(រតនគិរី)៖ ស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ យិន ចំណាន ព្រមទាំងមន្ត្រីនគរបាលក្រោមឱវាទមានសទ្ធាជ្រះថ្លាផ្តួចផ្តើមប្រារព្វអង្គកឋិនទានប្រមូលបានបច្ច័យ៣០,០៤០,០០០រៀល និង៣,៣០០ដុល្លារដង្ហែទៅវេរប្រគេនព្រះសង្ឃ
ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមានៅវត្តគិរីរតនារាមហៅវត្តត្រពាំងក្រហម ស្ថិតក្នុងភូមិត្រហម ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
ដោយមានការចូលរួមពីកងកម្លាំងនគរបាលនៃស្នងការនគរបាលខេត្ត មន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ ពុទ្ធបរិស័ទជិតឆ្ងាយជាច្រើននាក់ ដោយអង្គកឋិនទាននេះប្រារព្វធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់១១ ខែតុលា ឆ្នាំ២០២០។ សម្រាប់ថ្ងៃទី១០ខែតុលាឆ្នាំ២០២០ថ្នាក់ដឹកនាំស្នងការ និងមន្ត្រីនគរបាលក្រោមឱវាទ ពុទ្ធបរិស័ទជិតឆ្ងាយជួបជុំក្រុងពាលី និងសូត្រមន្តសម្តែងធ៌មទេសនាទៅតាមប្រពៃណីព្រះពុទ្ធសាសនា។
បន្ទាប់មកទៀតលុះព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានធ្វើពិធីដង្ហែអង្គកឋិនទានដោយមានត្រៃចីវរ សង្ឃាដីស្បង់ និងទេយ្យទានផ្សេងៗ ព្រមទាំងបច្ច័យសរុបចំនួន៣០,០៤០,០០០លានរៀល និង៣,៣០០ដុល្លារ សម្រាប់ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តគិរីរតនារាម ហៅវត្តត្រពាំងក្រហមនេះ។
ក្នុងឱកាសអង្គកឋិនទាននេះដែរ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរីបញ្ជាក់ថា ដើម្បីធានាបាននូវសុខសន្តិភាពឲ្យបានគង់វង្សជានិរន្តន៍កងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវតែការពារសុខសន្តិភាពដែលមានស្រាប់
ហើយចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ក្នុងការអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពដោយលុបបំបាត់រាល់បទល្មើសនានាក្នុងមូលដ្ឋាន ក៏ដូចរួមគ្នាថែរក្សាអនាម័យឲ្យបានជាប់ជានិច្ច ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ផងដែរ។
គួរបញ្ជាក់ផងដែរថា បុណ្យកឋិនទានគឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏ធំដែលប្រជាពលរដ្ឋខ្មែរចាប់ផ្តើមប្រារព្ធធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា។ បុណ្យកឋិនទានតែងតែដង្ហែចូលគ្រប់ទីវត្តអារាមទាំងអស់ចាប់ពីថ្ងៃ១រោជ ខែអស្សុជ ដល់ថ្ងៃទី១៥កើត
ខែកត្តិក គឺពុំវត្តអារាមណាមួយខកខានឡើយ៕