(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤១ នៃការបង្កើតធនាគារជាតិឡើងវិញ។ ក្នុងឱកាសនោះលោកជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការសម្រេចបង្កើត ធនាគារកណ្តាល និងរូបិយវត្ថុជាតិឡើងវិញយ៉ាងឆាប់រហ័ស គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤១ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ១០ តុលា ១៩៧៩-១០ តុលា ២០២០ត្រូវបានរៀបចមឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ក្រោមការចូលរួមពីលោក ជា ចាន់តូ។

លោក ជា ចាន់តូ ឲ្យដឹងថា គិតមកដល់ពេលនេះមាន រយៈពេល៤១ឆ្នាំហើយ ដែលធនាគារកណ្តាល ត្រូវបានបង្កើតឡើងវិញ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ បន្ទាប់ពីប្រទេសជាតិនិងប្រជាជនកម្ពុជា បានសង្គ្រោះឲ្យរួចចាកផុតចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ 

លោក ជា ចាន់តូ ក៏បានបញ្ជាក់ពីប្រវត្តិសាស្ត្ររបស់កម្ពុជានៅក្នុងកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្កើតប្រព័ន្ធរូបិយវត្ថុ ដើម្បីពង្រឹងអធិបតេយ្យជាតិ និងអភិវឌ្ឍសេដ្ឋកិច្ច ឲ្យអ្នកជំនាន់បានដឹងផងដែរ។ ជាក់ស្ដែងដូចកាលឆ្នាំ១៩៩២ ធនាគារកណ្តាល ត្រូវបានប្តូរឈ្មោះទៅជា «ធនាគារជាតិនៃកម្ពុជា» វិញដើម្បីឲ្យស្របពេលដែល វិស័យសេដ្ឋកិច្ច បានវិវត្តរីកចម្រើនដោយផ្អែកលើយន្តការទីផ្សារហើយក៏បានប្រែក្លាយ ជាលំដាប់ទៅរកប្រព័ន្ធធនាគារ២ថ្នាក់ ដែលបានអនុញ្ញាតឲ្យធនាគារកណ្តាល ពង្រឹងតួនាទីជាអាជ្ញាធររូបិយវត្ថុជាតិ និងអាជ្ញាធរ ត្រួតពិនិត្យ ប្រព័ន្ធធនាគារ។

លោកបន្ដថា កាលនោះដើមទុនធនាគារជាតិនៃកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ពី៥ប៊ីលានរៀល នៅឆ្នាំ១៩៩២ ដល់១០០ប៊ីលានរៀល នៅឆ្នាំ២០០០។

លោក ជា ចាន់តូ បានបន្តទៀតថា ចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០១៣ ធនាគារជាតិនៃកម្ពុជា បានខិតខំ ប្រឹងប្រែងស្វែងរកទ្រព្យសម្បត្តិជាតិនៅក្រៅ
ប្រទេសដែលជាកេរមរតក មុនឆ្នាំ១៩៧៥ ហើយបានទទួលមកវិញដូចមាស និងរូបិយប័ណ្ណមួយចំនួនទៀត ដែលត្រូវបានរក្សា ទុកនៅក្រៅប្រទេស។ បច្ចុប្បន្ននេះ ដោយសារការរីក ចម្រើនឥតឈប់ឈរនៃសេដ្ឋកិច្ចកម្ពុជា ធនាគារជាតិនៃកម្ពុជា បានគរពូនទុនបម្រុងអន្តរជាតិ ឲ្យកើនឡើងជាលំដាប់ រហូតដល់ ២០ប៊ីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃ១០ ខែតុលា ឆ្នាំ២០២០ ដែលមានកម្រិតស្មើនឹង១០ខែ នៃការនាំចូលទំនិញនិងសេវា ខ្ពស់ជាង៣ដង នៃកម្រិតអប្បបរមា ដែលប្រទេស កំពុងអភិវឌ្ឍន៍គួរមាន(៣ខែ)។

លោក ជា ចាន់តូ បានគូសរំលេចឲ្យឃើញដែរថា បន្តបន្ទាប់មកទៀតចាប់ពីឆ្នាំ២០០០មកប្រព័ន្ធធនាគារបានអភិវឌ្ឍយ៉ាងឆាប់រហ័សប្រកបដោយស្ថិរភាព ក្រោយពីការកែទម្រង់វិស័យធនាគារ ត្រូវបានបញ្ចប់ដោយជោគជ័យ។ លើសពីនេះប្រព័ន្ធធនាគារ ក៏ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ និងបានរួមចំណែកស្នូលក្នុងការរក្សា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច,គាំទ្រកំណើនសេដ្ឋកិច្ច,លើកកម្ពស់បរិយាបន្នសេដ្ឋកិច្ច និងសង្គម និងកាត់បន្ថយភាពក្រីក្រ។

លោកបញ្ជាក់ថា ជារួមនៅក្នុងរយៈពេល២ទសវត្សរ៍នេះ អត្រាអតិផរណា ត្រូវបានគ្រប់គ្រងឲ្យមានកម្រិតទាបប្រមាណ២.៥% ជាមួយនឹងស្ថិរភាពល្អប្រសើរនៃអត្រាប្តូរប្រាក់ក្នុងរង្វង់ ៤,០៥០រៀល ក្នុងមួយដុល្លារអាមេរិក។ ចំណែកទ្រព្យសកម្មវិស័យធនាគារ បានកើនឡើងយ៉ាងឆាប់រហ័ស ពីប្រមាណត្រឹមតែ០.៥ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៨ ដល់៥៦ប៊ីលានដុល្លារអាមេរិក នាពេលបច្ចុប្បន្ន គឺកើនឡើងប្រមាណ១១២
ដង។

លោកបន្ថែមថា ចំពោះឥណទានវិស័យធនាគារ ដែលត្រូវបានបែងចែកទៅកាន់គ្រប់វិស័យនៃសេដ្ឋកិច្ច និងប្រាក់បញ្ញើក្នុងស្រុកបានកើនឡើង១,៦៥ដងដូចគ្នាគឺពីចំនួនប្រមាណតែ០.២ប៊ីលានដុល្លារអាមេរិក ដល់ជាង៣៣ប៊ីលានដុល្លារអាមេរិក ប្រព័ន្ធធនាគារ។ បច្ចុប្បន្នធនាគារជាតិនៃកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរួមចំណែកបង្ការទប់ទល់ និងគ្រប់គ្រងវិបត្តិ និងបានរួមចំណែកជំរុញសមាហរណកម្ម សេដ្ឋកិច្ចកម្ពុជា ទៅក្នុងតំបន់ ដោយបានជំរុញការធ្វើសេរីភាវូបនីយកម្មសេវាធនាគារ និងបានតភ្ជាប់ប្រព័ន្ធទូទាត់តាមបច្ចេកវិទ្យាថ្មីៗ ដែលបានជួយសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ថែមទៀតផង៕