(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាមួយ ឱ្យអង្គភាពនគរបាលគ្រប់រាជធានី-ខេត្ត ត្រៀមខ្លួន២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ខណៈដែលកម្លាំងនគរបាល ក៏បានចេញប្រតិបត្តិការសង្គ្រោះ នៅខេត្តចំនួន៤រួចហើយផងដែរ។ នេះបើតាម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។
បទបញ្ជាអគ្គស្នងការនគរបាលជាតិ បានធ្វើឡើងខណៈដែលបណ្តាខេត្តមួយចំនួន នៅភាគខាងលិចប្រទេសកម្ពុជា កំពុងរងគ្រោះដោយទឹកជំនន់ ដែលបណ្តាលមកពីធ្លាក់ភ្លៀងខ្លាំងជាបន្តបន្ទាប់ ខណៈដែលការព្យាករណ៍បានបញ្ហាថា នឹងមានភ្លៀងថែមទៀត នៅកម្ពុជា។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា ដោយសារកម្ពុជា មានស្ថានភាពទឹកជំនន់បានហក់ឡើងទៀត ជាពិសេសខេត្តពោធិ៍សាត់ ដោយបានលិចផ្លូវជាតិលេខ៥ ផងនោះ ទើបអគ្គស្នងការដ្ឋានមានក្តីបារម្ភ ដែលត្រូវត្រៀមកងកម្លាំងគ្រប់ពេលវេលា គ្រប់ទីកន្លែង ដើម្បីចេញប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋ ឱ្យទាន់ពេលវេលា។
លោកអះអាងថា «ដូច្នេះដើម្បីកុំឱ្យបាត់ភាពម្ចាស់ការ យើងបានត្រៀមកម្លាំងគ្រប់អង្គភាព គ្រប់ស្នងការរាជធានីខេត្ត ឱ្យត្រៀមកម្លាំងទាំងមធ្យោបាយ និងសម្ភារៈទាំងអស់ ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ឬក៏ជួយគ្នាទៅវិញទៅមក សម្រាប់នៅទីតាំងភូមិសាស្រ្តដែលនៅជាប់គ្នា ដោយត្រៀម២៤ម៉ោងលើ២៤ម៉ោង»។
ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា សម្រាប់នៅខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ កងកម្លាំងនគរបាលតាមមូលដ្ឋាន បាននិងកំពុងចេញប្រតិបត្តិការ ក្នុងការសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ផងដែរ៕