(ភ្នំពេញ)៖ លោក អុិត សំហេង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌបឹងកេង រដ្ឋបាលខណ្ឌបឹងកេងកង និងសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ មន្ត្រីនគបាលប៉ុស្តិ៍ និងប្រធានភូមិទាំង ៩ នៃសង្កាត់បឹងកេងកងទី១។
ការសំណេះសំណាលនេះ គឺដើម្បីពិនិត្យលើ៖ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដំណើរការនៃការផ្ទៀងផ្ទាត់ឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតថ្មី ការគ្រប់គ្រង និងបង្ការជំងឺកូវីដ-១៩ នៅក្នុងដែនរដ្ឋបាលសង្កាត់បឹងកេងកងទី១ និងបញ្ហាកកស្ទះការប្រមូលសំរាមក្នុងសង្កាត់បឹងកេងកងទី១ ក៏ដូចជារាជធានីភ្នំពេញទាំងមូល។
ក្រោយពីបានស្ដាប់នូវរបាយការណ៍របស់ លោកស្រី ប្រាក់ ម៉ាលី ចៅសង្កាត់បឹងកេងកងទី១ និងមតិនានា របស់ក្រុមប្រឹក្សាសង្កាត់បឹងកេងកងទី១ លោក អ៉ិត សំហេង បានសម្តែងនូវការកោតសរសើរ និងអរគុណដល់ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ និងមន្ត្រីទាំងអស់ រួមទាំងមន្ត្រីនគរបាលនៅក្នុងសង្កាត់បឹងកេងកងទី១ ដែលកន្លងទៅនេះ បានខិតខំយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងបានចុះណែនាំប្រជាពលរដ្ឋឲ្យមកពិនិត្យឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតថ្មី គោរពនូវវិធានការណ៍នានារបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។
នាពេលថ្មីៗនេះ រដ្ឋបាលសង្កាត់បានខិតខំដោះស្រាយនូវបញ្ហានៃការកកស្ទះសំរាមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អ ដោយប្រើប្រាស់នូវកម្លាំងសរុប និងមធ្យោបាយសរុប។
លោកត អុិត សំហេង ក៏បានផ្ដាំផ្ញើដល់លោកស្រីចៅសង្កាត់ សមាជិកក្រុមប្រឹក្សា និងមន្ត្រីនគរបាលសង្កាត់បឹងកេងកងទី១ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងបន្តចុះណែនាំប្រជាពលរដ្ឋឲ្យរក្សានូវវិធានអនាម័យ និងគម្លាតសង្គមដែលក្រសួងសុខាភិបាលបានកំណត់ ដើម្បីធានានូវសុវត្ថិភាព និងសុខភាពជូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ រដ្ឋបាលសង្កាត់ត្រូវបន្តក្តាប់សំណូមពរ និងដោះស្រាយសំណូមពរនានាជូនបងប្អូនប្រជាពលរដ្ឋជាប្រចាំ និងត្រូវរាយការណ៍ជូនទៅខណ្ឌដើម្បីជ្រាប និងដោះស្រាយប្រសិនជាចាំបាច់៕