(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកស្រី ងួន សុខា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម។

លោកស្រី នួន សុខា ភរិយាលោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលមរណភាពកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នាវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ក្នុងជន្មាយុ៥៩ឆ្នាំ ដោយរោគាពាធ។

ប្រតិភូក្រសួងពាណិជ្ជកម្ម មានសេចក្តីក្រៀមក្រំ សោកស្តាយ អាឡោះអាល័យជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព។

លោក ប៉ាន សូរស័ក្តិ បានចាត់ទុកមរណភាពលោកស្រី នួន សុខា ជាការបាត់បង់ឧត្តមភរិយា បាត់បង់ម្តាយ ជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូបរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមក លោកស្រី បានខិតខំប្រឹងប្រែងបម្រើជាតិ មាតុភូមិ ប្រកបដោយឆន្ទៈ និងមនសិការខ្ពស់។

ទន្ទឹមនឹងនេះ លោក ប៉ាន សូរស័ក្តិ និងប្រតិភូក្រសួងពាណិជ្ជកម្ម បានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារលោក ពេជ ឫទ្ធី និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្កិសិទ្ធិក្នុងលោក ព្រមទាំងទេព្តាទាំងមួយម៉ឺនលោកធាតុ ប្រោះព្រំប្រសិទ្ធិពរដល់វិញ្ញាណក្ខន្ធ លោកស្រី ងួន សុខា បានទៅចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕