(ភ្នំពេញ)៖ ក្រោយមានភ្លៀងធ្លាក់មួយមេធំ ដែលមានកំពស់ទឹកភ្លៀងប្រមាណ ១០០មីលីម៉ែត្រ ក្នុងរាជធានីនាល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ចេញរថយន្តចំនួន៦គ្រឿង ដែលទើបទទួលបានពីប្រទេសជប៉ុន ចេញប្រតិបត្តិការកើបប្រមូលសំរាមតាមមហាវិថីនានា ដើម្បីដឹកជញ្ជូនទៅកាន់ដេប៉ូសំរាម។
លោក ឃួង ស្រេង បានថ្លែងថា រថយន្តដឹកសំរាមចំនួន៦គ្រឿងនេះ ជាអំណោយរបស់ទីក្រុង Osaka ប្រទេសជប៉ុន ជូនដល់សាលារាជធានីភ្នំពេញ តាមរយៈលោក អ៊ឹង រចនា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន និងស្ថានទូតជប៉ុន ប្រចាំកម្ពុជា។
លោក ឃួង ស្រេង បានថ្លែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះមិត្តជប៉ុនដែលបានផ្តល់ជូនរថយន្ត៦គ្រឿងនេះ មករដ្ឋបាលរាជធានីភំ្នពេញទាន់ពេលវេលា ហាក់ដូចជាយើងកំពុងឃ្លានបានបាយហូប ក្នុងពេលដែលរាជធានី ជួបការលំបាកខ្វះខាតរថយន្តដឹកសំរាម។
លោកថា រថយន្តទាំង៦គ្រឿងនេះ យើងនឹងយកទៅប្រើប្រាស់ក្នុងការកើបប្រមូល និងដឹកជញ្ជូនសំរាម នៅលើមហាវិថីសំខាន់ៗ ខណៈរថយន្តដឹកសំរាម៧០គ្រឿងរបស់រដ្ឋបាលរាជធានីភ្នំពេញ និងរថយន្តនបែនផ្សេងទៀត កំពុងមមាញឹកក្នុងការប្រមូលដឹកជញ្ជូនពីតាមមូលដ្ឋានសង្កាត់ខណ្ឌទូទាំងរាជធានី។
សូមបញ្ជាក់ថា រថយន្តដឹកសំរាមចំនួន៦គ្រឿង ដែលជាអំណោយរបស់ទីក្រុង Osaka ប្រទេសជប៉ុន ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ មកប្រើប្រាស់ដើម្បីដឹកសំរាមនៅក្នុងរាជធានីភ្នំពេញ ខណៈដែលកម្មករកម្មការិនីក្រុមហ៊ុនស៊ីនទ្រី នាំគ្នាធ្វើកូដកម្មមិនព្រមប្រមូលតាំងពីរសៀលថ្ងៃ២ ខែតុលា ឆ្នាំ២០២០កន្លងមកនេះ និងនៅជាងពាក់កណ្តាលទៀតមិនព្រមចូលធ្វើការ។
រថយន្តទាំង៦គ្រឿងនេះ បានបញ្ជូនមកសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ហើយត្រូវបានលោក ឃួង ស្រេង ចាត់ចែងបញ្ជូនបន្តទៅឲ្យរដ្ឋករស័្វយតគ្រប់គ្រងសំរាម និងកាកសំណល់រឹងរាជធានីភំ្នពេញ យកទៅប្រើប្រាស់ ក្នុងការកើបប្រមូល និងដឹកជញ្ជូនសំរាម នៅលើមហាវិថីសំខាន់ៗនៅក្នុងរាជធានី។
លោក ឃួង ស្រេង ធ្លាប់បានបញ្ជាក់កាលពីប៉ុន្មានថ្ងៃកន្លងមកនេះហើយថា ក្នុងដំណាក់កាល នៃការធ្វើកូដកម្មមិនប្រមូលសំរាមពីសំណាក់កម្មករក្រុមហ៊ុនស៊ីនទ្រីនោះ អាជ្ញាធររាជធានី និងខណ្ឌទាំង១៤ បានបញ្ចេញរថយន្តដឹកសំរាម ដែលបានត្រៀមបំរុងទុកចំនួន៧០គ្រឿង និងបញ្ចេញម៉ូតូកង់បីសំរាប់ដឹកសំរាមទាំង១០៥សង្កាត់ ធ្វើសកម្មភាពប្រមូលនិងដឹកជញ្ជូនសំរាមមិនថា ថ្ងៃឬយប់ឡើយ។
លោកថា ការខិតខំនេះ ក្នុងមួយថ្ងៃយើងប្រមូលសំរាមបាន ប្រមាណ២០០០តោន ខណៈដែលនៅរាជធានីភ្នំពេញ ក្នុងមួយថ្ងៃមានសំរាមជិត៣តោន។ មានន័យថា រដ្ឋបាលរាជធានីភ្នំពេញអាចគ្រប់គ្រង ការប្រមូលសំរាមបានមួយកម្រិតធំហើយ។ លោកជឿជាក់ថា មិនយូរទេ ការប្រមូលសំរាមនឹងលែងជាបញ្ហា បើទោះបីកម្មករស៊ិនទ្រី ធ្វើកូដកម្មមិនប្រមូលសំរាមក៏ដោយចុះ៕