្នាំ២០១៣ និងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០១៨។
១២៖ គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្រែង ជំហាន២ ខេត្តឧត្តរមានជ័យ ផ្ដើមកសាងនៅឆ្នាំ២០១៣ និងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០១៩។
១៣៖ គម្រោងអភិវឌ្ឍន៍ស្ទឹងពោធិ៍សាត់ទំនប់លេខ៣ និងលេខ៥ ជំហានទី២ ខេត្តពោធិ៍សាត់ ផ្ដើមកសាងនៅឆ្នាំ២០១៦ និងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០១៩។
ក្រៅពីគម្រោងដែលបានសាងសង់រួចរាល់ ថវិកាដែលបានពីឥទានការប្រាក់ទាបរបស់រដ្ឋាភិបាលចិន ក៏បាននិងកំពុងដំណើរការលើគម្រោងចំនួន២បន្ថែមទៀត ក្នុងនោះរួមមាន គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តវ៉ៃកូជំហាន២ នៅខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង ផ្ដើមកសាងនៅឆ្នាំ២០១៤ គិតមកដល់បច្ចុប្បន្នបានរួចរាល់ប្រមាណ៩៩ភាគរយហើយ។ ចំណែកឯគម្រោងបន្ទាប់ទៀតគឺគម្រោងអភិវឌ្ឍន៍អាងទឹករក្សា ខេត្តព្រះវិហារ ដែលផ្ដើមសាងសង់នៅឆ្នាំ២០១៨ ហើយគិតមកដល់បច្ចុប្បន្ន បានរួចរាល់ប្រមាណជិត៥០ភាគរយ។
យោងតាមរបាយការណ៍ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ការកសាង និងស្ដារ ប្រព័ន្ធផ្គត់ទឹក សម្រាប់បម្រើដល់វិស័យកសិកម្មនៅកម្ពុជា ដែលទទួលបានពីឥទានការប្រាក់ទាបរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន មានប្រវែងសរុប ប្រមាណជាង១៤០០គីឡូម៉ែត្រ។ ដែលនេះចំនួនដ៏ច្រើនសម្បើមមួយដែលកម្ពុជាទទួលបានពីការជួយជ្រោមជ្រែងពីសំណាក់រដ្ឋាភិបាលចិន។
យ៉ាងណាមិចទឹកប្រាក់ដែលរដ្ឋាភិបាលចិនបានផ្ដល់មកឲ្យរដ្ឋាភិបាលកម្ពុជាក្នុងការស្ថាបនាប្រព័ន្ធធារាសាស្រ្តនៅកម្ពុជានេះនៅមិនទាន់គ្រប់គ្រាន់សម្រាប់តម្រូវការអភិវឌ្ឍន៍ធនធានទឹកនៅកម្ពុជាឡើយ។ បើតាមការរបាយការណ៍ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា យ៉ាងហោចណាស់ក្រសួងត្រូវការថវិកាប្រមាណ៥៦០លានដុល្លាររៀងរាល់ឆ្នាំ និងត្រូវចំណាយរយៈពេលយូរទៀតសម្រាប់អភិវឌ្ឍន៍ធនធានទឹកនៅកម្ពុជា។
ជាការកត់សម្គាល់ពាក់ព័ន្ធនិងវិស័យកសិកម្មនៅកម្ពុជា រដ្ឋាភិបាលចិន មិនត្រឹមតែជួយកម្ពុជាលើការកសាងប្រព័ន្ធធារាសាស្រ្តឡើយ ប្រទេសមិត្តដែកថែបមួយនេះថែមទាំងបានជួយក្នុងការសាងសង់ឃ្លាំងសម្ងួតស្រូវ ផ្លូវលំនៅជនបទ ស្រះទឹក និងអណ្ដូងទឹកជាដើម។ មិនត្រឹមតែប៉ុណ្ណោះកម្ពុជា និងចិន ក៏ទើបតែបិតបញ្ចប់ការចចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី(FTA)រវាងប្រទេសទាំងពីរផងដែរ។ ហើយកិច្ចព្រមព្រៀងនេះត្រូវបានអ្នកជំនាញសេដ្ឋកិច្ច និងនយោបាយ យល់ឃើញនឹងអាចធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍបានឆាប់រហ័សទៀតផង។
គួរជម្រាបថា នៅឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករបាន ៦២ម៉ឺនតោន ខណៈការនាំចេញស្រូវក្រៅផ្លូវការ នៅ ទៅកាន់ប្រទេសវៀតណាម ចំនួនជាង ២លានតោន តាមខេត្តជាប់ព្រំដែនដូចជា តាកែវ ព្រៃវែង ស្វាយរៀង កណ្តាល និងកំពត។
ដោយឡែករយៈពេល៦ខែ ឆ្នាំ២០២០នេះ ស្រូវប្រមាណ ១លានតោន ត្រូវបាននាំចេញតាមខេត្តកំពត តាកែវ កណ្តាល ព្រៃវែង និងស្វាយរៀង ទៅប្រទេសវៀតណាម។ រីឯអង្ករជាង ៤០ម៉ឺនតោន ត្រូវបាននាំទៅកាន់ប្រទេសទីផ្សារគោលដៅប្រមាណ ៥៦ប្រទេស។ តាមរយៈតួលេខដែលបង្ហាញដោយក្រសួងកសិកម្ម៕
ប្រព័ន្ធធារាសាស្ត្រស្រែង២ ក្នុងខេត្តឧត្តរមានជ័យ
អាងទឹករក្សា ស្ថិតក្នុងខេត្តព្រះវិហារ
ប្រព័ន្ធធារាសាស្ត្រកង្ហត ស្ថិតក្នុងខេត្តបាត់ដំបង
ប្រព័ន្ធ ធារាសាស្ត្រ វ៉ៃ កូរ ស្ថិត ក្នុង ខេត្ត កំពង់ចាម ព្រៃវែង និង ខេត្ត ស្វាយរៀង
ប្រព័ន្ធ ធារាសាស្ត្រ ជីក្រែង ស្ថិត ក្នុង ខេត្ត សៀមរាប