(ភ្នំពេញ)៖ ប្រមុខការទូតរបស់មហាយក្សចិន លោក វ៉ាង យី នឹងអញ្ជើញមកដល់ប្រទេសកម្ពុជាហើយនៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជានាពេលកន្លងទៅបានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចដែលធ្វើឡើងតបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនេះ, លោក វ៉ាង យី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។
លោក វ៉ាង យី ល៏នឹងមានជំនួបប្រជុំផ្លូវការជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។
ក្នុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងឯកសារសំខាន់០២ទៀត រួមមាន៖ លិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងលិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ។
លោក វ៉ាង យី បានក្លាយជាមន្ត្រីជាន់ខ្ពស់នៃប្រទេសជាមិត្តទី២ហើយ ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ក្នុងបរិបទនៃការយាយីដោយជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០។ ភ្ញៀវបរទេសទី១ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា គឺលោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន។ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែសីហា កន្លងទៅនេះ។
ក្រសួងការបរទេសកម្ពុជា បានបង្ហាញការកត់សម្គាល់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី មកកាន់កម្ពុជាលើកនេះ នឹងបន្តពង្រឹងបន្ថែមនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងចិន ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលនៃជំងឺកូវីដ-១៩ ដែលពុំធ្លាប់មានពីមុន៕