(កំពង់ស្ពឺ)៖ រសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មានភ្លៀងមួយមេខ្លាំងបណ្តាលឱ្យទឹកភ្លៀងជន់លិច និងហូរកាត់កំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីម៉ែត្រលេខ៦៨-៦៩ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តែមិនទាន់តម្រូវឲ្យអាជ្ញាធរធ្វើការផ្អាកចរាចរណ៍នោះឡើយ។

យោងតាមក្រុមប្រជាពលរដ្ឋ ដែលរស់នៅជិតចំណុចខាងលើ បានឲ្យដឹងថា កម្ពស់ទឹកប្រមាណ ២តឹក បានហូរកាត់ប្រវែងផ្លូវជាតិជាង១០០ម៉ែត្រ។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះថា ទឹកភ្លៀងបានហូរកាត់ផ្លូវជាតិលេខ៤ ក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រ៦៨-៦៩ ពិតមែន តែរថយន្តនៅដំណើរការធម្មតាទេ។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា ករណីទឹកភ្លៀងហូរកាត់ផ្លូវខាងលើ មិនទាន់ជាជំនន់ទឹកភ្លៀងនោះទេ គឺបណ្តាលមកពីពលរដ្ឋបានចាក់ដីលុបចំណីផ្លូវ និងបិតផ្លូវទឹកទាំងអស់ទើបទឹកភ្លៀងមិនអាចហូរទៅណាបាន។ ជាមួយគ្នានេះនៅថ្ងៃនេះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានដឹកនាំមន្រ្តីចុះពិនិត្យស្ថានភាពទឹកនៅក្នុងខេត្ត និងដំណាំរបស់ប្រជាកសិករផងដែរ និងត្រៀមវិធានការផ្សេងៗ៕