(ភ្នំពេញ)៖ គណៈគ្រប់គ្រងនៃភូមិវប្បធម៌កម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានច្រានចោលទាំងស្រុង នូវការផ្សព្វផ្សាយព័ត៌មានមិនពិត មិនត្រឹមត្រូវរបស់សារព័ត៌មានក្នុងស្រុកមួយ និងប្រកាសពីជំហររបស់ក្រុមហ៊ុន ចំពោះការដោះស្រាយករណីកូដកម្ម របស់កម្មករនិយោជិតចំនួន៦៩នាក់។
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ភូមិវប្បធម៌កម្ពុជាទាំងស្រុង៖
គណៈគ្រប់គ្រងនៃភូមិវប្បធម៌កម្ពុជា សូមជម្រាបជូនដល់សាធារណៈជនឱ្យបានជ្រាបថា៖ ក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា សូមច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានមិនពិត មិនត្រឹមត្រូវ របស់កាសែតក្នុងស្រុកមួយ ដែលចេញផ្សាយកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ស្តីអំពី «និយោជិតភូមិវប្បធម៌កម្ពុជាបន្តការតវ៉ាអំពាវនាវដល់អាជ្ញាធរចរចារជាមួយក្រុមហ៊ុន» និងសូមបញ្ជាក់គោលជំហររបស់ក្រុមហ៊ុនក្នុងការរកដំណោះស្រាយករណីកូដកម្មនៅភូមិវប្បធម៌។
១៖ ការលើកឡើងថា ក្រុមហ៊ុនមិនមានឆន្ទៈក្នុងការចចារ និងគ្មានដំណោះស្រាយអ្វីឡើយជាមួយកម្មករនិយោជិត គឺមិនពិតនោះទេ។ ក្រុមហ៊ុនភូមិវប្បធម៌កម្ពុជាបានបន្ទន់ឥរិយាបថចរចាជាមួយភាគីកូដករជាច្រើនដងមក ហើយ។ ក្នុងកិច្ចចរចាកន្លងមក ក្រុមកូដករ បានលើកសំណើមកក្រុមហ៊ុន ចំនួន ៣ចំណុច តាមរយៈអភិបាលខេត្តរង ហើយក្រុមហ៊ុនបានទទួលយកសំណើទាំងនោះមកពិចារណារួចហើយ ក្នុងគោលបំណងតែមួយគត់គឺបញ្ចប់វិវាទ និងសុំឱ្យក្រុមកូដករចូលបម្រើរការងារដូចដើមវិញ តែក្រោយមកក្រុមកូដករបែរជាកែប្រែជំហររបស់ខ្លួនរហូត ជាហេតុនាំឱ្យកិច្ចចចារជាច្រើនលើកបរាជ័យ។ ជាលទ្ធផល ក្រុមហ៊ុនបានឯកភាពមានចំនួន០២ចំណុចគឺ៖ ទី១ក្រុមហ៊ុនឯកភាពរៀបចំការចរចាអនុសញ្ញារួម បន្ទាប់ពីក្រុមកូដករចូលបម្រើការងារដូចធម្មតាវិញ និងទី២. ក្រុមហ៊ុនឯកភាពរៀបចំគណៈកម្មការបង្កើតស្នាដៃសិល្បះបន្ថែមការងារទៅលើតួនាទីរបស់បុគ្គលិកដែលមានកន្លងមកចំនួន០៥នាក់។
លើកលែងតែ ចំណុចស្តីពីការសងប្រាក់ឈ្នួល២០% ថ្លៃអាហារ២៥$ និងប្រាក់ឧបត្ថម្ភជីវភាព៥$ តែប៉ុណ្ណោះ។ ប៉ុន្តែភាគីកូដករនៅតែទាមទារដាច់ខាតត្រូវតែបាន០៣ចំណុចទាំងអស់ព្រមគ្នា ទើបក្រុមកូដករ យល់ព្រមចូលធ្វើការវិញ និងឈប់ធ្វើកូដកម្មបន្តទៀត។ ពាក់ព័ន្ធនឹងប្រាក់ឈ្នួល ថ្លៃអាហារ ប្រាក់ឧបត្ថម្ភជីវភាពខាងលើ ជាច្រើនលើកច្រើនសារក្រុមហ៊ុន បានស្នើសុំឱ្យថ្នាក់ដឹកនាំសហជីព និងក្រុមកូដករ សុំធ្វើការចចារនៅក្រោយដែលពួកគាត់ចូលធ្វើការ ដោយក្តីរំពឹងថា នាពេលខាងមុខស្ថានភាពសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ក៏ដូចជាការធូរស្រាលនៃជំងឺកូវីដ-១៩ បានប្រសើរ លំហូរនៃភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមានដូចដើមវិញ ក្រុមហ៊ុនសង្ឃឹមយ៉ាងមុតមាំថាក្រុមហ៊ុនអាចមានលទ្ធភាពផ្តល់ជូនក្រុមកូដករ ក៏ដូចជាបុគ្គលិកដទៃផ្សេងទៀតក្នុងភូមិវប្បធម៌ទាំងអស់គ្នា។ ផ្ទុយទៅវិញ អ្វីដែលក្រុមហ៊ុនទទួលបាន គឺការខកចិត្តយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំសហជីព ក៏ដូចក្រុមកូដករ ដែលមិនមានការយោគយល់ដល់ក្រុមហ៊ុន ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ ខណៈពេលដែលក្រុមហ៊ុនជួបប្រទះនូវការលំបាកផ្នែកហិរញ្ញវត្ថុជាខ្លាំង។
ជាងនេះទៅទៀត ក្រុមកូដករ បែរជាព្យាយាមប្រមូលផ្តុំគ្នាធ្វើកូដកម្ម នាំគ្នាសម្រុកចូលខាងក្នុងក្រុមហ៊ុនដោយមិនមានការអនុញ្ញាត រួមទាំងបានប្រើប្រាស់ឧបករណ៌បំពងសម្លេង ការចាក់ភ្លេងខ្លងខែក ការលើកបដា ការស្រែកតវ៉ាឡូឡា និងអុជធូបជាដើម។ កូដកម្មនេះបានដង្ហែរមកកាន់ទីតាំងការិយាល័យរដ្ឋបាល ដែលបណ្តាលឱ្យបុគ្គលិកដែលកំពុងធ្វើការមានភាពតក់ស្លុត ភិតភ័យ និងមិនមានស្មារតីល្អនៅក្នុងការបំពេញការងារនោះទេ ជាពិសេស គឺភ្ញៀវទេសចរដែលបានចូលមកទស្សនានៅក្នុងរមណីយដ្ឋានភូមិវប្បធម៌កម្ពុជា ក៏ដូចជាធ្វើឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅលើដងផ្លូវ និងសុខសន្តិភាព សណ្ដាប់ធ្នាប់សង្គមជាខ្លាំង។
២៖ ខណៈពេលផ្ទុះជំងឺកូដវីដ-១៩ ដោយគិតអំពីស្ថានភាព ជីវភាពរស់នៅរបស់បុគ្គលិកទាំងអស់ និងមានមនោសញ្ជេតនាអាណិតអាសូរ ក្រុមហ៊ុនសម្រេចមិនព្យួរកិច្ចសន្យា និងមិនកាត់បន្ថយចំនួនបុគ្គលិកនោះទេ។ ក្រុមហ៊ុន បានលើកសំណើកាត់បន្ថយប្រាក់ខែចំនួន ២០ ភាគរយ និងកាត់បន្ថយចំនួនម៉ោងការងាររបស់បុគ្គលិកចំនួន ១ម៉ោង និង៣០នាទីដូចគ្នា ដោយប្រធានផ្នែកនីមួយៗបានបំពេញកិច្ចចរចាទាំងអស់នេះជាមួយបុគ្គលិកតាមផ្នែករបស់ខ្លួនរៀង ខ្លួនៗ។ ក្រុមហ៊ុនភូមិវប្បធម៌កម្ពុជាមានកម្មករនិយោជិតដែលកំពុងបម្រើការងារចំនួន៣០៩នាក់ ប៉ុន្តែមានតែកម្មករនិយោជិតចំនួនតែ៦៩នាក់ប៉ុណ្ណោះ ដែលធ្វើការចូលរួមតវ៉ាទាមទារ។
ក្រោយកូដកម្មកើតឡើង ក្រុមហ៊ុនបានដាក់លិខិតប្រកាសដល់កម្មករនិយោជិតដែលកំពុងធ្វើកូដកម្មចំនួន០២ដងរួចមកហើយ ដោយស្នើសុំឱ្យកូដករទាំងអស់ចូលមកបម្រើការងារជាធម្មតាវិញ និងការជជែកផ្ទាល់ជាច្រើនដងពីគណៈគ្រប់គ្រងភូមិវប្បធម៌ និងថ្នាក់ដឹកនាំជាន់ខ្ពស់ផងដែរ។ ប៉ុន្តែថ្នាក់ដឹកនាំសហជីព មិនពិចារណាចំពោះសំណើរបស់ក្រុមហ៊ុន ភ្ជាប់ជាមួយដំណោះស្រាយជាវិជ្ជមានដែលជាផលប្រយោជន៍របស់ក្រុមកូដករទាំងអស់នោះទេ។ ការចរចាកន្លងមក ក្រុមហ៊ុនតែងតែឃើញលទ្ធផលជាវិជ្ជមាន និងក្តីសង្ឃឹមក្នុងការសះជា ប៉ុន្តែនៅពេលក្រុមហ៊ុនយល់ព្រមតាមសំណើដែលក្រុមកូដករស្នើមកក្រុមហ៊ុនរួចរាល់ហើយ បែរជាមានការផ្លាស់ប្តូរជំហរវិញរហូត។ ហេតុការណ៍នេះ ហាក់បង្ហាញពីភាពមិនប្រក្រតីជុំវិញឆន្ទៈរបស់កូដករខ្លួនឯងផ្ទាល់ ក៏ដូចជាគោលជំហររបស់ថ្នាក់ដឹកនាំសហជីពចំពោះការទាមទារផលប្រយោជន៍មួយនេះ។
សូមបញ្ជាក់ថា រមណីយដ្ឋានភូមិវប្បធម៌កម្ពុជាបានចូលរួមគាំទ្រយ៉ាងសកម្ម ចំពោះការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលមកទស្សនានៅខេត្តសៀមរាបកន្លងមក។ ប៉ុន្តែ ដោយមានសកម្មភាព និងរូបភាពកូដកម្មខុសពីនីតិវិធី បែបនេះ បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេស គឺមុខមាត់ខេត្តសៀមរាបតែម្តង៕