(កំពង់ធំ)៖ ដោយអនុវត្តទៅលើគោលនយោបាយ SME BANK ដែលផ្ដល់កម្ចីក្នុងអត្រាការប្រាក់ទាបបំផុត ខេត្តកំពង់ធំបានរៀបចំប្រកាសទទួលស្គាល់លោកស្រី ឡូវ ឡៃងីម ជាប្រធានសហគ្រាស ធុនតូច និងមធ្យមនៅខេត្ត ក្រោមអធិបតីភាពលោកឧកញ៉ា តែ តាំងប៉ ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោក សុខ លូ អភិបាលកំពង់ធំ នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ដោយមានការចូលរួមពីមន្ត្រីរាជការ សមាជិក សមាជិកា សហគ្រាសធុនតូច និងមធ្យមជាង១០០នាក់។
លោក សុខ លូ បានថ្លែងថា ខេត្តកំពង់ធំ គឺជាខេត្តដែលមានសក្តានុពលមួយសម្រាប់អ្នកវិនិយោគ ហើយខេត្តនេះមានសណ្ឋានភាពដីអំណាយផលខាងផ្នែកកសិកម្ម ដូចជា ស្វាយចន្ទី ដំណាំកៅស៊ូ ដំណាំងស្រូវ និងដំណាំផ្សេងៗទៀត។ សព្វថ្ងៃខេត្តកំពង់ធំ កំពុងជួបបញ្ហាផ្នែកប្រព័ន្ធទឹកស្អាតដោយសារការផលិតត្រូវប្រើរយៈពេលយូរ ហើយតម្រូវការអ្នកប្រើច្រើនជាងការផលិត។
លោកបានបន្តថា «ឥឡូវនេះយើងបានសហការជាមួយក្រុមហ៊ុនជប៉ុនមួយ សាងសង់អាងផលិតទឹកស្អាតថ្មី និងគ្រោងដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ២០២០»។
លោកឧកញ៉ា តែ តាំងប៉ បានលើកឡើងថា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានធ្វើសិក្ខាសាលា ៥ខេត្តរួចមកហើយរួមមាន៖ ខេត្តកណ្តាល ព្រៃវែង ពោធិ៍សាត់ បាត់ដំបង និងកំពង់ចាមដែលរបៀបវរៈការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ។
លោកឧញ៉ា បន្តថា «សមាគមបានបើកកិច្ចប្រជុំនេះឡើង ក្នុងន័យជួយផ្ដល់ជាយុទ្ធសាស្ត្រ ក្នុងការដោះស្រាយបំណុលជាមួយធនាគារ និងនីតិវិធីដើម្បីអាចងាយខ្ចីប្រាក់ពី SME BANK ពីរាជរដ្ឋាភិបាលកម្ពុជាបានស្របច្បាប់ និងងាយស្រួល ខណៈបើសិនជាដោះបញ្ហានេះបាន ហើយខ្ចីលុយពីរដ្ឋាភិបាលពិតមែន នោះម្ចាស់សហគ្រាសនឹងធូរស្រាលបន្ទុកមួយកម្រិត ខណៈអត្រាការប្រាក់ពី SME BANK មានកម្រិតទាបបំផុត។ គោលនយោបាយ SME BANK ដែលផ្ដល់កម្ចីក្នុងអត្រាការប្រាក់ទាបបំផុត ដែលនេះជាគោលនយោបាយ ជួយដល់ម្ចាស់សហគ្រាទាំងអស់ទូទាំងប្រទេស ឱ្យមានក្ដីសង្ឃឹមឡើងវិញខណៈកូវីដ១៩»។
ជាមួយគ្នានេះដែរ លោកឧកញ៉ា បានស្នើដល់ក្រសួងពាក់ព័ន្ធ មេត្តាបង្កើនកម្មវិធីតាំងពិពរណ៍ផលិតផលក្នុងស្រុក ហើយពលរដ្ឋខ្មែរទាំងអស់ ក៏សូមចូលរួមគាំទ្រទិញផលិតផលក្នុងស្រុកឱ្យបានច្រើន ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ច និងបង្កើនការងារដល់ប្រជាកសិករឱ្យបានកាន់តែច្រើនឡើង កាត់បន្ថយការចំណាកស្រុកជាដើម។
លោកឧញ៉ា បានលើកទឹកចិត្តដល់ម្ចាស់សហគ្រាសទាំងអស់ ឱ្យមានសង្ឃឹមឡើងវិញ ខណៈលោកក៏ជំរុញឱ្យម្ចាស់សហគ្រាសទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្របង្កើនសមត្ថភាព ផលិតរបស់ខ្លួនបង្កើនឱ្យស្របតាមស្តង់ដារ និងមានគុណភាពល្អដើម្បីប្រកួតប្រជែងទីផ្សារក្នុងស្រុកនិងទីផ្សារអន្តរជាតិ។
លោកស្រីឡូវ ឡៃងីម ដែលជាប្រធានទើបតែងតាំងថ្មី បានប្ដេជ្ញាថា នឹងជួយសហគ្រាសទាំងអស់នៅខេត្តកំពង់ធំ តាមដែលអាចធ្វើទៅបាន ក្នុងទិសដៅរួមនៃការអភិវឌ្ឍន៍ការរីកចម្រើន និងបង្កើតបង្កើនការងារដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ឲ្យមានកម្រិតជីវភាពប្រសើរឡើងកាត់បន្ថយចំណាកស្រុក៕