(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានរៀបចំពិធីដាំកូនឈើប្រភេទឈើធ្នង់ប្រមាណជា ១,០០០ដើម នៅតាមបណ្ដោយផ្លូវចំណុចរង្វង់មូលគល់ស្ពានឆ្លងកាត់ទន្លេ ក្នុងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ។
លោកអភិបាលខេត្តបានថ្លែងក្នុងឱកាសនោះថា «នៅក្នុងខណៈពេលដែលរាជរដ្ឋាភិបាល ជំរុញនូវការអភិវឌ្ឍក្នុងមូលដ្ឋាន ដូច្នេះក្នុងនាមមន្ត្រីអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមទាំងអស់គ្នា ក្នុងការរៀបចំសោភ័ណភាព ឲ្យស្រស់បំព្រង នៅក្នុងមូលដ្ឋានរបស់យើងផងដែរ។ ជាពិសេសការចូលរួមដាំកូនឈើនាពេលនេះ ពិតជាមានតម្លៃនឹងមានប្រយោជន៍យូរអង្វែង ពោលគឺបានចូលរួមកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សោភ័ណភាព នៅក្នុងទីប្រជុំជនរបស់យើងនេះតែម្តង»។
លោកអភិបាលខេត្តបានថ្លែងបន្តថា «ស្ពានឆ្លងកាត់ទន្លេក្នុងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់ជូនជាពិសេសដល់ប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីបម្រើដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាលើកស្ទួយសេដ្ឋកិច្ចជីវភាពគ្រួសារក្នុងតំបន់ផងដែរ។ ដូច្នេះយើងត្រូវរួមគ្នាធ្វើយ៉ាងណាឲ្យតំបន់របស់យើងនេះ
មានការអភិវឌ្ឍន៍រីកចម្រើន សមស្របទៅនឹងសមិទ្ធផលដ៏ថ្លៃថ្លានេះ ម្យ៉ាងទៀតការដាំដើមឈើប្រភេទឈើប្រណិត នាពេលនេះ ក៏បានមកជាមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់ក្រោយផងដែរ»។
លោកអភិបាលខេត្ត បានយកឱកាសនោះថ្លែងអំណរគុណផងដែរ ដល់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានជួយឧបត្ថម្ភកូនឈើប្រណិត ប្រភេទឈើធ្នង់នេះចំនួន១,០០០ដើម ដើម្បីរៀបចំពិធីដាំដុះនាពេលនេះផងដែរ៕