(ភ្នំពេញ)៖ លោក ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ និងជាប្រធានលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ព្រមទាំងលោកស្រី ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននាំយកអំណោយ មកជួយដល់ពលរដ្ឋដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ដែលបាននិងកំពុងធ្វើឲ្យមានការផលប៉ះពាល់ ដល់ពលរដ្ឋរស់នៅក្រុងពោធិ៍សាត់ ជិត១ពាន់នាក់។

សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងនៅថ្ងៃ១១ ខែតុលា ឆ្នាំ២០២០នេះ ដោយមានការអញ្ជើញចូលរួម ពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់, ក្រុមមន្ត្រីនៃលេខាធិការដ្ឋាន គ្រោះមហន្តរាយនៃក្រសួងមហាផ្ទៃ, ព្រមទាំងមន្ត្រីហែរហមជាច្រើននាក់ផ្សេងទៀត ក្នុងនោះ ក៏ឃើញមានក្រុមយុវជន យុវតីមកជួយខ្នះខ្នែង ក្នុងសកម្មភាពមនុស្សធម៌នេះផងដែរ។

ស្ថិតនៅក្នុងពិធីប្រគល់អំណោយមនុស្សនេះ លោក ស៊ាង ប៊ុនលាង បានប្រាប់ពលរដ្ឋពីតម្លៃនៃសន្តិភាព ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា តស៊ូប្រឹងប្រែងយកជីវិតទៅប្ដូរ ដើម្បីសុខសន្តិភាព មានការអភិវឌ្ឍន៍ ការរីកចំរើន តាំងពីបាតដៃទទេរហូតដល់មានបានដូចសព្វថ្ងៃនេះ។
បានរំដោះប្រជាជនពីរបបអាវខ្មៅ ដែលបានធ្វើបាបប្រជាពលរដ្ឋ ប៉ុន្តែចាប់តាំងពីការដឹកនាំ របស់គណបក្សប្រជាជន មកកម្ពុជាយើងឃើញមានការផ្លាស់ប្ដូរ មុខមាត់យ៉ាងធំធេង ពីប្រទេសក្រីក្រ ឥលូវប្រែក្លាយជាប្រទេសមានសេដ្ឋកិច្ចលូតលាស់ ប្រជាជនមានជីវភាពធូរធារកាន់តែច្រើនឡើងៗ ។

លោករដ្ឋលេខាធិការ ក៏បានថ្លែងផងដែរថា «ទីណាមានទុក្ខលំបាក ទីនោះ មានគណបក្សប្រជាជនកម្ពុជា» ដែលតែងតែគិតគូរយកចិត្តទុកដាក់ ជួយសង្រ្គោះប្រជាពលរដ្ឋគ្រប់ៗគ្នា ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយ ឬកាន់សាសនាអ្វីឡើយ ពោលគឺជួយគ្រប់ប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះ ទោះនៅទីណាក៏ដោយ។

លោកលេខាធិការ ក៏បានផ្ដាំផ្ញើឲ្យពលរដ្ឋ ដែលកំពុងរងគ្រោះ សូមរក្សាអនាម័យឲ្យបានល្អ ដោយត្រូវអនុវត្តន៍តាមវិធានការកូវីដ-១៩ របស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ដ្បិតរាជរដ្ឋាបាលកម្ពុជា បានមានសមត្ថភាពគ្រប់ ក្នុងការទប់ស្កាត់មែនពិត ប៉ុន្តែសូមពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នឲ្យបានខ្ពស់។

គួរជម្រាបជូនថា សកម្មភាពមនុស្សធម៌នេះ ទទួលបានការអបអរសាទរ យ៉ាងពន់ពេកពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះនឹងជំនន់ទឹកភ្លៀងនេះ ហើយក៏បានលើកម្រាមដៃ១០ប្រណម អរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ ជួយដល់ប្រជាជនគ្រប់ៗគ្នា ដោយមិនរើសអើងឡើយ។

ស្ថិតក្នុងឱកាសនេះ លោក ស៊ាង ប៊ុនលាង និងលោកស្រី ហ៊ុន ប៊ុនធឿន ក៏បានឧបត្ថម្ភដល់រដ្ឋបាលខេត្តពោធិ៍សាត់ ចំនួន១ម៉ឺនដុល្លារ គ្រឿងឧបភោគបរិភោគ អាវភ្លៀង ជេលលាងដៃ និងថ្នាំសង្កូវការពារជំងឺផ្សេងៗផងដែរ៕