(កណ្តាល)៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី (ក.ស.ក.ន.ស) បានរៀបចំយុទ្ធនាការយុវនារីវ័យក្មេង ឆ្ពោះទៅរកភាពជាអ្នកដឹកនាំ (#Girl2leadercambodia) នៅវិទ្យាល័យកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួម ជាគណៈអធិបតីរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធាន ក.ស.ក.ន.ស។
ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមថ្លែងបទអន្តរាគមន៍ និងបទបង្ហាញដោយវាគ្មិនសំខាន់ៗ ដូចជាលោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយស្រ្តី និងជាឯកអគ្គរាជទូត WPL លោកស្រី ឃួន ឃុនឌី សមាជិការព្រឹទ្ធសភា លោកស្រី ត្រឹង ថាវី អនុប្រធានគណៈ កម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា លោកស្រី តឹក រ៉េតកំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងដោយមានការចូលរួម ពីថ្នាក់ដឹកនាំ-មន្រ្តី នៃវិទ្យាស្ថានសភាកម្ពុជា សិស្សានុសិស្សា និងលោកគ្រូអ្នកគ្រូវិទ្យាល័យកំពង់ភ្នំ និងមន្រ្តីរាជការ កងកំលាំងជុំវិញស្រុក សរុបប្រមាណ ២៤៥រូប។
សូមជម្រាបផងដែរថា ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី នៃសភាកម្ពុជា (ហៅកាត់ថា កសកនស) ជាសេនាធិការរបស់សភា ដែលមានគោលដៅអនុវត្ត គោលនយោបាយ លើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តីចូលរួមក្នុងវិស័យនយោបាយ និងសកម្មភាពនានារបស់សង្គមនៅគ្រប់កំរិត។
នាពេលកន្លងមកសមាជិកសភាជាស្រ្តី បានទៅចូលរួមកិច្ចប្រជុំ មេដឹកនាំនយោបាយស្រ្តីពិភពលោកលើកទី១៩ «Women Political Leader» នៅឯទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលកិច្ចប្រជុំនេះប្រារព្ធឡើងដើម្បីប្រមូលផ្តុំនូវសំឡេង និងបញ្ហាប្រឈមនានារបស់ស្រ្តីលើពិភពលោក រាយការណ៍ជូនកិច្ចប្រជុំG20 ដើម្បីឱ្យមេដឹកនាំពិភពលោកចូលរួមលើកកម្ពស់សមភាពយេនឌ័រ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកាសភា អង្គការ WPL ក៏បានបន្តទំនាក់ទំនងជាមួយ កនកស ដោយបានស្នើឲ្យរដ្ឋសភាកម្ពុជាដឹកនាំធ្វើ «យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ» ក្នុងប្រទេសកម្ពុជា ដែលភាសាអង់គ្លេសហៅថា «Girl2Leader Cambodia»។
គួរបញ្ជាក់ផងដែរថា ចំណុចសំខាន់នៃយុទ្ធនាការគឺ ផ្សព្វផ្សាយតាមបណ្តាញសង្គម ដើម្បីផ្តល់ព័ត៌មានឲ្យមានលក្ខណៈទូលំទូលាយ និងបានឬដល់ស្រី លើសកលលោក ព្រមទាំងបណ្តុះគំនិតឲ្យក្មេងស្រីទាំងនោះមានក្តីសុបិន្ត និងយកគម្រូតាមអ្នកនយោបាយជាស្រ្តី នៅលើពិភពលោក (women role model) តាមរយៈការណែនាំ អំពីបទពិសោធន៍ ជីវិតនយោបាយផ្ទាល់ខ្លួនរបស់អ្នកនយោបាយជាស្រ្តី។ បណ្តាញសង្គមទាំងនោះ រួមមាន facebook, twitter, instagram និង Youtube ជាដើម។
នៅក្នុងសុន្ទរកថាស្វាគមន៍របស់លោកស្រី ឡោក ខេង បានជម្រាបជូនពីប្រវត្តិសវតាររបស់អង្គការ WPL ដែលបានអញ្ជើញសមាជិកសភាជាស្រ្តីមកពីប្រទេសចំនួន ៧០ នៅគ្រប់តំបន់ទូទាំងពិភពលោក ដើម្បីរួមគ្នារកដំណោះស្រាយបញ្ហាប្រឈមនានា ដែលស្រ្តីនៅក្នុងពិភពលោកនៅតែបន្តជួបប្រទះដូចជា គម្លាតយេនឌ័រ បញ្ហាប្រឈមនៃការវិវដ្ត ជាពិសេសរនាំងរារាំងវត្តមានស្ត្រីចូលរួមក្នុងវិស័យ នយោបាយជាដើម។
លោកស្រីក៏បានជម្រាបជូនអង្គពិធីផងដែរ នូវរបាយការណ៍សង្ខេបពីកិច្ចខិតខំប្រឹងប្រែង បទពិសោធន៍ ក៏ដូចជាស្នាដៃ និងសមិទ្ធផលដែលសមាជិកាសភាកម្ពុជា បានអនុវត្តកន្លងមកក្នុងប្រទេសកម្ពុជា។
លោកស្រីបានគូសបញ្ជាក់ជូនអង្គពិធីសារៈសំខាន់ និងគុណតម្លៃនៃវេទិកា Girl2Leader នេះ ដោយយុទ្ធនាការនេះ ពិតជាឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ ពីភាពចាំបាច់របស់អ្នកដឹកនាំជាស្រ្តី ក្នុងវិស័យនយោបាយនៅគ្រប់កម្រិតនៃស្ថាប័នជាតិ វិស័យឯកជន និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជាអ្នកដឹកនាំ ជាពិសេសអ្នកធ្វើគោលនយោបាយ ដើម្បីស្របទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។
លោកស្រី បានបន្ថែមថាកាលណាភាគរយនៃស្រ្តីជាអ្នកដឹកនាំ ឬអ្នកធ្វើគោលនយោបាយ មានកាន់តែច្រើន ពេលនោះ បញ្ហា ឬក្តីកង្វល់របស់ស្រ្តី នឹងត្រូវបានលើកកម្ពស់ និងចាត់ទុកជាអាទិភាពខ្ពស់ក្នុងការសម្រេច និងដោះស្រាយ។
បន្ទាប់ពីបានស្តាប់នូវសុន្ទរកថាស្វាគមន៍រួចមក លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី បានអញ្ជើញឡើងថ្លែង ដើម្បីចែករំលែកនូវគោលគំនិតសំខាន់ៗបន្ថែមក៏ដូចជាផ្តល់នូវអនុសាសន៍ប្រកបដោយខ្លឹមសារដ៏មានអត្ថន័យ។
លោកស្រីបានសម្តែងនូវការគំាទ្រដល់យុទ្ធនាការនេះ ដោយបានគូសបញ្ជាក់ថា ទោះបីនេះជាយុទ្ធនាការលើកទី៤ ដែលសភាកម្ពុជាបានធ្វើ ប៉ុន្តែសកម្មភាពលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ត្រូវបានអនុវត្តជាយូរឆ្នាំណាស់មកហើយ ជាពិសេស បានចែងយ៉ាងច្បាស់នៅក្នុងយុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាល នៅគ្រប់ដំណាក់កាល។ ស្រ្តីនៅកម្ពុជាត្រូវបានជំរុញលើកទឹកចិត្តទំាងក្នុងវិស័យឯកជន និងរដ្ឋ។ ស្រ្តីនៅកម្ពុជាបានក្លាយជាអ្នកដឹកនាំក្នុងជួរកងកម្លំាងប្រដាប់អាវុធ ជាអ្នកនយោបាយ ជាពាណិជ្ជករ និងបានដឹកនាំក្នុងវិស័យផ្សេងៗទៀត៕