(ភ្នំពេញ)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឧបត្ថម្ភអង្ករ២០តោន ដល់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក្នុងចូលរួមសង្គ្រោះ ទឹកជំនន់នៅក្នុងខេត្ត ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ នេះបើតាមការបញ្ជាក់ របស់មន្ដ្រីរដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ។
សូមជម្រាបថា ដោយស្ថានភាពទឹកទំនន់ ក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេល៦ថ្ងៃមកនេះ ក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ បង្កឲ្យមានជំនន់ទឹកភ្លៀង តាមដងស្ទឹងពោធិ៍សាត់ ចំនួន ៥ក្រុង/ស្រុក។
នៅក្នុងក្រុងពោធិ៍សាត់ បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឲ្យលិចលង់ផ្លូវមួយចំនួន នៅក្នុងក្រុងពោធិ៍សាត់ ជាពិសេសលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុច គីឡូម៉ែត្រ១៨៦ ដល់គីឡូម៉ែត្រ ១៩៣ ត្រូវបានលិច។
ព្រោះតែការជន់លិចនេះ រដ្ឋបាលខេត្ត សម្រេចផ្អាកការធ្វើចរាចរណ៍ទាំងស្រុង ចំពោះរថយន្តធុនធំ ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី៕
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល