(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ និងសង្វេគជាពន់ពេកចំពោះមរណភាពរបស់លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូនក្រុមគ្រួសារនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ សម្តេច សាយ ឈុំ បានចាត់ទុកមរណភាពរបស់លោកស្រី ងួន សុខា គឺជាការបាត់បង់ឥស្សរជនដ៏ឆ្នើមរបស់ជាតិ ដែលបានបូជាអស់កម្លាំងកាយកម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងបន្សល់ទុកនូវស្នាដៃសំខាន់ៗក្នុងការចូលរួមបម្រើជាតិ សាសនា ព្រះមហាក្សត្រ ដោយស្មោះត្រង់បំផុត។
សូមបញ្ជាក់ថាលោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលមរណភាព នៅម៉ោង៣៖៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ ដោយរោគាពាធ ក្នុងជន្មាយុ៥៩ឆ្នាំ៕