(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំកម្លាំងចម្រុះរួមមាន៖ ស្នងការនគរបាលខេត្ត មេបញ្ជាការយោធា កងរាជអាវុធហត្ថ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម, មន្ទីរកសិកម្ម និងអាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋមកទីទួល មានសុវត្ថិភាព និងគ្រប់គ្រងសភាពការណ៍នៅភូមិសាស្ត្រឃុំថ្មពួក ព្រំដែនកម្ពុជាថៃ ខណៈជំនន់ទឹកភ្លៀងបាននិងកំពុងហក់ឡើងខ្លាំង។
លោក អ៊ុំ រាត្រី បានឲ្យដឹងថា គឹតត្រឹមថ្ងៃទី១០ ខែតុលា ម្សិលមិញ ភ្លៀងបានបន្តធ្លាក់គ្របដណ្តប់ទូទាំខេត្តធ្វើឲ្យទឹកស្ទឹងមង្គលបុរី និងស្ទឹងសិរីសោភ័ណកើនឡើង និងទឹកបានហូរពីប៉ែកប្រទេសថៃ តាមអូរព្រំដែនបន្តកើនឡើងជាហេតុធ្វើឲ្យលិចតំបន់ទំនាប ភូមិតាមមាត់អូរ និងស្ទឹង ជាពិសេសបានធ្វើឲ្យប៉ះពាល់អាយុជីវិត និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។
លោកបានបញ្ជាក់ថា ចំពោះផលប៉ះពាល់មានចំនួន៨ក្រុង-ស្រុក ក្នុងនោះមានករណីលង់ទឹកស្លាប់៣នាក់ (កុមារ១នាក់) លិចលំនៅដ្ឋាន ១,២២៥ខ្នង បានជម្លៀស ពលរដ្ឋទៅទីទួលសុវត្ថិភាពចំនួន ២៨៤គ្រួសារ (ស្មើនឹង ១,០១៣នាក់/ ស្រី៦៣០នាក់) លិចស្រែអស់ចំនួន ១៤៨១ហិកតា ដំឡូងមី ១,០៩០ហិកតា ដំណាំរួមផ្សំមាន៣១ ហិកតា សាលារៀន ១២សាលា វត្ត០៣ ផ្លូវ៥៨កន្លែងត្រូវបានទឹកហូរកាត់ មានប្រវែង១១,៣៩៥ម៉ែត្រ។
ទន្ទឹមនឹងនោះលោកអភិបាលខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោមសូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅ ប្រកបដោយអនាម័យដើម្បីចៀសវាងកើតមានជំងឺតម្កាត់ផ្សេងៗ៕