(ភ្នំពេញ)៖ យោងតាមអនុសាសន៍របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានចេញបទបញ្ជាឲ្យកងឯកភាពចំណុះកងទ័ពជេីងគោកត្រៀមកម្លាំង សម្ភារះសង្គ្រោះ និងមធ្យោបាយដឹកជញ្ជូនសម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋតាមបណ្តាខេត្តនីមួយៗ។
ឆ្លើយតបនឹងបទបញ្ជាខាងលើនេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ក្នុងទីបញ្ជាការកងពល បានដាក់បទបញ្ជាមួយបន្ទាន់ឲ្យកម្លាំងទ័ពទាំងអស់កងពល រួមជាមួយជំនាញកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ ត្រៀមខ្លួន២៤ម៉ោង លើ២៤ម៉ោង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ខណៈដែលកម្លាំងកងទ័ព នៃកងយោធពលខេមរភូមិន្ទ ក៏បានចេញប្រតិបត្តិការសង្គ្រោះ នៅខេត្តមួយចំនួនរួចហើយផងដែរ។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបន្ថែមថា កម្លាំងទ័ពទាំងអស់ រួមជាមួយជំនាញកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ របស់កងពលបានត្រៀមខ្លួន និងត្រៀមសម្ភាររួចជាស្រេចក្នុងបេសកកម្មមួយនេះ នៅខណៈដែលរាល់ថ្ងៃតាមបណ្តាខេត្តមួយចំនួន នៅភាគខាងលិចប្រទេសកម្ពុជា កំពុងរងគ្រោះដោយទឹកជំនន់ ដែលបណ្តាលមកពីធ្លាក់ភ្លៀងខ្លាំងជាបន្តបន្ទាប់ ខណៈដែលការព្យាករណ៍បានបញ្ហាថា នឹងមានភ្លៀងថែមទៀតនៅកម្ពុជា។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបារម្ភពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជា ហើយមានការព្យាករណ៍ថា នឹងមានព្យុះចំនួន២ទៀត ដែលនឹងមកដល់ឆាប់ៗនេះ។
ដោយឡែកស្ថានភាពទឹកជំនន់ បានហក់ឡើងទៀត ជាពិសេសខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ដោយបានលិចផ្លូវជាតិលេខ៥ផងនោះ ហើយដោយមានក្តីបារម្ភជាខ្លាំង ដែលត្រូវត្រៀមកងកម្លាំងគ្រប់ពេលវេលា ដើម្បីចេញប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលា៕