(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អមដំណើរដោយប្រធានមន្ទីរជំនាញពាក់ព័ន្ធ នាយករដ្ឋបាលខេត្ត អភិបាលស្រុក និងមន្ត្រីជាច្រើនរូបទៀត កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកភ្លៀង ស្ថានភាពបង្កបង្កើនផលដំណាំស្រូវ របស់ប្រជាពលរដ្ឋ រួមទាំងបញ្ហាហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងស្រុកសំរោងទង និងស្រុកឧដុង្គ ដែលរងនូវផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។
ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះ លោក វ៉ី សំណាង បានណែនាំដល់មន្ទីរជំនាញអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវត្រៀមវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយកើតឡើងធ្ងន់ធ្ងរ ប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងការចុះពិនិត្យស្ថានភាពទឹកជំនន់នេះដែរ លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា ស្ថានភាពទឹកភ្លៀងនៅពេលនេះ មិនទាន់មានសភាពធ្ងន់ធ្ងរ ឬក៏ឈានទៅដល់ការប្រកាសអាសន្ន ណាមួយនោះទេ តែផលប៉ះពាល់ដែលរងគ្រោះដោយសារទឹកភ្លៀងនេះ មិនមែនមានតែក្នុងស្រុកសំរោងទង និងស្រុកឧដុង្គនោះទេ គឺមានការលិចលង់នៅតាមបណ្តា ក្រុង ស្រុក ឃុំ សង្កាត់ ជាច្រើនទៀត នៅក្នុងខេត្តកំពង់ស្ពឺ ដូច្នេះសូមលោកអភិបាលក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធ ត្រូវតាមដានស្ថានភាពទឹកភ្លៀងនេះ ត្រូវរាយការណ៍មកអាជ្ញាធរខេត្ត ដើម្បីចាត់វិធានការ ចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។
ជាមួយគ្នានេះដែរ លោកបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាព ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាពិសេស ត្រូវប្រុងប្រយ័ត្នចំពោះមនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ ឬ ភ្លៀង ហាមជ្រកក្រោមដើមឈើ និងប្រយ័ត្នចំពោះពពួកសត្វមានពឹសជាដើម៕