(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងរយៈពេល៣ខែចុងក្រោយនេះ ក្រសួងសាធារណការ បានផាកពិន័យយានយន្ត ដែលហួសសុពលភាពនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ហៅកាត់ថា «ឆៀក» បានទឹកប្រាក់សរុបជិត ៣ពាន់លានរៀល ហើយបើគិតមកដល់ពេលនេះក៏នៅមានរថយន្តប្រហែលជា៣៦០ពាន់គ្រឿងទៀត ដែលផុតសុពលភាពហើយមិនទាន់បានយកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសនោះទេ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមណ្ឌលឆៀក សាខាកំបូល ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើននោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្នុងរយៈពេលដែលប្រជាពលរដ្ឋ យកយានយន្ត ទៅឆៀក ក៏បានរកឃើញយានយន្ត មិនចូលទៅឆៀក ឬហួសសុពលភាពឆៀកយូរឆ្នាំច្រើនផងដែរ ប៉ុន្តែក្រសួងបានបន្ធូបន្ថយប្រាក់ពិន័យ ដោយយល់ឃើញថា ប្រជាពលរដ្ឋបានប៉ះពាល់សេដ្ឋកិច្ចរួចទៅហើយ ដោយសារជំងឺរាតត្បាតកូវីដ១៩។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា ការរៀបចំធ្វើកន្លែងឆៀកឡានឱ្យបានច្រើនកន្លែងនេះ គឺជាការបង្ខិតសេវាឱ្យបានកាន់តែគៀកទៅកាន់ប្រជាពលរដ្ឋ និងជាកត្តាមួយដ៏សំខាន់ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយនូវបញ្ហាគ្រោះថ្នាក់ចររាចរណ៍ ដែលកើតមកពីកត្តាយានជំនិះដែលខុសលក្ខណៈបច្ចេកទេស ដែលជាក់ ស្តែងមានដូចជា ហ្វ្រាំងមិនស៊ី មិនមានភ្លើង ឫកង់មិនល្អជាដើម ដូចនេះការយករថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ គឺជាការួមចំណែកដ៏ សំខាន់មួយដើម្បីកាត់បន្ថយគ្រោះថ្នាក់ចររាចរណ៍ ដែលគិតមកដល់សព្វថ្ងៃនេះគ្រោះថ្នាក់ចររាចរណ៍នៅតែជាកង្វល់មួយដ៏ធំរបស់ប្រមុខថ្នាក់ដឹកនាំ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា គិតមកដល់ពេលនេះក្រសួងបានទទួលការយករថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកបានច្រើន ហើយក៏នៅមាន រថយន្តប្រហែលជា៣៦០ពាន់គ្រឿងទៀត ដែលផុតសុពលភាពហើយ មិនទាន់បានយករថយន្តមកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅឡើងទេ ដូចនេះហើយសូម ម្ចាស់យានយន្តទាំងអស់ត្រូវយករថយន្តមកឆៀកឱ្យបានទាន់ពេលវេលា ជៀសវាងបង្ករឱ្យមានគ្រោះថ្នាក់ចររាចរណ៍ និងជៀសវាងការផាកពិន័យផងដែរ។
បើតាមលោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានឱ្យដឹងដែរថា សម្រាប់រយៈ៣ខែកន្លងមកនេះនៃការចាប់ផ្តើមអនុវត្តន៍ច្បាប់ផាកពិន័យ លើរថយន្តដែលហួសសុពលភាពឆៀកនេះ មានរថយន្តប្រមាណជាង៨ម៉ឺនគ្រឿង បានយកមកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងបានរកឃើញរថយន្តដែលហួស សុពលភាព និងបានផាកពិន័យប្រមាណជិត២ម៉ឺនគ្រឿង៕