(កំពង់ឆ្នាំង)៖ ដោយសារជំងឺកូវីដ-១៩ បានធ្វើឲ្យប្រជាពលរដ្ឋជាង៥០គ្រួសារ នៅក្នុងភូមិ២ ស្ថិតក្នុងឃុំអ្នកតាហាង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង គឺភូមិអ្នកតាហាង និងភូមិកំពង់ត្រឡាច បានបាត់បង់ចំណូលប្រចាំថ្ងៃ ដោយសារតែធ្លាក់ចុះភ្ញៀវទេសចរណ៍បរទេស ដែលធ្លាប់ធ្វើដំណើរទេសចរណ៍តាមកប៉ាល់ និងដែលបានមកឈប់សំចតកប៉ាល់នៅមុខវត្តកំពង់ត្រឡាចក្រោម ហើយធ្លាប់ជិះរទេះគោរបស់ពួកគាត់លេងកំសាន្តជារៀងរាល់ឆ្នាំ ដើម្បីទស្សនាវត្តអារាម និងមើលទេសភាព ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្រុកស្រែចំការ។
លោក ស៊ិន សារ៉ាត់ ប្រជាពលរដ្ឋរស់នៅក្នុងភូមិអ្នកតាហាង ឃុំអ្នកតាហាង ស្រុកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក៏ដូចជាប្រជាពលរដ្ឋជាច្រើនទៀត បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ជារៀងរាល់ឆ្នាំនៅក្នុងអំឡុងខែកញ្ញា ដល់ខែកុម្ភៈ ប្រជាពលរដ្ឋ២ភូមិ គឺក្នុងភូមិអ្នកតាហាង និងភូមិកំពង់ត្រឡាច ជាង៥០គ្រួសារ នៅក្នុងសហគមន៍ទេសចរណ៍រទេះគោ ដែលធ្លាប់បានដឹកភ្ញៀវ ទេសចរណ៍បរទេសធ្វើដំណើរតាមកប៉ាល់ មកជិះរទេះគោលេងកំសាន្ត មើលវត្តបុរាណរបស់ខ្មែរ និងមើលជីវភាពរស់នៅតាមស្រុកស្រែចំការ ក្នុងមូលដ្ឋានឃុំកំពង់ត្រឡាច គឺក្នុងឆ្នាំ២០២០នេះ ភ្ញៀវទេសចរណ៍មិនបានមកលេងកំសាន្តទៀតដូចពេលមុននោះទេ ដោយសារតែជម្ងឺកូវីដ១៩ ទើបធ្វើឱ្យបាត់បង់ការរកចំណូលបន្ថែមរបស់ពួកគាត់។
ពួកគាត់បានឲ្យដឹងទៀតថា នៅក្នុងឆ្នាំមុនៗកន្លងមកពេលដែលពួកគាត់ជាង ៥០គ្រួសារ បានដឹកភ្ញៀវទេសចរណ៍តាមរទេះគោនោះ គឺមានចម្ងាយប្រមាណពី ៣,៤គីឡូម៉ែត្រ ក្នុងមួយជើងៗគឺបានចំណូលពី៥ ទៅ៦ដុល្លារ និងក្នុង១ថ្ងៃ អាចដឹកភ្ញៀវបាន២ ឬ៣ជើង ប្រាក់ចំណូលក៏បានច្រើនគួរសមផងដែរ ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងក្រុមគ្រួសារ។
រីឯរយៈពេលក្នុងរដូវភ្ញៀវមកលេងកំសាន្តនោះ មានរយៈពេលប្រមាណ៤ទៅ៥ខែឯណោះ តែឆ្នាំនេះជីវភាពរបស់ពួកគាត់គឺបានធ្លាក់ចុះមួយកំរិត ដោយសារជម្ងឺកូវីដ-១៩ ដែលធ្វើឱ្យបាត់បង់ចំណូល មួយចំណែក ដែលជាចំណូលបន្ថែម លើការបង្កបង្កើនផលស្រូវ។ មិនតែប៉ុណ្ណោះនៅក្នុងភូមិអ្នកតាហាងកើតមានអំពើរចោរកម្មដែលថ្មីៗនេះ ត្រូវបានចោរចូលលួចគោពួកគាត់ ដែលធ្លាប់ទឹមរទេះដឹកភ្ញៀវទេសចរណ៍អស់៤នឹមថែមទៀត។
ជុំវិញការដែលបាត់បង់ចំណូលរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់ត្រឡាច ដោយសារមិនមានភ្ញៀវទេសចរណ៍ មកទស្សនាកម្សាន្តនៅស្រុកកំពង់ត្រឡាច ដូចពេលមុននោះ លោក នូ ផល្គុន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះថា កត្តាដែលប៉ះពាល់ដល់ការរកចំណូលរបស់ពួកគាត់ទាំងនេះ ប្រជាពលរដ្ឋ លោកក៏បានដឹងហើយថា គឺបណ្ដាលមកពីជម្ងឺកូវីដ១៩ នេះឯង។
បច្ចុប្បន្នមន្ទីរទេសចរណ៍ ក៏បានអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ ចូលទស្សនាកំសាន្តនៅតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍នានា នៅក្នុងខេត្តកំពង់ឆ្នាំងយើងជាបណ្ដើរៗហើយដែរ តែបងប្អូនដែលមកទស្សនាលេងកំសាន្តនៅតាមរមណីយដ្ឋាន ក៏ដូចជា នៅតាមតំបន់ទេសចរណ៍ផ្សេងៗ ត្រូវតែអនុវត្តទៅតាមវិធានសុវត្ថិភាពទេសចរណ៍ តាមសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ និងក្រសួង សុខាភិបាលឲ្យបានត្រឹមត្រូវ ដោយដាក់មកតាមនូវអាកុល សាប៊ូ ជែល ម៉ាស់ ដោយត្រូវលាងដៃនិងសាប៊ូ ឬជែលជាប្រចាំ ពិសេសត្រូវរក្សាគម្លាតសុវត្ថិភាព ពីគ្នាឲ្យបានពី១.៥ ម៉ែត្រ ទៅ២ម៉ែត្ររឹតតែប្រសើរ និងមានការ ស្ទង់កំដៅឲ្យបានត្រឹមត្រូវផងដែរ។
បើពលរដ្ឋទាំងអស់យកចិត្តទុកដាក់តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដូចជា ការលាងដៃហ្មជាមួយអាល់កុល ឬការវាស់កំដៅ នឹងរក្សាគម្លាតសុវត្ថិភាព ឬពាក់ម៉ាស់ជាដើម នោះយើងនឹងអាចការពារបានជំងឺឆ្លងកូវីដ១៩ ដោយមិនឱ្យចម្លងទៅដល់ក្រុមគ្រួសារ ក៏ដូចជា ឆ្លងចូលក្នុងសហគមន៍របស់យើងបានផងដែរ៕